ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានបកស្រាយថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនបានស្នើឲ្យអ្នកបញ្ជាទិញសំលៀកបំពាក់នៅសហគមអឺរ៉ុប បិទទីផ្សារនាំចេញសំលៀកបំពាក់ពីប្រទេសកម្ពុជាទេ។ ចំណែកប្រធានសហជីពសហភាពការងារកម្ពុជាថា កម្មកររាប់ពាន់អ្នកនឹងចេញតវ៉ា ប្រសិនបើសហគមអឺរ៉ុបបិទទីផ្សារនាំចេញសំលៀកបំពាក់មែននោះ។ លោក ធូ វិរៈ រាយការណ៍ព័ត៌មាននេះ៖
កាលពីថ្ងៃទី ១៣ ខែ កក្កដា កន្លងទៅ ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងនៅក្នុងសភាអឺរ៉ុបថា បើអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា ហើយបើកទីផ្សារវិញ ត្រូវភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួនគឺធ្វើយ៉ាងណា តម្រូវឱ្យមានការគោរពសិទ្ធិកម្មករ។
ការថ្លែងរបស់លោក សម រង្ស៊ី បានជំរុញឱ្យមានប្រតិកម្ម មួយចំនួនពីសហជិព នៅកម្ពុជា។ សហជិពខ្លះព្រមានថា បើដូចលោក សម រង្ស៊ី ទាមទារមែននោះ គឺជាគ្រោះដល់ការរស់នៅ និងការងាររបស់កម្មករ។
ដើម្បីកាត់បន្ថយការភ័ន្តច្រឡំ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបាន ថ្លែងបកស្រាយបញ្ជាក់ថា លោក សម រង្ស៊ី មិនបានជំរុញឬក៏ទាមទារដូចនេះទេ។
លោក អ៊ូ ចន្ទប្ញទ្ធិ បានពន្យល់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនបានស្នើសុំសភាអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជាទេ ប៉ុន្តែលោកថា លោក សម រង្ស៊ី ថ្លែងនៅក្នុងសភាអឺរ៉ុបដោយប្រើពាក្យថា បើសហគមន៍អឺរ៉ុបធ្លាប់អនុវត្តន៍ទៅលើប្រទេសណាដែលរំលោភសិទ្ធិមនុស្ស រំលោភលក្ខខណ្ឌការងារ រំលោភលទ្ធិប្រជាធិបតេយ្យ មានប្រសិទ្ធិភាព សូមឲ្យអឺរ៉ុបអនុវត្តន៍នៅប្រទេសកម្ពុជាផង។
លោក អ៊ូ ចន្ទប្ញទ្ធិ៖«លោកប្រធានមិនមែនឲ្យកាត់ជំនួយ ឲ្យបិទទីផ្សារទិញផលិតផលនោះទេ។ គាត់ថា សហគមន៍អឺរ៉ុបធ្វើចំពោះប្រទេសណា ហើយមានប្រសិទ្ធិភាព សូមឲ្យអនុវត្តន៍លើប្រទេសកម្ពុជាផងដែរ»។
លោក អ៊ូ ចន្ទប្ញទ្ធិ បានបន្ថែមថា សហគមន៍អឺរ៉ុបមិនស្តាប់យោបល់ពី គណបក្សប្រឆាំងតែមួយនោះទេពោលគឺ ប្រសិនបើសហគមន៍អឺរ៉ុបចង់បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជាមែននោះ សហគមន៍អឺរ៉ុបនឹងជួបភាគីរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល ដើម្បីពិនិត្យបញ្ហានេះ។
មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិបានថ្លែងដូចនេះ នៅក្នុងសន្ទរកថាប្រចាំថ្ងៃរបស់គណបក្ស កាលពីព្រឹកថ្ងៃអង្គារទី១៩ កក្កដានេះ នៅសង្កាត់ចាក់អង្រែលើ ។
ចំណែក លោក អាត ធន់ ប្រធានសហជីពសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា ការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងដូចនេះគឺ ជាបញ្ហា របស់អ្នកនយោបាយ ប៉ុន្តែលោកអំពាវនាវឲ្យអ្នកនយោបាយដោះស្រាយបញ្ហានយោបាយដោយខ្លួនឯងហើយ ដោយសន្តិវិធី។
លោក អាត ធន់ បន្ថែមថា កម្មកររាប់ពាន់ក្នុងវិស័យកាត់ដេសម្លៀកបំពាក់ និងស្បែកជើង នឹងចេញតវ៉ា ប្រសិនបើសហគមអឺរ៉ុបបិទទីផ្សារនាំចេញសំលៀកបំពាក់មែននោះ។
លោក អាត ធន់៖«ប្រសិនជាប្រទេសកម្ពុជា មានជម្លោះនយោបាយរហូតដល់ សហគមអឺរ៉ុប សហរដ្ឋអាមេរិក បិទ(ទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា) មានន័យថា ទាំងអស់នេះនឹងមានបញ្ហា ហើយគាត់(កម្មករ)នឹងអាចតវ៉ាពេញផ្លូវ ដើម្បីឲ្យមានការដោះស្រាយឲ្យគាត់វិញហើយ»។
តែបែបនេះក្ដី លោក អាត ធន់ មិនបាននិយាយថា លោក សម រង្ស៊ី មានកំហុស ដោយសារលើកឡើង ដូចនេះទេ ។
បន្ទាប់ពី លោក សម រង្ស៊ី ថ្លែងដូចនេះ ប្រធានសហជីពសហភាពសិទ្ធិកម្មករកម្ពុជា លោក គឹម ចាន់សំណាង កាលពីថ្ងៃម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ប្រធានគណបក្សប្រឆាំងរូបនេះ។ សេចក្តីថ្លែងការណ៍ដដែលបាន ចាត់ទុកការថ្លែងរបស់លោក សម រង្ស៊ី ជាកេងចំណេញនយោបាយ ។ សេចក្តីថ្លែងការណ៍នេះក៏បាន ទទូចឲ្យសហគមអឺរ៉ុបចុះមកតាមដានស្ថានការផ្ទាល់នៅកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ហភាពសិទ្ធិកម្មករកម្ពុជា បញ្ជាក់ថា បើសហគមអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ នឹងធ្វើឲ្យប៉ះពាល់ជីវភាពកម្មករកម្ពុជាប្រមាណ៨០ម៉ឺននាក់។
តាមរបាយការណ៍របស់សហភាពអឺរ៉ុបស្តីពីពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្រទេសកម្ពុជា បានបង្ហាញថា អឺរ៉ុបផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកម្ពុជា ស្ថិតក្នុងរង្វង់ទឹកប្រាក់ ៤៥៥១ លានអឺរ៉ូ ស្មើនិងប្រមាណ ៥ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៥។
ក្នុងនោះសម្លៀកបំពាក់ដែលកម្ពុជានាំចេញមានទំហំជាទឹកប្រាក់ ២,៩៦២លានអឺរ៉ូ ស្មើនិង ៣.២ ពាន់លានដុល្លារអាមេរិក។ ប្រទេសដែលដាក់ទុនវិនិយោគធំជាងគេនៅ កម្ពុជា លើវិស័យកាត់ដេរ គឺ ប្រទេសចិន ៕