ភ្នំពេញ៖ បន្ទាប់ពីមានឃាតកម្មលើលោក បណ្ឌិត កែម ទ្បី ជាង១សប្តាហ៍មកនេះ អង្គការអន្តរជាតិមួយដែលមានឈ្មោះថា អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ដែលមានមូលដ្ឋាននៅប្រទេសបារាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយលើកទ្បើងថា សេរីភាពសារព័ត៌មាន ហាក់បីដូចជា មានហានិភ័យកាន់តែធ្ងន់ធ្ងរទៅៗ ហើយអ្នកសារព័ត៌មាន នៅតែជាគោលដៅនៃការគំរាមកំហែង។ ប៉ុន្តែមន្ត្រីក្រសួងព័ត៌មានអះអាងថាអ្នកសារព័ត៌មានគ្មានទទួលរងការបំភិតបំភ័យ ឬគំរាមកំហែងនោះទេ។ លោក ជួន សារ៉េត រាយការណ៍៖
អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែនកាលពីថ្ងៃចន្ទទី១៨កក្កដា បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញឃាតកម្ម លើលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគពីបញ្ហានយោបាយ និងសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍នោះអង្គការនេះបានសម្តែងការព្រួយបារម្ភ លើការគំរាមកំហែងលើសិទ្ធិសេរីភាពអ្នកសារព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បន្ទាប់ពីមានឃាតកម្មលើលោកបណ្ឌិត កែម ឡី។
សេចក្តីថ្លែងការណ៍ដដែលនោះបានលើកឡើងថា ទោះបីជាសមត្ថកិច្ចប្រកាសម៉ឹងម៉ាត់ធ្វើការស៊ើបអង្កេត ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី ក៏ដោយអង្គការអន្តរជាតិមួយនេះ យល់ឃើញថាសេរីភាពសារព័ត៌មាននិងអ្នកសារព័ត៌មាន នៅតែជាគោលដៅនៃការគំរាមកំហែង និងការសងសឹកគ្នាដោយហិង្សាដែលភា្ជប់ជាមួយនឹងសកម្មភាពបេសកកម្មរបស់ពួកគេ។
អង្គការអន្តរជាតិមួយនេះសង្កេតឃើញថា ឃាតកម្មលើលោក កែម ឡី បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក កែម ទ្បី ផ្តល់បទសម្ភាសន៍ឱ្យវិទ្យុក្នុងស្រុកមួយទាក់ទងរបាយការណ៍មួយរបស់អង្គការ Global Witness។
នៅក្នុងសេចក្តីថ្លែងការណ៍នេះដដែល បានជម្រុញឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបំភិតបំភ័យលើប្រព័ន្ធផ្សព្វផ្សាយ និងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។
ឆ្លើយតបនឹងការព្រួយបារម្ភរបស់អង្គការអន្តរជាតិនេះ អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថាសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជា ពុំទទួលរងឥទ្ធិពលការបំភិតបំភ័យ ឬគំរាមកំហែងពីស្ថាប័នណាមួយនោះទេ។ ប៉ុន្តែលោកបញ្ជាក់ថាអ្នកសារព័ត៌មានក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងការបំពេញបេសកកម្មរបស់ខ្លួនផងដែរ ព្រោះហេតុការណ៍ដែលកើតទ្បើងគេមិនអាចទាយទុកបានមុននោះទេ។
លោក អ៊ុក គឹមសេង ៖«អង្គភាពអង្គការព័ត៌មានមួយណាដែលទទួលការបំភិតបំភ័យ ដែលត្រូវបានគេរំខានមិនអោយធ្វើការផ្សព្វផ្សាយវាអត់មាន ចឹងគាត់នៅឯនាយសមុទ្រឯណោះគាត់ចេះតែថា ចេះតែនិយាយទៅប៉ុន្តែការពិតវាអត់មានផង ឥលូវបើមានអ្នកសារព័ត៌មាននៅកន្លែងណាខ្លះដែលហ៊ាននិយាយថា មានការបំភិតបំភ័យចំពោះសិទ្ធិសេរីភាពសារព័ត៌មានវាអត់មានណាស គាត់បំភ្ល័យការពិតហើយរបាយការណ៍គាត់ហ្នឹង… »។
