ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋដង្ហែសពលោកបណ្ឌិត កែម ឡី ដោយថ្មើ ជើងចេញពីវត្តពោធិ៍យារាម ដើម្បីតម្កល់ទុកនៅស្រុកកំណើតខេត្តតាកែវ ដោយបង្គាប់ឲ្យដង្ហែសពដោយក្បួនម៉ូតូ និងរថយន្តហើយបង្វែទិសដង្ហែសព។
សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងនៅថ្ងៃទី ២០កក្កដា នេះបន្ទាប់ពីគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ប្រកាសថានឹងដង្ហែសពលោកបណ្ឌិតដោយថ្មើជើងចេញពីវត្តចាស់ស្ថិតក្នុងរាជធានីភ្នំពេញឆ្ពោះទៅរង្វង់មូលចោមចៅ ទើបដង្ហែជាក្បួនរថយន្តទៅបញ្ចុះនៅឯខេត្តតាកែវ នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦។
សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញបញ្ជាក់ថា៖«រដ្ឋបាលសាលារាជធានីភ្នំពេញស្នើឲ្យគ្រួសារសព និងអ្នករៀបចំកម្មវិធីដង្ហែសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦ នៅម៉ោង ៧ ព្រឹក ចាប់ចេញដំណើរហែរ ដោយប្រើប្រាស់រថយន្ត និងម៉ូតូ ចេញពីវត្តពោធ៍យារាមតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា ចិន ឆ្ពោះទៅតាមផ្លូវលេខ៧០ កាត់តាមផ្លូវ ៣៣៧ និងផ្លូវ ៥៩៨ ត្រឡោកបែក និងមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះ ទៅរង្វង់មូលចោមចៅ ដោយមិនអនុញ្ញាតដង្ហែសពដោយថ្មើជើងឡើយ»។
ជុំវិញសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញនេះ លោក ទឹម ម៉ាឡៃ សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី បញ្ជាក់ថា គ្រួសារសពលោកបណ្ឌិតសុំមិនទាន់ធ្វើការអត្ថាធិប្បាយទេ ព្រោះនៅព្រឹកថ្ងៃទី ២១ ខែ កក្កដានេះ គ្រួសារសព និងគណៈកម្មការរៀបចំបុណ្យសព នឹងប្រជុំពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ជុំវិញដង្ហែសពលោកបណ្ឌិតនៅថ្ងៃទី ២៤ កក្កដា។
គិតត្រឹមថ្ងៃទី ២០ ខែ កក្កដានេះ សពលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមនយោបាយ បានតម្កល់នៅវត្តពោធ៍យារាម ឬហៅវត្តចាស់បានចំនួន១១ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត។
សូមរំលឹកថា លោកបណ្ឌិត កែម ឡី អ្នកសិក្សាពីការអភិវឌ្ឍសង្គម ដែលតែងតែហ៊ានវិភាគរិះគន់ចំនុចអវិជ្ជមានរបស់រដ្ឋាភិបាលចំៗចំណុចនោះ គឺត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តារម៉ាតស្ថានីប្រេងឥន្ធនៈកាល់តិចមួយកន្លែង ក្បែរស្តុបបូកូ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១០កក្ដដា។
គណកម្មការរៀបចំបុណ្យសពលោក កែម ឡី និងក្រុមគ្រួសារសព បានស្នើសូមឱ្យតម្កល់សពលោក កែម ឡី ឱ្យបានយូរបន្តិច ដើម្បីឱ្យសាធារណជននៅទីឆ្ងាយៗដែលស្រលាញ់រាប់អានលោកបណ្ឌិត កែម ឡី បានមកគោរព និងចែករំលែកទុក្ខក្រៀមក្រំដល់ក្រុមគ្រួសារនៃសព៕