សៀមរាប៖ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា លទ្ធផលនៃការងារចុះបញ្ជីដីធ្លី សម្រេចបានជាង ៤,៦ លានប័ណ្ណ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០១៦ ។
លោក សៀក វណ្ណា អនុរដ្ឋលេខាធិការនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីការចុះបញ្ជីដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ ។
លោក សៀក វណ្ណា បានបញ្ជាក់ថា លទ្ធផលនៃការងារចុះបញ្ជីដីធ្លីខាងលើនេះ គឺធ្វើឡើងផ្អែកទៅលើការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ តាមរយៈអនុវិស័យរដ្ឋបាលដីធ្លី ដែលកំពុងអនុវត្តក្នុងភូមិចំនួន ៤.៣៩៩ ភូមិនៃឃុំចំនួន ៥០៨ ឃុំ-សង្កាត់ ក្នុងចំនួន ១០៦ ក្រុង-ស្រុក នៅទូទាំងប្រទេស។ យោងតាមលទ្ធផលនៃការងារចុះបញ្ជីដីធ្លីខាងលើនេះលោក សៀក វណ្ណា បានបន្តទៀតថា ក្រសួងបានបញ្ចូលទិន្នន័យដីធ្លីបានជាង ៤,៦ លានក្បាល និងចែកប័ណ្ណដល់ដៃប្រជាពលរដ្ឋបាន ៤,២ លានប័ណ្ណ ។
ចំណែកលោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ឬហៅ NGO Forum ដែលធ្វើការងារពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅកម្ពុជា មានប្រសាសន៍ថា លទ្ធផលនៃការអនុវត្តការងារឆ្នាំ ២០១៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញពីការចុះបញ្ជីដីធ្លីសម្រេចបានប្រមាណ ៤លាន ១៤ម៉ឺនក្បាលដី ស្មើនឹង ៥៩% នៃក្បាលដីប៉ាន់ស្មានសរុប ០៧ លានក្បាលដីនាពេលនេះ គឺមានភាពយឺតយ៉ាវក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ឬហៅ NGO Forum មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពីការចុះបញ្ជីដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ ។
លោក តឹក វណ្ណារ៉ា បានលើកឡើងថា បញ្ហាប្រឈមមួយចំនួន ដែលនាំឲ្យមានយឺតយាវដល់ដំណើរការការចុះបញ្ជីដីធ្លីមានដូចជា កិច្ចសហការរវាងក្រសួងមានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅមាននៅមានកម្រិត ហាក់ដូចជាមិនទាន់យល់ចិត្ត ឬមានភាពស្មោះត្រង់នឹងគ្នានៅឡើយរហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះបញ្ហាធនធានមនុស្ស ធនធានបច្ចេកទេសទំនើបនិងថវិការសម្រាប់សកម្មភាពចុះបញ្ជីដីធ្លីក៏នៅមានកម្រិត ហើយប្រជាពលរដ្ឋជាម្ចាស់ដីខ្លះ ខ្វះលិខិតឬឯកសារបញ្ជាក់អំពីភាពជាម្ចាស់ស្របច្បាប់។
ស្របនឹងការលើកឡើងខាងលើ លោក តឹក វណ្ណរ៉ា បានបន្តទៀតថា ការផ្តល់សម្បទានដីសេដ្ឋកិច្ចមួយចំនួនគឺជាន់លើដីសហគមន៍ជនជាតិដើមភាគតិច ហើយក្នុងនោះដែរ បញ្ហាទំនាស់ដីធ្លីនិងយន្តការនៃការដោះស្រាយវិវាទដីធ្លីក៏នៅមានការយឺតយូរជូនប្រជាពលរដ្ឋ។
តាមការឱ្យដឹងពីក្រសួងដែនដី គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០១៦ លទ្ធផលនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច គឺបានទទួលពាក្យសរុបចំនួន ៤៥ សហគមន៍ ។ ក្នុងនោះបាននិងកំពុងអនុវត្តការចុះបញ្ជីចំនួន ៣១ សហគមន៍ ចែកប័ណ្ណរួច ១១ សហគមន៍ ត្រៀមចែកប័ណ្ណ ០២ សហគមន៍ និងកំពុងអនុវត្ត ១៨ សហគមន៍ទៀត ។ ទន្ទឹមគ្នានេះ ការអនុវត្តតាមផែនការ ១០ សហគមន៍ក្នុងមួយឆ្នាំរបស់ក្រសួង នឹងសម្រេចឲ្យបាន ៥៨ សហគមន៍ រហូតដល់ឆ្នាំ ២០១៨ ។
វត្តមានតំណាងក្រសួងមន្ទីរពាក់ព័ន្ធ តំណាងអង្គការជាតិនិងអន្តរជាតិ ព្រមទាំងតំណាងប្រជាសហគមន៍ជាង ១៤០ នាក់ ចូលរួមក្នុងសិក្ខាសាលាស្តីពីការចុះបញ្ជីដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០១៦ តំណាងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ដៃគូម្ចាស់ជំនួយ តំណាងក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្តសៀមរាប ព្រមទាំងតំណាងសហគមន៍ដីធ្លី ប្រមាណជាង ១៤០ នាក់ បានចូលរួមក្នុងសាលាស្តីពីកម្មសិទ្ធិដីធ្លី ការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ និងការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិច មានរយៈពេល ០២ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែកក្តដា នៅសណ្ឋាគាមីរ៉ាខល រីសតនិងស្ប៉ា ខេត្តសៀមរាប។ សិក្ខាសាលានេះរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា៕