ក្រុងប៉េកាំង៖ មន្ត្រីយោធាកំពូលរបស់ចិនបានប្តេជ្ញាថា បើទោះជាមានសេចក្តីសម្រេចរបស់តុលាការមជ្ឈឹត្តការអន្តរជាតិ បានថ្កោលទោសសកម្មភាពសាងសង់របស់ខ្លួននេះខុសច្បាប់ក៏ដោយ ក៏ប្រទេសចិននឹងមិនបញ្ឈប់ការសាងសង់កោះសិប្បនិមិត្តនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។
ការថ្លែងបែបនេះ គឺធ្វើបានឡើងខណៈពេលប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធល្បែងសង្គ្រាមនៅ តំបន់យុទ្ធសាស្ត្រសំ ខាន់ៗ ដែលកំពុងមានភាពតានតឹងផ្នែកការទូត។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ មេបញ្ជាការកងទ័ពប្រជាជនចិន Wu Shengli បាននិយាយប្រាប់សមភាគីរបស់ខ្លួន គឺលោកឧត្តមនាវីអាមេរិក Admiral John Richardson ថា៖«ចិន នឹងមិនបញ្ឈប់ការសាងសង់របស់យើងនៅលើប្រជុំកោះ Nansha ដែលកំពុងសាងសង់បានពាក់កណ្តាលនេះ»។
កោះសិប្បនិមិត្ត Nansha គឺជាឈ្មោះដែលចិនបានដាក់ ហើយកោះនេះស្ថិតក្នុងប្រជុំកោះ Spratlys ដែលក្រុងប៉េកាំងបានប្រែក្លាយទៅជាកោះថ្មប៉ប្រក់ទឹក ដើម្បីប្រើប្រាស់ជាមូលដ្ឋានយោធាផងដែរ។
លោក Wu Shengli បានបន្ថែមថា «ប្រជុំកោះ Nansha គឺជាដែនទឹកអាណាខេត្តរបស់ប្រទេសចិនដែលមានជាយូរណាស់មកហើយ ដោយមានសំណង់ចាំបាច់សំខាន់ៗរបស់យើងនៅលើកោះនេះ គឺសមហេតុផល និងស្របច្បាប់»។
តុលាការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ កាលពីសប្ដាហ៍មុនបានសម្រេចថា ទីក្រុងប៉េកាំងពុំមានមូលដ្ឋានច្បាប់គ្រាប់គ្រាន់ ដើម្បីទាមទារថាដែនទឹកនៅតំបន់ ជារបស់ខ្លួននោះទេ៕
ប្រភព៖BBC