ភ្នំពេញ៖ យុវជន គង់ រ៉ៃយ៉ា ដែលជាអតីតនិស្សិតនៅសាកលវិទ្យាល័យខេមរៈ ខកចិត្តចំពោះការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ដែលសម្រេចតម្កល់ សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។ ការខកចិត្ត បន្ទាប់ពីយុវជនរូននេះមិនសុខចិត្តនឹងការសម្រេចសាលាក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្តន្ទាទោសទៅលើរូបគេ ដាក់ក្នុងពន្ធនាគារ ១ឆ្នាំ៦ខែ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចរបស់សាលាឧទ្ធរណ៍ដូចនេះធ្វើ ទ្បើងនៅថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០១៦នេះ។ លោក ជួន សារ៉េត រាយការណ៍៖
ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ យុវជនគង់រៃយ៉ា ដែលដៃជាប់ខ្នោះ ហើយកោសក់ក្បាល បានស្រែកប្រាប់ អ្នកសារព័ត៌មានថា គេដាក់ទោសខ្ញុំគ្រាន់តែខ្ញុំ បង្ហោះរឿងនយោបាយ លើហ្វេសប៊ុក។
យុវជនគង់រ៉ៃយ៉ា៖«ភាពអយុត្តិធម៌តែងតែមាននៅសង្គមខ្មែរ ជនដែលវាយតំណាងរាស្ត្រ ចង់សម្លាប់តំណាងរាស្ត្រជាប់តែមួយឆ្នាំនោះទេ ហើយខ្ញុំគ្រាន់តែសរសេរពាក្យបដិវត្ដន៍ពណ៌ដោយស្របច្បាប់គេកាត់ឱ្យខ្ញុំ១ឆ្នាំកន្លះវាអយុត្តិធម៌ខ្លាំងណាស់ហើយខ្ញុំនឹងប្តឹងទៅតុលាការកំពូលបន្តទៀត»។
ស្ថិតក្នុងស្ថានភាពអស់សង្ឃឹមនេះ យុវជនគង់រ៉ៃយ៉ាត្រូវសមត្ថកិច្ចនាំខ្លួនឡើងឡានទៅកាន់ ពន្ធនាគារព្រៃសវិញ បន្ទាប់ពីសាលាឧទ្ធរណ៍ សម្រេចមិនទម្លាក់ចោលបទចោទប្រឆាំង លោកនោះទេ។
ជុំវិញ សាលដីការបស់ចៅក្រមសាលាឧទ្ធរណ៍នេះ យុវជនគង់ រ៉ៃយ៉ាលើកទ្បើងថាជារឿងអយុត្តិធម៌ដែលសាលាឧទ្ធរណ៍មិនលើកលែងការចោទប្រកាន់ទៅលើរូបគេ។
យុវជន គង់ រ៉ៃយ៉ា ទទួលស្គាល់ថារូបគេពិតជាមានកំហុសមែន ដែលបានសរសេរប្រកាស ធ្វើបដិវត្តន៍ពណ៌នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ប៉ុន្តែយុវជនរូបនេះថា ការសរសេរនោះមិនមានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ។ ហើយរូបគេក៏ពុំមានចេតនាណាមួយចង់បង្កើតឱ្យមានភាពចលាចលនៅក្នុងសង្គមដែរ។
ចំណែកលោក កាំង គង់ ដែលជាឪពុករបស់ គង់ រ៉ៃយ៉ា បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពីចៅក្រមសាលាឧទ្ធរណ៍សម្រេចតម្កល់សាលាក្រមសាលាដំបូងទុកជាបានការដដែលថា ជារឿងអយុត្តិធម៌សម្រាប់កូនរបស់លោក។
លោក កាំង គង់ បន្តថាការសរសេរនៅលើហ្វេសប៊ុករបស់កូនលោក គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះមិនធ្វើឱ្យប៉ះពាល់សង្គមនោះទេ។ លោក កាំង គង់ ក៏បញ្ជាក់ផងដែរថា ក្រុមគ្រួសាររបស់លោកនឹងរួមទាំងយុវជន គង់ រ៉ៃយ៉ានឹងប្តឹងទៅតុលាការកំពូលបន្តទៀត ប៉ុន្តែលោកមិនមានសង្ឃឹមថាកូនរបស់លោកនឹងអាច រួចផុតពីការចោទប្រកាន់នោះទេ។
លោក កាំង គង់៖ «អានេះជារឿងអយុត្តិធម៌ចំពោះការបញ្ចេញមតិ គ្មានរឿងអីដែលឃើញអីពិបាកដល់សង្គមផង គ្រាន់តែជានិស្សិតមួយរូប ដែលបញ្ចេញមតិសោះរួចចាប់ដាក់ពន្ធនាគារ តាមដែលអ៊ុំនោះឥលូវបងប្អូនរបស់គាត់មិនសុខចិត្ត ឥលូវនឹងប្តឹងបន្តទៀតតែអ៊ុំគ្មានសង្ឃឹមទេ ប្តឹងអោយអស់ចិត្ត… »។
