កម្មករ កម្មាការនីប្រមាណជាង ៥០នាក់ ធ្វើការនៅ រោងចក្រកាត់ដេរ ហ្កាបបូថេក (ខូនីន) ឌីវេលុបមិន អ៊ឹម អេហ្វជី លីមីធីជ ដែលមានទីតាំងស្ថិតក្នុងភូមិអង្គរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅវេលាម៉ោងប្រហែលជា ១១ព្រឹក ថ្ងៃទី២១កក្កដានេះ បានដួលសន្លប់ជាបន្ដបន្ដាប់ដោយមិនដឹងមូលហេតុ។
តំណាងសហជីពមួយរូបលោក ទួន សារ៉ែន ដែលបានឃើញហេតុការណ៍ កម្មករដួលសន្លប់ លោកអះអាងថាអាជ្ញាធរបានចុះមកជួយអន្ដរាគមន៍ ដឹកកម្មករដែលដួលសន្លប់នោះទៅមន្ទីពេទ្យដែរ ប៉ុន្ដែលោកមិនទាន់ដឹងពីការសន្និដ្ឋានជាដំបូងៗរបស់អាជ្ញាធរជំនាញថាតើកម្មករដួលសន្លប់ដោយមូលហេតុអ្វីឡើយ។
ជាមួយគ្នានេះកញ្ញា ហេង វុទ្ធារី ដែលជាកម្មការិនីម្នាក់ ស្ថិតក្នុងហេតុការណ៍ពេលកម្មករ ដួលសន្លប់បានប្រាប់វិទ្យុស្ត្រី ថាដំបូងឡើយ នៅពេលដែលកម្មករកំពុងតែបំពេញការងារ មានកម្មករទៅបិទបង្អូច ប៉ុន្ដែក្នុងរោងចក្រមានបើកកង្ហាដូចធម្មតា តែបានមួយសន្ទុះក្រោយមកស្រាប់តែ មានកម្មករដួលសន្លប់ជាបន្ដបន្ទាប់រហូតដល់ជាង ៥០ នាក់។
បើតាមកម្មការិនីរូបនេះ កម្មករត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកអស់ហើយ ប៉ុន្ដែមិនទាន់ឃើញភាគីខាងក្រុមហ៊ុន ឬ អាជ្ញាធរជំនាញ ចេញមកជួបជាមួយកម្មករ ដើម្បីបញ្ជាក់ពីមូលហេតុនេះទេ ។
ជុំវិញរឿងនេះវិទ្យុស្ដ្រីមិនអាចស្វែងរកការបំភ្លឺពីរដ្ឋបាលរោងចក្រកាត់ដេរ ដែលកម្មករដួលសន្លប់នោះ បានទេនៅថ្ងៃនេះដោយពុំមានទូរស័ព្ទដើម្បីទាក់ទង ៕