en     km
en     km

ក្រសួង​ដែនដី​៖​ ការ​ចុះបញ្ជី​ដីធ្លី​សម្រេច​លទ្ធផល​បាន​ជាង​ ៤,៦​ លាន​ប័ណ្ណ​

Share

សៀមរាប​៖​ លោក​ សៀ​ក​ វ​ណ្ណា​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​ប្រសាសន៍​ថា​ លទ្ធផល​នៃ​ការងារ​ចុះបញ្ជី​ដីធ្លី​ សម្រេច​បាន​ជាង​ ៤,៦​ លាន​ប័ណ្ណ​ គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ ឆ្នាំ​ ២០១៦​ ។

Mr.-SEAK-VANNA-NGOF-WMC

លោក​ សៀ​ក​ វ​ណ្ណា​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់ មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី​ការចុះបញ្ជីដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ ។​

​លោក​ សៀ​ក​ វ​ណ្ណា​ បាន​បញ្ជាក់​ថា​ លទ្ធផល​នៃ​ការងារ​ចុះបញ្ជី​ដីធ្លី​ខាងលើ​នេះ​ គឺ​ធ្វើ​ឡើង​ផ្អែក​ទៅ​លើ​ការ​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ តាម​រយៈ​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ ដែល​កំពុង​អនុវត្ត​ក្នុងភូមិ​ចំនួន​ ៤.៣៩៩​ ភូមិ​នៃ​ឃុំ​ចំនួន​ ៥០៨​ ឃុំ​-​សង្កាត់​ ក្នុង​ចំនួន​ ១០៦​ ក្រុង​-​ស្រុក​ នៅ​ទូ​ទាំង​ប្រទេស​។​ យោង​តាម​លទ្ធផល​នៃ​ការងារ​ចុះបញ្ជី​ដីធ្លី​ខាងលើ​នេះ​លោក​ សៀ​ក​ វ​ណ្ណា​ បាន​បន្ត​ទៀត​ថា​  ក្រសួង​បាន​បញ្ចូល​ទិន្នន័យ​ដីធ្លី​បាន​ជាង​ ៤,៦​ លាន​ក្បាល​ និង​ចែក​ប័ណ្ណ​ដល់​ដៃ​ប្រជាពលរដ្ឋ​បាន​ ៤,២​ លាន​ប័ណ្ណ​ ។​

​ចំណែក​លោក​តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ឬ​ហៅ​ NGO​ Forum​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លទ្ធផល​នៃ​ការ​អនុវត្ត​ការងារ​ឆ្នាំ​ ២០១៥​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នី​យកម្ម​ និង​សំណង់​ បង្ហាញ​ពី​ការ​ចុះបញ្ជី​ដីធ្លី​សម្រេច​បាន​ប្រមាណ​ ៤​លាន​ ១៤​ម៉ឺន​ក្បាលដី​ ស្មើនឹង​ ៥៩%​ នៃ​ក្បាលដី​ប៉ាន់​ស្មា​ន​​សរុប​ ០៧​ លាន​ក្បាលដី​នា​ពេល​នេះ​ គឺ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ ។​

Mr.Tek-Vanara-NGOF-WMC

លោក​តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ឬ​ហៅ​ NGO​ Forum​ មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី​ការចុះបញ្ជីដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ ។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បាន​លើក​ឡើង​ថា​ បញ្ហា​ប្រឈម​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​មាន​យឺត​យាវ​ដល់​ដំណើរការ​ការ​ចុះបញ្ជី​ដីធ្លី​មាន​ដូច​​​ជា​ កិច្ចសហការ​រវាង​ក្រសួង​មាន​សមត្ថកិច្ច​ ដៃគូ​អភិវឌ្ឍន៍​ អង្គការ​សង្គម​ស៊ី​វិល​ និង​ប្រជាពលរដ្ឋ​នៅ​មាននៅ​មាន​កម្រិត​ ហា​​ក់​ដូចជា​មិន​ទាន់​យល់ចិត្ត​ ឬ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​នៅឡើយ​រហូត​មក​ដល់​ពេល​នេះ​។​ ទន្ទឹម​គ្នា​នេះ​បញ្ហា​ធនធាន​មនុ​ស្ស​ ធនធាន​បច្ចេកទេស​ទំនើប​និង​ថវិការ​សម្រាប់​សកម្មភាព​ចុះបញ្ជី​ដីធ្លី​ក៏​នៅ​មាន​កម្រិត​ ហើយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ខ្លះ​ ខ្វះ​លិខិ​​ត​ឬ​ឯកសារ​បញ្ជាក់​អំពី​ភាព​ជា​ម្ចាស់​ស្របច្បាប់​។​

