ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី -អ៊ឺរ៉ុប នៅប្រទេសម៉ុងហ្គោលី កាលពីសប្ដាហ៍មុន ប្រទេសចិន បានសន្យាផ្ដល់ជំនួយឥតសំណង ជិត ៦០០ លានដុល្លាអាមេរិកដល់កម្ពុជាដែលជំនួយដ៏ច្រើនសន្ធឹកសន្ធាប់នេះ បាននាំឱ្យមានការចោទសួរជាថ្មីទៀត ពីឥទ្ធិពលប្រទេសចិន លើអធិបតេយ្យភាព និងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា ទៅថ្ងៃខាងមុខ។
អ្នកវិភាគយល់ឃើញថា ការផ្ដល់ជំនួយរបស់ចិនជិត ៦០០ លានដុល្លាដល់ កម្ពុជាជាថ្មីនេះមានទាំងផលវិជ្ជមាននិងផលអវិជ្ជមាន។ ក្នុងនោះពួកគេយល់ឃើញថា ការផ្ដល់ជំនួនឥតសំណងមកកម្ពុជានៅពេលនេះ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្ដៅដូចនេះ អាចជាសញ្ញាមួយដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវបានសហគមន៍ អន្ដរជាតិកាន់តែដាក់គំនាបលើកម្ពុជាកាន់តែខ្លាំង ព្រោះគេខ្លាចកម្ពុជាអនុវត្តគោលនយោបាយ រដ្ឋមានបក្សតែមួយ។
ប៉ុន្ដែមន្ដ្រីរាជរដ្ឋាភិបាលបដិសេធការយល់ឃើញនេះដោយបញ្ជាក់ថា ចិនជួយកម្ពុជាត្រឹមត្រូវព្រោះក្នុងនាមប្រទេសជាមិត្ដប៉ុណ្ណោះ ។ លោក លៀ ស៊ីណា រាយការណ៍លម្អិត៖
ក្នុងកិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប លើកទី១១ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅសម្ដេច ហ៊ុន សែន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ប្រទេសចិនសម្រេចផ្ដល់ជំនួយដល់កម្ពុជាជាទឹកប្រាក់ប្រមាណ ៣៦០០ លានយន់ ដែលស្នើ ៦០០លានដុល្លា សម្រាប់ការអភិវភិឌ្ឍន៍កម្ពុជា ដែលក្នុងទឹកប្រាក់ទាំងនោះ មានមួយចំណែកសម្រាប់ជួយដល់ការរៀបចំដំណើរការបោះឆ្នោតផងដែរ។
ការផ្ដល់ជំនួយរបស់ចិន ដ៍ច្រើនសន្ធឹកសន្ធាប់ទៀតនេះបន្ទាប់ពី កម្ពុជា សន្យាមិនគាំទ្រ ចំពោះសាលដីការបស់មជ្ឈឹត្តការអន្តរជាតិ និយាយពីសមុទ្រចិនខាងត្បូង ដែលចិនរងការចោទថា រំលោភលើដែនទឹកប្រទេស ហ្វីលីពីន។ ជំហររបស់កម្ពុជាត្រូវចិនកោតសរសើរ ដោយចាត់ទុកថាជាមិត្ត ដ៏ល្អរបស់ចិន។
កាលពីថ្ងៃទី ១២កក្កដា តុលាការមជ្ឈឹត្ដការអចិន្ដ្រៃ បានសម្រេចថា ចិនមិនមានសិទ្ធិចូលកាន់កាប់លើតំបន់ដែលមានជម្លោះជាមួយប្រទេសជិតខាងនោះទេ បើទោះជាក្រុងបេកាំងអះអាងថា ជាតំបន់ប្រវត្ដិសាស្ដ្ររបស់ខ្លួនក៏ដោយ។
បើនិយាយពីជំនួយរបស់ចិន គឺប្រទេសនេះ មិនដែលនិយាយពីការជំរុញកម្ពុជាអនុវត្តន៍ នយោបាយសេរីពហុបក្សម្ដងណានោះទេ ខណៈប្រទេសនេះ ប្រកាន់របបកុំម្មុយនិស្តដែលមិនខ្វល់ពីការគាបសង្កត់ឱ្យគោរពសិទ្ធិមនុស្ស។ ក្រៅពីជំនួយ ប្រទេសចិន បានផ្ដល់ប្រាក់កំម្ចីឱ្យកម្ពុជា ជាច្រើនពាន់លានដុល្លារ ដែរ។ ប្រាក់ជំនួយនិងប្រាក់កំម្ចីពេលខ្លះ ក៏ត្រូវបានក្រុមប្រឆាំងសង្ស័យថា ប្រើប្រាស់ពុំមានតម្លាភាព ដែរ។
តើអ្នកវិភាគ មើលឃើញដូចម្ដេចដែរ ចំពោះទំនាក់ទំនងកម្ពុជា ចិន និងប្រាក់ជំនួយរបស់ចិន សម្រាប់កម្ពុជា នាពេលបច្ចុប្បន្ននេះ?