អង្គការអ្នករាយការណ៍គ្មានព្រំដែន បានចេញរបាយការណ៍ស្តីពីសន្ទស្សន៍សេរីភាពសារព័ត៌មានឆ្នាំ២០១៦ ដោយបានចាត់ទុកចំណាត់ថ្នាក់ប្រទេសចំនួន ១៨០ នៅក្នុងពិភពលោកអំពីសន្ទស្សន៍សេរីភាពសារព័ត៌មាន ផ្អែកលើសេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានចំនួនប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យភាព បំពេញតួនាទីរបស់អ្នកសារព័ត៌មាន។
បើតាមសន្ទស្សន៍នោះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១២៨ សម្រាប់សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០១៥ គឺមានភាពល្អប្រសើរជាងឆ្នាំ២០១៤។ ប៉ុន្តែបញ្ហាចុងក្រោយនេះ ជាពិសេស ករណីឃាតកម្មលើបណ្ឌិត កែម ឡី និងករណីលោក អ៊ូ វីរៈ អ្នកវិភាគបញ្ហាសង្គម ត្រូវបក្សកាន់អំណាចប្ដឹងទៅតុលាការពីបទបរិហារកេរ្តិ៍ ត្រូវបានគេសង្កេតឃើញអ្នកវិភាគ មួយចំនួនហាករួញរាក្នុងការបញ្ចេញមតិទស្សនៈលើប្រព័ន្ធផ្សព្វផ្សាយ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់ឃើញថា ឃាតកម្មដែលបានកើតទ្បើងទៅលើសកម្មជនមួយចំនួននាពេលកន្លងមកនេះ ក៏ដូចជាការស្លាប់របស់អ្នកវិភាគពីបញ្ហានយោបាយនាពេលថ្មីៗនេះ គឺជាការស្លាប់មួយផ្នែកនៃសេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានផងដែរ។
លោក មឿន ឈានណារិទ្ធ សង្កត់ធ្ងន់ថាការស្លាប់របស់លោក កែម ទ្បី បានជះឥទ្ធិពលអវិជ្ជមានទៅដល់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។
តាមរយៈនេះដែរលោកស្នើឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់គោលជំហរនៅកណ្តាលជៀសវាងការសរសេរព័ត៌មានណាមួយលំអៀងទៅភាគីតែម្ខាង។
លោក មឿន ឈានណារិទ្ធ៖«ខ្ញុំគិតថាការបាញ់សម្លាប់លោក កែម ទ្បី កន្លងមកនេះគឺពិតជាមានឥទ្ធិពលជាអវិជ្ជាមានចំពោះសិទ្ធិសេរីភាព នៃការបញ្ចេញមតិ ក៏ដូចជាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជារបស់យើង យើងជាអ្នកសារព័ត៌មានយើងគួរតែដើរតួនាទីប្រកបដោយវិជ្ជាជីវៈអព្យាក្រឹត្រមែនទែន ក្នុងនាមជាអ្នកសារព័ត៌មានត្រូវព្យាយាមនៅកណ្តាល យើងរាយការណ៍ព័ត៌មានប្រកដោយសច្ចភាព យើងអត់មានបំភ្លើស យើងអត់មានបញ្ចេញបញ្ចូលអារម្មណ៍ ឬក៏មនោសញ្ជេតនារបស់យើងទៅតាមសាច់រឿងនោះទេ…»។
សូមជំរាបថា ប៉ុន្មានខែកន្លងមកនេះ អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន ធ្លាប់បានចេញរបាយការណ៍ថា សេរីភាពសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងគេក្នុងចំណោមបណ្តាប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត ប៉ុន្តែក្នុងរបាយការណ៍នោះ បានបញ្ជាក់ដែរថា សេរីភាពសារព័ត៌មានកម្ពុជាក៏នៅមានកម្រិតផងដែរ។
អង្គការមួយនេះបានចាត់កម្រិតនៃស្ថានភាពសារព័ត៌មានជា ៥ កម្រិតគឺ ស្ថានភាពល្អ ស្ថានភាពដែលអាចទទួលយកបាន កម្រិតមានបញ្ហាគួរឱ្យកត់សម្គាល់ ស្ថានភាពអាក្រក់ និងស្ថានភាពអាក្រក់ខ្លាំង។ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ប្រសើរជាងប្រទេសឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាទ្បេស៊ី សិង្ហបុរី ព្រុយនេ និងវៀតណាមជាដើម។ រីឯប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេមានដូចជា ប្រទេសហ្វាំងទ្បង់ ហូទ្បង់ និងន័រវេ៕