​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ​ លោក​ តឹក​ វណ្ណ​រ៉ា​ បាន​បន្ត​ទៀត​ថា​ ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន​គឺ​ជាន់​លើ​ដី​សហ​គ​​មន៍​​ជ​ន​ជាតិ​​ដើម​​ភាគតិច​ ហើយ​ក្នុង​នោះ​​ដែរ​ បញ្ហា​​​ទំនាស់​​ដីធ្លី​និងយន្ត​ការ​​នៃ​​ការ​ដោះ​ស្រាយ​​វិវាទ​​ដីធ្លី​ក៏​នៅ​មានការ​យឺតយូរ​ជូន​​ប្រ​ជា​​ពល​រដ្ឋ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ដែនដី​ គិត​ត្រឹម​ដំណាច់ខែ​មិថុនា​ ឆ្នាំ​ ២០១៦​ លទ្ធផល​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ គឺ​បាន​ទទួល​ពាក្យ​សរុប​ចំនួន​ ៤៥​ សហគមន៍​ ។​ ក្នុង​នោះ​បាន​និង​កំពុង​អនុវត្ត​ការ​ចុះបញ្ជី​ចំនួន​ ៣១​ សហគមន៍​ ចែក​ប័ណ្ណ​រួច​ ១១​ សហគមន៍​ ត្រៀម​ចែក​ប័ណ្ណ​ ០២​ សហគមន៍​  និង​កំពុង​អនុវត្ត​ ១៨​ សហគមន៍​ទៀត​ ។​ ទន្ទឹម​គ្នា​នេះ​ ការ​អនុវត្ត​តាម​ផែនការ​ ១០​ សហគមន៍​ក្នុង​មួយ​ឆ្នាំ​របស់​ក្រសួង​ នឹង​សម្រេច​ឲ្យ​បាន​ ៥៨​ សហគមន៍​ រហូត​ដល់​ឆ្នាំ​ ២០១៨​ ។​

NGOF-SIEM-REAB-LAND-WMC

វត្តមានតំណាងក្រសួងមន្ទីរពាក់ព័ន្ធ តំណាងអង្គការជាតិនិងអន្តរជាតិ ព្រមទាំងតំណាងប្រជាសហគមន៍ជាង ១៤០ នាក់ ចូលរួមក្នុងសិក្ខាសាលាស្តីពី​ការចុះបញ្ជីដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ ។​

​សូម​បញ្ជាក់​ថា​ នា​ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែ​ក​ក្ត​ដា​ ឆ្នាំ​ ២០១៦​ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ អន្តរជាតិ​ ដៃគូ​ម្ចាស់​ជំនួយ​ តំណាង​ក្រសួង​ពាក់ព័ន្ធ​ អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមទាំង​តំណាង​សហគមន៍​ដីធ្លី​ ប្រមាណ​ជាង​ ១៤០​ នាក់​ បាន​ចូលរួម​ក្នុង​សាលា​ស្តី​ពី​កម្មសិទ្ធិ​ដីធ្លី​ ការ​ចុះបញ្ជី​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​ និង​ការ​ចុះបញ្ជី​ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ មាន​រយៈពេល​ ០២​ ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​ទី​ ១៩​ ដល់​ ២០​ ខែ​ក​ក្ត​ដា​ នៅ​សណ្ឋាគា​មី​រ៉ា​ខ​ល​ រី​សត​និង​ស្ប៉ា​ ខេត្តសៀមរាប​។​  សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​៕

 

Share

Image
Image
Image