en     km
en     km

មន្ត្រី​ក្រសួង​ព័ត៌មាន​ អះអាង​ថា​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ពុំ​មានការ​គំរាមកំហែង​ទេ​

Share

ភ្នំពេញ៖ ​បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​លោក​ បណ្ឌិត​ កែម​ ទ្បី​ ជាង​១​ស​ប្តា​ហ៍​មកនេះ​ អង្គការ​អន្តរជាតិ​មួយ​ដែល​មានឈ្មោះ​ថា​ អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​លើក​ទ្បើ​ង​ថា​ សេរីភាព​សារព័ត៌មាន​ ហាក់បីដូចជា​ មាន​ហានិភ័យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ ហើយ​អ្នក​សារព័ត៌មាន​ នៅ​តែ​ជា​គោលដៅ​នៃ​ការ​គំរាមកំហែង​។​ ប៉ុន្តែ​មន្ត្រី​ក្រសួង​ព័ត៌មាន​អះអាង​ថា​អ្នក​សារព័ត៌មាន​គ្មាន​ទទួល​រង​ការ​បំភិតបំភ័យ​ ឬ​គំរាមកំហែង​នោះ​ទេ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

ministry-infor
អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ជុំវិញ​ឃាតកម្ម​ លើ​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​ពី​បញ្ហា​នយោបាយ​ និង​សង្គម​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​អង្គការ​នេះ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ លើ​ការ​គំរាមកំហែង​លើ​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌មាន​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ បន្ទាប់​ពី​មាន​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​

​សេចក្តីថ្លែងការណ៍​ដដែល​នោះ​បាន​លើក​ឡើង​ថា​ ទោះបីជា​សមត្ថកិច្ច​ប្រកាស​ម៉ឹង​ម៉ាត់​ធ្វើការ​ស៊ើបអង្កេត​ ចំពោះ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ក៏​ដោយ​អង្គការ​អន្តរជាតិ​មួយ​នេះ​ យល់​ឃើញ​ថា​សេរីភាព​សារព័ត៌មាន​និង​អ្នក​សារព័ត៌មាន​ នៅ​តែ​ជា​គោលដៅ​នៃ​ការ​គំរាមកំហែង​ និង​ការ​សងសឹក​គ្នា​ដោយ​ហិង្សា​ដែល​ភា្ជ​ប់​ជាមួយនឹង​សកម្មភាព​បេសកកម្ម​របស់​ពួក​គេ​។​

​អង្គការ​អន្តរជាតិ​មួយ​នេះ​សង្កេត​ឃើញ​ថា​ ឃាតកម្ម​លើ​លោក​ កែម​ ឡី​ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ កែម​ ទ្បី​ ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ក្នុងស្រុក​មួយ​ទាក់ទង​របាយការណ៍​មួយ​របស់​អង្គការ​ Global​ Witness​។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ដដែល​ បាន​ជម្រុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​រំលោភ​បំពាន​សេរីភាព​ខាង​បញ្ចេញមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​របស់​អង្គការ​អន្តរជាតិ​នេះ​ អ្នកនាំពាក្យ​របស់​ក្រសួង​ព័ត៌មាន​ លោក​ អ៊ុ​ក​ គឹ​ម​សេង​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​សេរីភាព​អ្នក​សារព័ត៌​មាននៅ​កម្ពុជា​ ពុំ​ទទួល​រង​ឥទ្ធិពល​ការ​បំភិតបំភ័យ​ ឬ​គំរាមកំហែង​ពី​ស្ថាប័ន​ណាមួយ​នោះ​ទេ​។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បំពេញបេសកកម្ម​របស់​ខ្លួន​ផង​ដែរ​ ព្រោះ​ហេតុការណ៍​ដែល​កើត​ទ្បើ​ង​គេ​មិន​អាច​ទាយ​ទុក​បាន​មុន​នោះ​ទេ​។

Ouk-Kimseng
អ្នកនាំពាក្យ​របស់​ក្រសួង​ព័ត៌មាន​ លោក​ អ៊ុ​ក​ គឹ​ម​សេង​
​លោក​ អ៊ុ​ក​ គឹ​ម​សេង​ ៖«​អង្គភាព​អង្គការ​ព័ត៌មាន​មួយ​ណា​ដែល​ទទួល​ការ​បំភិតបំភ័យ​ ដែល​ត្រូវ​បាន​គេ​រំខាន​មិន​អោយធ្វើ​ការ​ផ្សព្វផ្សាយ​វា​អត់​មាន​ ចឹ​ង​គាត់​នៅ​ឯនាយ​សមុទ្រ​ឯណោះ​គាត់​ចេះ​តែ​ថា​ ចេះ​តែ​និយាយ​ទៅ​ប៉ុន្តែ​ការ​ពិត​វា​អត់​មាន​ផង​ ឥលូវ​បើ​មាន​អ្នក​សារព័ត៌​មាននៅ​កន្លែង​ណាខ្លះ​ដែល​ហ៊ាន​និយាយ​ថា​ មានការ​បំភិតបំភ័យ​ចំពោះ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​វា​អត់​មាន​ណាស​ គាត់​បំភ្ល័យ​ការ​ពិត​ហើយ​របាយការណ៍​គាត់​ហ្នឹង​…​ »​។​