ទាក់ទងនឹងបញ្ហានេះដែរ លោក សំ សុគង់ ដែលជាមេធាវី របស់យុវជន គង់ រ៉ៃយ៉ា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា លោកមិនអាចទទួលយកបាននោះទេជុំវិញការចេញសាលដីការរបស់សាលាឧទ្ធរណ៍ដែល សម្រេចតម្កល់សាលក្រមសាលាដំបូងទុកជាបានការនោះ។
លោកមិនអាចទទួលយកបានដោយសារតែលោក យល់ឃើញថាកម្រិតនៃការផ្តន្ទាទោសដែលបានដាក់ទៅលើកូនក្តីរបស់លោក មានកម្រិតអតិប្បរមាដែលមិនសមនឹងបទល្មើដែលកូនក្តីរបស់លោកបានប្រព្រឹត្តិនោះទេ។
លោក សំ សុគង់៖ «ខ្ញុំយល់ឃើញថាការសម្រេចនេះមិនទាន់មានលក្ខណៈមួយទទួលបាននោះទេ មិនទាន់បានផ្តល់យុត្តិធម៌ចំពោះជនជាប់ចោទដែលជាយុវជន គង់ រ៉ៃយ៉ា ហ្នឹងដោយសារការតម្កល់នេះ ហើយនឹងកម្រិតនៃការផ្តន្ទាទោសមានលក្ខណៈធ្ងន់ធ្ងរពេក បើគិតទៅ១៨ខែវាស្ទើតែអតិប្បរមាហើយ »។
មេធាវីរូបនេះបន្តថា បើពិនិត្យមើលទៅលើទង្វើរបស់កូនក្តីរបស់លោក មិនមានធាតុផ្សំណាមួយដែលអាចចោទប្រកាន់ពីបទញុះញង់នោះទេ ព្រោះការបង្ហោះសាររបស់កូនក្តីរបស់លោកមិនមានព្យៈសនកម្មណាមួយបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គមនោះទេ។
លោកបន្ថែមទៀតថា លោកនឹងទៅជួបកូនក្តីរបស់លោកដើម្បីពន្យល់ពីសិទ្ធរបស់គាត់ថា អាចធ្វើអ្វីបានបន្តទៀត ដោយលោកបញ្ជាក់ថាចំពោះកូនក្តី របស់លោកដែលចង់ប្តឹងទៅតុលាការកំពូលបន្តនោះ វាជាសិទ្ធិរបស់កូនក្តីលោក ប៉ុន្តែលោកហាក់បីដូចជាមិនសូវមានសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរនោះទ្បើយ ចំពោះការប្តឹងទៅតុលាការកំពូលប៉ុន្តែលោកនឹងតស៊ូបន្តទៀតបើកូនក្តីលោកពិតជាចង់ប្តឹងសារទុក្ខនោះ។
លោក សំ សុគង់៖«ខ្ញុំគិតថាដោយសារយើងអត់បានធ្វើ អត់បានប្រព្រឹត្តិខុស ទោះបីជាយើងមិនសូវជាមានសង្ឃឹមប៉ុន្តែយើងនឹងនៅតែតស៊ូមតិ ដើម្បីធ្វើម៉េចឱ្យគេដឹងថាយុត្តិធម៌នឹងកើតមាននៅពេលណាមួយ…»។
សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញ សម្រេចសាលាក្រម ឱ្យយុវជន គង់ រ៉ៃយ៉ា ដែលមានឈ្មោះ ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា Soriya KoKo បានទទួលស្គាល់កំហុស ដែលបានសរសេរ អំពីធ្វើបដិវត្តន៍ពណ៌ ប្រឆាំងរាជរដ្ឋាភិបាល នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក។
ជនជាប់ចោទរូបនេះ ត្រូវបានចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយលោក ហេង សុខណា ប្រកាសសាលក្រម កាលពី ថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៦ ដោយផ្តន្ទាទោសយុវជនគង់ រ៉ៃយ៉ា ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ៦ខែ ដោយគ្មានពិន័យ ជាប្រាក់ឬព្យួរ ទោសឡើយ។
យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការ ឃុំខ្លួនដាក់ក្នុងពន្ធនាគារ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចសាលក្រមនេះបន្ទាប់ពី គង់ រ៉ៃយ៉ា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា៖ «តើមានអ្នកណាហ៊ាន ធ្វើបដិវត្តពណ៌ ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅ ពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្តូររបបមួយនេះ ចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ» ៕