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១៨ខែកក្កដា ឆ្នាំ ២០១៦ ថាទំនាក់ទំនងកម្ពុជា និងចិន មានលក្ខណៈពិសេសកាន់តែស៊ីជម្រៅឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យមានការកត់សម្គាល់ពី អនាគតកម្ពុជា។
បើតាមលោក មាស នី ជំនួយឥតសំណងរបស់ចិនមកកាន់កម្ពុជាជាថ្មីទៀតនេះ ជាហេតុដែលនាំឲ្យកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនដល់សព្វថ្ងៃ។ តែលោកថា ការទទួលជំនួយឥតសំណងពីប្រទេសចិនច្រើនសន្ធឹកសន្ធាប់ យ៉ាងនេះក្ដី គឺកម្ពុជា មិនត្រូវភ្លេចថា ខ្លួនជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនោះទេ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមបន្ថែមថា រាជរដ្ឋាភិបាលគួរតែចាត់ចែងថវិកាជំនួយនោះ ដោយធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យមានអំពើរពុករលួយ ដើម្បីឲ្យប្រាក់ជំនួយទាំងនោះអាចយកមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រកបដោយតម្លាភាព។ លោក បណ្ឌិតយល់ថា ដោយសារ ចិនជាប្រទេសជំនួញធំនៅកម្ពុជាទើបប្រទេសនេះព្យាយាមផ្ដើមទំនាក់ទំនងល្អជាមួយ គណបក្សកាន់អំណាច។
លោក មាស នី៖«ដោយសារប្រទេសចិនជាប្រទេសជំនួញ ដូច្នេះគេមិនចង់ឃើញប្រទេសដែលគេបណ្ដាក់ទុកជំនូញច្រើនបែរជាមានអស្ថេរភាពនោះទេ អញ្ចឹងហើយចិនត្រូវតែរកវិធីដើម្បីចងមិត្ដភាពជាមួយបក្សផ្សេងទៀត ដើម្បីមុខជំនួញរបស់គេ»។
តើជំនួយរបស់ចិនអាចជាការផ្ចាញ់ផ្ចាល់ ប្រទេសលោកខាងលិច ដែលគំរាមផ្អាកជំនួយ មកកាន់កម្ពុជាដែរឬទេ?