​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ បាន​ចេញ​របាយការណ៍​ស្តី​ពី​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៦​ ដោយ​បាន​ចាត់​ទុក​ចំណាត់ថ្នាក់​ប្រទេស​ចំនួន​ ១៨០​ នៅ​ក្នុង​ពិភពលោក​អំពី​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ ផ្អែក​លើ​សេរីភាព​ និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ឯករាជ្យ​ភាព​ បំពេញ​តួនាទី​របស់​អ្នក​សារព័ត៌មាន​។​

​បើ​តាម​ស​ន្ទ​ស្សន៍​នោះ​ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១២៨​ សម្រាប់​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១៥​ គឺ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០១៤​។​ ប៉ុន្តែ​បញ្ហា​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ ករណី​ឃាតកម្ម​លើ​បណ្ឌិត​ កែម​ ឡី​  និង​ករណី​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​បញ្ហា​សង្គម​ ត្រូវ​បក្ស​កាន់​អំណាច​ប្ដឹង​ទៅ​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​  ត្រូវ​បាន​គេ​សង្កេត​ឃើញ​អ្នកវិភាគ​ មួយ​ចំនួន​ហាក​រួញរា​ក្នុង​ការ​បញ្ចេញមតិ​ទស្សនៈ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ យល់​ឃើញ​ថា​ ឃាតកម្ម​ដែល​បាន​កើត​ទ្បើ​ង​ទៅ​លើ​សកម្មជន​មួយ​ចំនួន​នា​ពេល​កន្លង​មកនេះ​ ក៏​ដូច​ជា​ការ​ស្លាប់​របស់​អ្នកវិភាគ​ពី​បញ្ហា​នយោបាយ​នា​ពេល​ថ្មីៗ​នេះ​ គឺជា​ការ​ស្លាប់​មួយ​ផ្នែក​នៃ​សេរីភាព​ការ​បញ្ចេញមតិ​ និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ​។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​ សង្កត់ធ្ងន់​ថា​ការ​ស្លាប់​របស់​លោក​ កែម​ ទ្បី​ បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ និង​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​។​

​តាម​រយៈ​នេះ​ដែរ​លោក​ស្នើ​ឱ្យ​អ្នក​សារព័ត៌មាន​ ត្រូវ​ប្រកាន់​គោល​ជំហរ​នៅ​កណ្តាល​ជៀសវាង​ការ​សរសេរ​ព័ត៌មាន​ណាមួយ​លំអៀង​ទៅ​ភាគី​តែ​ម្ខាង​។​

​លោក​ មឿ​ន​ ឈាន​ណា​រិ​ទ្ធ​៖«​ខ្ញុំ​គិត​ថា​ការ​បាញ់​សម្លាប់​លោក​ កែម​ ទ្បី​ កន្លង​មកនេះ​គឺ​ពិតជា​មាន​ឥទ្ធិពល​ជា​អវិជ្ជា​មាន​ចំពោះ​សិទ្ធិ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​ ក៏​ដូច​ជា​សេរីភាព​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ យើង​ជា​អ្នក​សារព័ត៌មាន​យើង​គួរតែ​ដើរតួ​នាទី​ប្រកបដោយ​វិជ្ជាជីវៈ​អ​ព្យា​ក្រឹ​ត្រ​មែនទែន​ ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន​ត្រូវ​ព្យាយាម​នៅ​កណ្តាល​ យើង​រាយការណ៍​ព័ត៌មាន​ប្រក​ដោយ​សច្ចភាព​ យើង​អត់​មាន​បំ​ភ្លើ​ស​ យើង​អត់​មាន​បញ្ចេញបញ្ចូល​អារម្មណ៍​ ឬ​ក៏​មនោ​ស​ញ្ជេ​ត​នា​របស់​យើង​ទៅ​តាម​សាច់​រឿង​នោះ​ទេ​…»​។​

​សូម​ជំរាប​ថា​ ប៉ុន្មាន​ខែ​កន្លង​មកនេះ​ អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន​ ធ្លាប់​បាន​ចេញ​របាយការណ៍​ថា​ សេរីភាព​សារព័ត៌មាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាងគេ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ប៉ុន្តែ​ក្នុង​របាយការណ៍​នោះ​ បាន​បញ្ជាក់​ដែរ​ថា​ សេរីភាព​សារព័ត៌មាន​កម្ពុជា​ក៏​នៅ​មាន​កម្រិត​ផង​ដែរ​។​

​អង្គការ​មួយ​នេះ​បាន​ចាត់​កម្រិត​នៃ​ស្ថានភាព​សារព័ត៌មាន​ជា​ ៥​ កម្រិត​គឺ​ ស្ថាន​ភាពល្អ​ ស្ថានភាព​ដែល​អាច​ទទួលយក​បាន​ កម្រិត​មាន​បញ្ហា​គួរ​ឱ្យ​កត់សម្គាល់​ ស្ថានភាព​អាក្រក់​ និង​ស្ថានភាព​អាក្រក់​ខ្លាំង​។​ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ថៃ​ មី​យ៉ា​ន់​ម៉ា​ ហ្វី​លី​ពី​ន​ ម៉ា​ទ្បេ​ស៊ី​ សិង្ហ​បុរី​ ព្រុយ​នេ​ និង​វៀតណាម​ជាដើម​។​ រីឯ​ប្រទេស​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​មាន​ដូច​ជា​ ប្រទេស​ហ្វាំ​ង​ទ្ប​ង់​ ហូ​ទ្ប​ង់​ និង​ន័​រវេ​៕

Share

Image
Image
Image