ភ្នំពេញ៖ លោក Torm Malinowski ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ដែលបង្ហាញការព្រួយបារម្ភ ពីការធ្លាក់ចុះ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាព បក្សប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជាត្រូវបានរាយការណ៍មកថាលោកនឹងទៅគោរពវិញ្ញក្ខន្ធលោកបណ្ឌិត កែម ឡី នៅព្រឹកនេះ។
លោក ទឹម ម៉ាល័យ សមាជិកគណៈកម្មាការបុណ្យសពលោកបណ្ឌិត កែម ឡី បានឱ្យវិទ្យុស្ត្រីដឹងថាលោក Torm Malinowski នឹងទៅកាន់វត្តពោធិយារ៉ាម ហៅ វត្តចាស់ នៅសង្កាត់ជ្រោយចង្វា នៅម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃអង្គារនេះ ដើម្បីគោរពវិញ្ញណក្ខន្ធ លោកបណ្ឌិត កែម ឡី។
ឧបការីរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅពេល ស្ថានការណ៍នយោបាយ ឡើងកំដៅនេះលោកបានជួប ជាមួយលោក លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស កម្ពុជាកាលពីថ្ងៃម្សិលមិញ។ ក្នុងជំនួបនោះ លោក Torm Malinowski បានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពង្រឹងវប្បធម៌សន្ទនាឡើងវិញខណៈលោកព្រួយបារម្ភអំពីការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស នៅកម្ពុជា។
លោក Torm Malinowski ក៏បានជួបផងដែរជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក Tom Malinowski ជាឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ៕