en     km
en     km

​អង្គការ​មួយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ ក្នុង​វិស័យ​កាត់ដេរ​ និង​ស្ត្រី​បំរើ​ការងារ​សេវា​កំសាន្ត​?

Share

ភ្នំពេញ៖ ​សមាគម​មួយ​ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​ស្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ ស្ត្រី​ប្រកប​ របរ​សេវាកម្ម​កំសាន្ត​ និង​រកស៊ី​ផ្លូវភេទ​ បាន​រៀបចំ​វេទិកា​មួយ​ ស្តី​ពី​«​សិទ្ធិ​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​ជា​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ និង​សមធម៌​»​ នៅ​ថ្ងៃអាទិត្យ​ ទី​១៧​ ខែកក្កដា​ ដើម្បី​ពិគ្រោះ​យោបល់​ អំពី​បញ្ហា​ដែល​ស្ត្រី​ក្នុង​ វិស័យ​កាត់ដេរ​ និង​សេវាកម្ម​កំសាន្ត​កំពុង​ជួប​ប្រទះ​។​ ក្នុង​វេទិការ​នេះ​ មានការ​ចូលរួម​ពី​មន្ត្រី​មូលដ្ឋាន​ គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ ​កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖

 

វេទិកា ស្តី​ពី​«​សិទ្ធិ​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​ជា​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ និង​សមធម៌​»​ នៅ​ថ្ងៃអាទិត្យ​ ទី​១៧​ ខែកក្កដា​

វេទិកា ស្តី​ពី​«​សិទ្ធិ​ស្ត្រី​ក្នុង​ការ​ទទួល​បាន​សេវា​សង្គម​ជា​មូលដ្ឋាន​ប្រកបដោយ​គុណភាព​ និង​សមធម៌​»​ នៅ​ថ្ងៃអាទិត្យ​ ទី​១៧​ ខែកក្កដា​

​វេទិកា​នៃ​ការពិគ្រោះ​យោបល់​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​យកចិត្តទុកដាក់​ និង​ដោះស្រាយ​លើ​បញ្ហា​ដែល​ជា​តម្រូវការ​ជាក់ស្តែង​របស់​ស្ត្រី​ងាយ​រង​គ្រោះ​ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ ស្ត្រី​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ និង​ស្ត្រី​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​គ្រឹះស្ថាន​សេវា​កំសាន្ត​ ពួក​គេ​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​សេវា​សង្គម​ និង​ការ​ធានា​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​កញ្ញា​  សុខ​ ថា​រ៉េ​ត​ អ្នកគ្រប់គ្រង​កម្មវិធី​នៃ​មណ្ឌល​ព័ត៌មាន​កម្មករ​។​

​កញ្ញា​បានឱ្យ​ដឹង​បន្ត​ថា​ ស្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ និង​វិស័យ​សេវាកម្ម​កំសាន្ត​ នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ជួប​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​។​ កញ្ញា​បន្ត​ថា​ តាម​រយៈ​ការ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ស្ត្រី​ក្នុង​វិស័យ​ទាំង​ពីរ​ ពួក​គេ​នៅ​តែ​បន្ត​រង​គ្រោះ​ និង​មិន​ទាន់​ទទួល​បានការ​គាំពារ​ផ្នែក​សេវា​សង្គម​ពេញលេញ​នៅឡើយ​ ជុំវិញ​ការ​ទទួល​បាន​សេវា​បន្ទប់​ជួល​ដែល​មាន​តម្លៃ​ទាប​ និង​លក្ខខណ្ឌ​សមរម្យ​ការ​ទទួល​បានការ​ព្យាបាល​ដែល​មានគុណ​ភាព​ ព្រមទាំង​សន្តិសុខ​ សុ​វត្តិភាព​ពី​ការ​បៀតបៀន​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវភេទ​ ទាំង​ក្នុង​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​ និង​តាម​ដងផ្លូវ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​។​

​កញ្ញា​ សុខ​ ថា​រ៉េ​ត​ ៖«​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​គាត់​អត់​ទាន់​បាន​ទទួល​ការ​រស់នៅ​សមរម្យ​ទេ​ ដូច​ជា​ ស្ដ្រី​ប្រកប​របរ​សេវា​កម្សាន្ដ​ ហ្នឹង​គាត់​ជួល​ផ្ទះ​គេ​ ស្ដ្រី​ពីរ​វិស័យ​ហ្នឹង​គឺ​ជួល​ផ្ទះ​គេ​ដូច​គ្នា​ គ្រាន់​ថា​លក្ខណៈ​មួយ​ ជួល​ជា​ខែ​ មួយ​ភាគច្រើន​ជួល​ជា​ថ្ងៃ​សម្រាប់​ស្ដ្រី​សេវា​កម្សាន្ដ​ ចឹ​ង​យើង​មើលឃើញ​ថា​ ចំនូល​ទាប​ សេវា​ក៏​ទាមទារ​អោយ​មានការ​បង់ថ្លៃ​ សឹងតែ​គ្រប់​សេវា​ ចឹ​ង​វា​ធ្វើ​អោយ​ស្ថានភាព​ហ្នឹង​កាន់តែ​លំបាក​ឡើងៗ​…»​។​

