ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា ក្រសួងបរិស្ថានគ្រោងនឹងបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថាននៅចុងខែធ្នូខាងមុខនេះ។ ការបង្កើតសេចក្តីព្រាងនេះក្នុងគោលបំណង ដើម្បីចូលរួមគាំពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា។
ការថ្លែងដូចនេះធ្វើទ្បើងនៅក្នុងកិច្ចប្រជុំលើកទី០៤ របស់ក្រុមការងារចំពោះកិច្ចអន្តរក្រសួងស្តីពីការរៀបចំឯកសារ «យុទ្ធសាស្ត្រ និងផែនការសកម្មភាព បរិស្ថានជាតិ ២០១៦-២០២៣» ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ លោក ជួន សារ៉េត រាយការណ៍៖
ការៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិឆ្នាំ២០១៦-២០២៣ គឺដើម្បីធ្វើយ៉ាងស្របតាមគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះនឹងជំរុញការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍន៍ដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះថា ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះបានល្អប្រសើរនោះ វានឹងជួយ សេដ្ឋកិច្ចសង្គម ប្រជាពលរដ្ឋដែលរស់នៅតាមសហគមន៍ជាដើម។
លោក សៅ សុភាព បានបញ្ជាក់ថាការអនុវត្តន៍ផែនការយុទ្ធសាស្ត្រនេះ ផ្តោតសំខាន់ទៅលើកិច្ចគាំពារ បរិស្ថានគឺការគ្រប់គ្រងបញ្ហាបំពុលបរិស្ថាន ដូចជាបញ្ហាសំណល់រឹងរាវ ការបំពុលទឹក បំពុលដី បំពុលខ្យល់ និងបំពុលសំទ្បេងជាដើម ហើយធ្វើយ៉ាងណាធានាការកាត់បន្ថយអំពីផលប៉ះពាល់នានាដល់បរិស្ថាន។
អ្នកនាំពាក្យរូបនេះបញ្ជាក់ផងដែរ ការគាំពារបរិស្ថាននេះគឺត្រូវមានកិច្ចសហការពីប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ ប៉ុន្តែលោកថាការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួន គឺមិនទាន់មានការយល់ដឹងច្បាស់ពីសារៈសំខាន់នៃការគាំពារបរិស្ថាននៅទ្បើយ។
លោក សៅ សុភាព៖ «ការលើកកម្ពស់ការយល់ដឹងជាសារណៈអំពីបញ្ហាបរិស្ថាន បើគ្មានការយល់ដឹងជាសាធារណៈ ហើយគ្មានការចូលរួមឱ្យបានទូលំទូលាយជាសារណៈ នៅក្នុងកិច្ចគាំពារបិរស្ថាន គ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ ក្រសួងសព្វថ្ងៃនេះគឺបានធ្វើកិច្ចការងារច្រើនពាក់ព័ន្ធទៅនឹងការងារអប់រំបរិស្ថាន ចែករំលែកព័ត៌មាននឹងទិន្នន័យបរិស្ថានជាសាធារណៈ សព្វថ្ងៃនេះគឺមានការកើនទ្បើងនៃការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គ តាមរយៈវិទ្យុ…»។
ទាក់ទងនឹងសេចក្តីព្រាងនេះដែរ ប្រធានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ដែលមានឈ្មោះជាភាសាអង់គ្លេសថា NGO Forum លោក តឹក វណ្ណារ៉ា សាទរសេចក្តីព្រាងនេះ ប៉ុន្តែលោកថាក្រសួងសាមី និងដៃគូរពាក់ព័ន្ធផ្សេងៗទៀតត្រូវពង្រឹងពីការអនុវត្តសេចក្តីព្រាងនេះឱ្យបានល្អប្រសើរ។
លោក តឹក វណ្ណារ៉ា បន្ថែមទៀតថា បច្ចុប្បន្ននេះកម្ពុជាកំពុងមានបញ្ហាប្រឈមមួយចំនួនមានដូចជាការបាត់បង់ធនធានព្រៃឈើ បាត់បង់ការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងកាកសំណល់រឹងរាវនៅមានកម្រិតនៅទ្បើយ។
លោក តឹក វណ្ណា គូសបញ្ជាក់ថាដើម្បីឱ្យសេចក្តីព្រាងមួយនេះទទួលបានជោគជ័យនោះក្រសួងសាមីត្រូវមានផែនការយុទ្ធសាស្ត្រដូចនេះ៖
«ទី០១គឺការអនុវត្តច្បាប់គេហៅថាការអនុវត្តប្រកបដោយប្រជាជនទាំងអស់ ស្មើមុខស្មើមាត់ប្រកបដោយប្រសិទ្ធភាពបានត្រឹមត្រូវ ទី០២ត្រូវតែបែងចែកថាធនធានថវិកា មានន័យថាបើគាត់មានតែផែនការមេ គាត់មានតែសកម្មភាព ប៉ុន្តែប្រសិនបើគាត់អត់មានធនធានថវិការគ្រប់គ្រាន់ ធនធានមនុស្សគ្រប់គ្រាន់នោះការអនុវត្តនោះ នឹងមិនបានគ្រប់ជ្រុងជ្រោយនោះទេ…»។
សូមជំរាបថា សេចក្តីព្រាងយុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ ឆ្នាំ២០១៦-២០២៣ នេះធ្វើទ្បើងនៅក្នុងឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់យុទ្ធសាស្ត្រផែនការសកម្មភាពនេះនៅចុងឆ្នាំ២០១៦នេះ ហើយបច្ចុប្បន្នឯកសារនេះសម្រេចបានប្រហែល ៧០ភាគរយ។ ក្រសួងនឹងមានរៀបចំសិក្ខាសាលាថ្នាក់ជាតិបន្តទៀត នៅខែសីហាខាងមុខនេះដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថានពិនិត្យ៕