BBC៖ យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនបីគ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃប្រទេសជប៉ុន។
នាយសេនាធិការកងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលបានបាញ់នេះ ត្រូវបានគេជឿថា ជាប្រភេទមីស៊ីលមានល្បឿនលឿនបំផុត នឹងត្រូវបានបាញ់ចេញពីភាគខាងលិចនៃទីក្រុង Hwangju ប្រទេសកូរ៉ខាងជើង។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ការបាញ់មីស៊ីលនេះ គឺទំនងដើម្បីឆ្លើយតបទៅ នឹងសកម្មភាពសមយុទ្ធយោធាអាមេរិក និងកូរ៉េខាងត្បូង ដែលបានដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលដើម្បីប្រឆាំងនឹងការគំរាមកំហែងណាមួយ អាចកើតមានពីសំណាក់កូរ៉េខាងជើង។
ភាពតានតឹងបានកើនឡើង ចាប់តាំងពីក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនលើកទីបួនហើយ ចាប់តាំងពីខែមករា មក។
សេចក្តីថ្លែងការណ៍របស់ពួកយោធាកូរ៉េខាងត្បូងបានបន្ថែមថា គេបានបាញ់មីស៊ីលចុងក្រោយនៅចន្លោះម៉ោង ០៥:៤៥ រហូតដល់ម៉ោង ០៦:៤០ ម៉ោងនៅក្នុងប្រទេសកូរ៉េខាងជើង។
សូមបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនលើកច្រើនសា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយរួមបញ្ចូលទាំងការបាញ់កាំជ្រួចសាកល្បងក្នុងប្រត្តិបត្តការវង់មធ្យមផងដែរ កាលពីខែមិថុនា។ សកម្មភាពគឃ្លើនរបស់ក្រុងព្យុងយ៉ាង នេះ គឺបានរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីបនេះ។
កាលពីថ្ងៃទី ០៧ ខែកក្កដា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានសំរេចចិត្តដាក់ពង្រាយប្រព័ន្ធមីស៊ីលប្រឆាំងនឹងមីស៊ីល (THAAD) នៅស្ថានីយមួយនៅភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។
សកម្មភាពនេះ ធ្វើឱ្យមន្ត្រីយោធាកូរ៉េខាងជើងឆ្លើយតបថា ខ្លួននឹងសងសឹកជាមួយ កាយវិការផ្គើនរបស់អាមេរិក និងកូរ៉េខាងត្បូងនេះ។
ជុំវិញករណីនេះ ប្រទេសចិនក៏បានរិះគន់ការសម្រេចចិត្តនេះ ដោយចាត់ទុកថា ទង្វើរបស់ប្រទេសទាំងពីរដែលកំពុងធ្វើនេះ នឹងអាចបង្កឱ្យបាត់បង់ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ជាមិនខាន៕
ប្រភព៖BBC