​កញ្ញា​  សុខ​ ថា​រ៉េ​ត​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ធ្វើការ​ដោះស្រាយ​ នូវ​បញ្ហា​ដែល​ស្ត្រី​កំពុង​ប្រឈម​ឱ្យ​បាន​ឆាប់​ ព្រោះ​សេវា​ទាំងនោះ​គឺជា​សេវា​ចាំបាច់​ដែល​ស្ត្រី​គួរតែ​ទទួល​បាន​ ក្នុង​នាម​គាត់​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​ «​យើង​មិនមែន​ចេះ​តែ​ដាក់​ការ​ទាមទារ​ទេ​ ប៉ុន្ដែ​នៅ​ក្នុង​ហ្នឹង​គឺ​យើង​មាន​លើក​ជា​ដំណោះស្រាយ​ថា​តើ​ បើសិនជា​មាន​បញ្ហា​ចឹ​ង​ អាជ្ញាធរ​ ឬ​ក៏​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ គ្រប់​ជាន់ថ្នាក់​ អាច​ធ្វើការ​ម៉េច​ជួយ​សហការ​គ្នា​ ឬ​ក៏​ជម្រុញ​អោយ​បញ្ហា​នឹង​អាច​ដោះស្រាយ​បាន​ ចឹ​ង​យើង​ព្យាយាម​ មាន​ន័យ​ថា​លើក​បញ្ហា​ហើយ​ ក៏​បង្ហាញ​នូវ​ឆ​ន្ទះ​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​»​។​

​លោក​ សៅ​ សា​រិ​ន​ មេ​ភូមិ​ត្រពាំង​គោ​ សង្កាត់​ចោម​ចៅ​ មាន​ប្រសាសន៍​ថា​លោក​តែងតែ​ធ្វើ​វេទិកា​ជា​រាល់​មួយ​ខែ​ម្តង​ ដើម្បី​ហៅ​អាណាព្យាបាល​កម្មករ​រោងចក្រ​មក​ពន្យល់​ និង​ឱ្យ​ពួក​គេ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​កម្មករ​ ក​ម្មា​ការ​រិ​នី​ឱ្យ​បាន​យល់​ដឹង​ពី​បញ្ហា​សុខភាព​ និង​បញ្ហា​សុ​វត្តិភាព​ផ្ទាល់ខ្លួន​។​

​លោក​ សៅ​ សា​រិ​ន​ ថា​៖​ «​បញ្ហា​នេះ​ រាល់ថ្ងៃ​អាជ្ញាធរ​មូលដ្ឋាន​ ថ្នាក់​ក្រុម​ ឃុំ​ សង្កាត់​ មួយ​ខែ​ប្រជុំ​ទៅ​តាម​ភូមិ​ បើក​វេទិការ​ អោយ​គាត់​ចូលរួម​…»​។​

​យោង​តាម​របាយ​កាណ៍​អង្កេត​កម្លាំង​ពលកម្ម​ និង​ពលកម្ម​កុមារ​ឆ្នាំ​ ២០១២​ របស់​វិទ្យា​សា្ថ​ន​ស្ថិតិ​ជាតិ​ នៃ​ក្រសួង​ផែ​ការ​ និង​អង្គការ​ពលកម្ម​អន្តរជាតិ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ប្រមាណ​ ១៥​លាន​នាក់​ មាន​ស្ត្រី​ ៥១%​ ដែល​ក្នុង​នោះ​ ៥២%​ គឺ​មាន​អាយុ​ចាប់ពី​ ១៥​ឆ្នាំ​ឡើង​។​ សម្ព័ន្ធ​បងប្អូន​ស្រី​អះអាង​ថា​ ស្ត្រី​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​បាន​យ៉ាងច្រើន​ រួម​ទាំង​ការងារ​ថែទាំ​កូន​ និង​ផ្ទះសម្បែង​ជាដើម​។​

​ក្រៅពី​កិច្ច​ការងារ​ក្នុងផ្ទះ​ស្ត្រី​ជាង​ ៦៤%​ ក៏​បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ទ្រទ្រង់​ជីវភាព​គ្រួសារ​។​ ក្នុង​ចំណោម​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​ ៦២%​ ក្នុង​នោះ​មាន​ស្ត្រី​ ៤៧%​ កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា​សេវាកម្ម​ និង​ការ​លក់ដូ​មាន​ ៥៦%​ រោងចក្រ​ និង​ម៉ាស៊ីន​ជាង​ ៥៣%​ និង​វិស័យ​ កសិកម្ម​ នេសាទ​ និង​ព្រៃឈើ​មាន​ ៤៧.៥%​។​

​សម្ព័ន្ធ​បងប្អូន​ ក៏​ដូច​ជា​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​កិច្ចការ​នារី​ បាន​ទទួលស្គាល់​ថា​ ស្ត្រី​គឺជា​ឆ្អឹងខ្នង​ប្រ​ ទេស​ជាតិ​ ដូច្នេះ​ប្រសិនបើ​ស្ថានភាព​ការងារ​ និង​ការ​រស់នៅ​របស់​ស្រី​មិន​ត្រូវ​បានការ​ពារ​នោះ​ទេ​ គ្រប់​ផ្នែក​ និង​គ្រប់​កម្រិត​ចាប់ពី​គ្រួសារ​ សហគមន៍​ និង​សង្គម​ជាតិ​ និង​ទទួល​នូវ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​៕

Share

Image
Image
Image