លោក សូ ចន្ថា សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយ យល់ឃើញថា ជំនួយរបស់ចិនអាចជាការឆ្លើយតបមកកម្ពុជាចំពោះជំហរគាំទ្រចិន ជុំវិញជម្លោះដែនសមុទ្រចិនខាងត្បូង។ លោកថា ជំនួយនេះក៏ជាសារមួយប្រាប់ កម្ពុជាថា ទោះជាសហគមន៍អន្ដរជាតិចង់ផ្ដាច់ជំនួយកម្ពុជា ករណីគេចោទកម្ពុជាថាមានការំលោភសិទ្ធិមនុស្សក្ដី ក៏ប្រទេសចិននៅតែគាំទ្រកម្ពុជា គ្រប់រូបភាពដោយមិនខ្វល់ការរិះគន់របស់ពួកលោកខាងលិចឡើយ។
សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយបន្ដថា ក្នុងនាមលោកជាពលរដ្ឋខ្មែរមួយរូបលោកមានការសាទ ដែលប្រទេសជាមិត្ដផ្ដល់ជំនួយសម្រាប់ការអភិវឌ្ឍន៍កម្ពុជាខណៈ ប្រទេសកំពុងតែខ្វះខាត។ ប៉ុន្ដែលោកថា ជំនួយរបស់ចិនថ្វីឥតសំណងមែន ប៉ុន្ដែក្នុងនោះចិនមានបំណងឲ្យកម្ពុជាគាំទ្រក្រុមហ៊ុនចិន ណាមួយមានទំនាស់ដីធ្លីជាមួយ ពលរដ្ឋខែ្មរ។
តែនៅពេលជាមួយគ្នានេះ លោក សូ ចន្ថា ទទូចថាកម្ពុជាគួរត្រូវ ប្រុងប្រយ័ត្ន ពីការដើរខុសគោលការណ៍របស់ខ្លួនធ្លាក់ចូលទៅក្នុងរបសកុំមុយនីសដូចប្រទេសចិន។
លោក សូ ចន្ថា៖ «ចិនមានបំណងការមកវិនិយោគទុន ឬការកាន់កាប់ដីសម្បទានសេដ្ឋកិច្ចជាច្រើនដែលក្នុងនោះចិនហាក់ដូចជាធ្វើនំអត់ម្សៅ ដូចដែរមកកាន់កាប់ព្រៃស្រោង រុករករ៉ែមួយចំនួនដែលទាំងអស់នេះដែលយើងឃើញថាប្រទេសយើងបាត់បង់ប្រយោជន៍ទៅប្រទេសចិនវិញ»។
ប៉ុន្ដែ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការផ្ដល់ជំនួយរបស់ចិនគឺក្នុងនាមប្រទេសជាមិត្ដដោយស្មោះត្រង់ ដែលចង់ជួយដល់កម្ពុជាដើម្បីភាពរីកចម្រើនតទៅមុខប៉ុណ្ណោះ។
អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ដ្រីរូបនេះបន្ដថា កម្ពុជានៅតែស្ថិតជាប្រទេសដែលមានឯករាជ្យមិនស្ថិតក្រោមអំណាចប្រទេសណាមួយនោះឡើយ។ លោកថា ការផ្ដល់ជំនួយរបស់ចិននាពេលនេះគឺជារឿងដ៏ប្រសើរបំផុតដែលជួយឲ្យរាជរដ្ឋាភិបាល អាចជួយដល់ពលរដ្ឋខ្មែរគ្រប់រូប ទទួលនូវសេវាសាធារណៈឲ្យកាន់តែបានទាន់ពេលវេលាហើយប្រកបដោយគុណភាពថែមទៀតផង។
លោក ផៃ ស៊ីផាន៖«ការផ្ដលជំនួយចិនគឺយកមកដើម្បីអភិវឌ្ឍន៍ពង្រឹកវិស័យសុខាភិបាល វិស័យអប់រំសុវត្ថិភាពទឹកស្អាតសម្រាប់មហាជនហើយនិងរៀបចំដំណើរការបោះឆ្នោត ដើម្បីធ្វើឲ្យកម្ពុជាអភិវឌ្ឍន៍បន្ដទៀតទាំងលទ្ធិប្រជាធិបតេយ្យ ក៏ដូជាការប្រឹងប្រែងពង្រឹកនូវធនធានមនុស្ស ក៏ដូចជាសុខមាលភាពជាដើម»។
ទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ដែលគេហៅថា ទំនាក់ទំនងជាប្រវត្តិសាស្ត្រគឺមិនមាន តែសម័យកាលនៃគណបក្សកាន់អំណាចរបស់ សម្ដេច ហ៊ុន សែន នោះទេ គឺតាំងពីសម័យសង្គមរាស្ត្រនិយម របស់អតីតព្រះមហាក្សត្រ នរោត្តមសីហនុផងដែរ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ ប្រទេសធំមួយនេះ មានទំនាក់ទំនងដ៏ស្និទ្ធស្នាលផងដែរ កាលពីក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ របស់អតីតនាយករដ្ឋមន្ត្រី ប៉ុល ពត៕