en     km
en     km

អ្នកវិភាគ​៖​ យុទ្ធសាស្ត្រ​របស់​ CPP​ ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ តាម​រយៈ​យន្តការ​តុលាការ​នឹង​មិន​អាច​ឈ្នះ​ឆ្នោត​បាន​ទេ

Share

​យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដាក់​ទិស​ដៅ​ជំរុញ​ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ ចំពោះ​សកម្មភាព​ល្មើសច្បាប់​របស់​ថ្នាក់ដឹកនាំ​ មន្ត្រី​ និង​សកម្មជន​ គណបក្សប្រឆាំង​ ដើម្បី​រក្សារ​ប្រៀប​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ឆ្នាំ​ ២០១៨​។​ តែ​ អ្នកវិភាគ​មួយ​ចំនួន​យល់​ថា​យន្តការ​នេះ​ ទំនង​នឹង​មិន​អាច​ធ្វើ​ឲ្យ​ CPP​ ឈ្នះ​ឆ្នោត​ឡើយ​។​ លោក​ ធូ​ វី​រៈ​ រាយការណ៍​៖

 


(ពីឆ្វេង)​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម និង លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ
(ពីឆ្វេង)​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម និង លោក សូ ចន្ថា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ

​ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​នៅ​ក្នុង​ទីស្នាក់ការ​ធំ​របស់​គណបក្ស​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​។​

​យោង​តាម​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​  តាម​របាយការណ៍​ស្ដី​ពី​សកម្មភាព​ទូទៅ​ឆមាស​ទី​១​ និង​ទិស​ដៅ​ភារកិច្ច​របស់​គណបក្ស​ឆមាស​ទី​ ២​ នៃ​ឆ្នាំ​ ២០១៦​ បាន​សរសេរ​ថា​៖​ «​ក្នុង​ស្ថានភាព​ដែល​គណបក្សប្រឆាំង​កំពុង​មាន​វិបត្តិ​ក្បាលម៉ាស៊ីន​ដឹកនាំ​ និង​ប្រឈម​ជាមួយ​បញ្ហា​ផ្ទៃក្នុង​ជា​ច្រើន​ (​យើង​)​ ត្រូវ​បន្ត​ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​ចុះ​ខ្សោយ​តាម​រយៈ​បន្ត​នូវ​យុទ្ធសាស្ត្រ​របស់​យើង​»​។​

​របាយការណ៍​បន្ត​ថា​៖«​មុន​ និង​ក្រោយ​បោះ​ឆ្នោត​គណបក្ស​យើង​ត្រូវ​ប្រឈម​នឹង​ ការ​វាយលុក​ខ្លាំង​ពី​ពួក​ប្រឆាំង​តែ​មក​ដល់​ពេល​នេះ​ប្រៀប​បាន​ ផ្លាស់​ប្ដូរ​ហើយ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ វាយលុក​ ឯ​គណបក្សប្រឆាំង​គ្រាន់តែ​ស្ថិត​ក្នុង​ស្ថានភាព​ទប់ទល់​ប៉ុណ្ណោះ​។​  ទោះបី​ដូច្នេះ​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ត្រូវ​ចេះ​ក្ដាប់​យក​ឱកាស​ និង​ចេះ​វាយលុក​ឲ្យ​បាន​ខ្លាំង​ និង​ស្រុះដៃ​គ្នា​»​។​

​ប៉ុន្តែ​អ្នកវិភាគ​បញ្ហា​នយោបាយ​មួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​សុំ​ជួយ​បកស្រាយ​  ពួក​គាត់​បាន​លើក​ឡើង​ថា​ យុទ្ធសាស្ត្រ​របស់​ CPP​ ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​នេះ​តាម​រយៈ​តុលាការ​ ឬ​វិធានការ​ក្ដៅ​គឺ​ទំនង​មិន​អាច​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ឡើយ​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រា​ចារ​វិទ្យាសាស្ត្រ​នយោបាយ​ យល់​ឃើញ​ថា​ យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​នេះ​ ទំនងជា​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​ បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ក្រោយ​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ឆ្នាំ​ ២០១៨​ ឡើយ​។​

​តែ​បែប​នេះ​ក្ដី​លោក​ សូ​ ច​ន្ថា​ បាន​ផ្ដល់​អនុសាសន៍​ថា​ គណបក្សកាន់អំណាច​អាច​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ទៀត​ ដោយ​មិន​ចាំបាច់​ប្រើ​យុទ្ធសាស្ត្រ​ ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ក៏​បាន​ ពោល​គឺ​គណបក្សកាន់អំណាច​ត្រូវ​កែទម្រង់​ស៊ីជម្រៅ​បញ្ហា​ដីធ្លី​ និង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។​

​លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​មើលទៅ​ការ​ដាក់​យុទ្ធសាស្ត្រ​បែប​នេះ​ ហាក់ដូចជា​មិន​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ​ ព្រោះ​តុលាការ​សាធារណៈ​មតិ​ តែង​លើក​ឡើង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គណៈបក្សកាន់អំណាច​ គាត់​ចេះ​តែ​ចោទប្រកាន់​ទៅ​លើ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ វា​ជា​សញ្ញាណ​មួយ​ដែល​ធ្វើ​ពលរដ្ឋ​កាន់តែ​យល់​ច្បាស់​ កាន់តែ​ដឹង​ច្បាស់​ ហើយ​ពលរដ្ឋ​និង​ធ្វើការ​សម្រេចចិត្ត​មួយ​ ដែល​ផ្ទុយ​ពី​ការ​ចង់បាន​របស់​បក្ស​កាន់​អំណាច​»​។​

​ចំណែក​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ថា​ ការ​ដាក់​ទិស​ដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ​ គឺ​មិនមែន​ជា​ យន្តការ​ផ្សះផ្សា​ជាតិ​ឡើយ​។​ លោក​បណ្ឌិត​ យល់​ថា​ បក្ស​កាន់​អំណាច​អាច​នឹង​ឈ្នះ​ឆ្នោត​ទៀត​ ដោយ​គ្រាន់តែ​ពង្រឹង​វប្បធម៌​សន្ទនា​ ដើម្បី​ស្តា​ប្រជាប្រិយភាព​។​

​លោក​បណ្ឌិត​ មាស​ នី​ ៖«​ប្រសិនបើ​វប្បធម៌​សន្ទនា​កើត​ដោយ​រលូន​គឺ​ពិត​និង​គណបក្ស​ប្រជាជន​គឺ​អនុវត្តន៍​នៅ​នយោបាយ​ឈ្នះៗ​ ហើយ​ត្រង់នោះ​ដែល​ធ្វើ​ឲ្យ​បក្ស​នោះ​ឈ្នេះ​»​។​

​តែ​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បាន​បដិសេធ​ថា​ រដ្ឋាភិបាល​មិន​បាន​លើក​ឡើង​ដូច​ការ​ចុះ​ផ្សាយ​របស់​សែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​ បាន​ចុះ​ផ្សាយ​ព្រឹក​នេះ​ទេ​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​ បាន​ចាត់​ទុក​ករណី​ លោក​ កឹ​ម​ សុខា​ និង​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ប្រឈម​ទៅ​និង​ផ្លូវ​តុលាការ​គឺជា​រឿង​បុគ្គល​ មិន​ជាប់​ទាក់ទង​រឿង​នយោបាយ​ឡើយ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​រឿង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រើប្រាស់​តុលាការ​ដើម្បី​និង​ ដូច​ជា​មិន​ពិត​ទេ​ ព្រោះ​អ្នក​ទាំង​អស់នោះ​ អ្នក​មានរឿង​ផ្ទាល់​ខ្លួនឯង​ ហើយ​វា​ប្រឆាំង​និង​នីតិវិធី​ច្បាប់​ ដែល​មិន​អនុញ្ញាត​ពួក​នោះ​ធ្វើ​កិច្ចការ​នោះ​ ដូច្នេះ​បើ​និយាយ​ភាសា​ច្បាប់​គេ​ថា​ វា​មាន​អង្គហេតុ​  អង្គហេតុ​អ្នក​ទាំង​អស់នោះ​ធ្វើ​មិនមែន​ជា​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​ ដូច្នេះ​សូមកុំ​លាប​ពណ៌​ថា​ រឿង​ទាំង​អស់នោះ​ជា​រឿង​នយោបាយ​ ខ្ញុំ​ជឿជាក់​ថា​ រឿង​នោះ​ជា​រឿង​ឯកជន​ខ្លួន​ឯក​ផ្ទាល់ខ្លួន​ប្រឆាំង​ច្បាប់​»​។

​វិ​ទ្យ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកគ្រប់គ្រង​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ បាន​ទេ​ជុំវិញ​ ការ​លើក​ឡើង​របស់​ លោក​ ផៃ​ ស៊ី​ផា​ន​។​
​យ៉ាងណា​ ក៏​ដោយ​ ប្រព័ន្ធ​តុលាការ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ មើលឃើញ​ថា​មិន​ទាន់​មាន​ភាព​ឯករាជ្យ​ និង​អ​ព្យា​ក្រឹត្យ​ ដែល​គេ​ថា​មាន​លក្ខណៈ​នយោបាយ​ ៕

Share

Image
Image
Image