ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទៅបាន លុះត្រាតែគ្រប់គណបក្សនយោបាយប្រកួតប្រជែងគ្នាដោយស្មោះត្រង់។ លោក អះអាងថាការបោះឆ្នោតនាពេលកន្លងមកនេះ ពុំមានភាពស្មោះត្រង់នោះទេ ដែលលោកទាមទារឱ្យបក្សនយោយបាយប្រកាន់គោលជំហរសន្តិវិធី នឹងប្រកួតគ្នាដោយត្រឹមត្រូវយុត្តិធម៌។
ការថ្លែងដូចនេះធ្វើទ្បើងនៅចំពោះមុខអ្នកគាំទ្ររបស់លោក ជាច្រើនរយនាក់ដែលបានចូលរួមអបអរសាទរខួប៤ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។ តែបែបនេះក្ដី បក្សកាន់អំណាចថាក្រមសីលធម៌និងច្បាប់បោះឆ្នោត ជាគោលមាគ៌ាមួយ ដែលបក្សប្រជាជនកម្ពុជារបស់លោក ត្រូវប្រកាន់ខ្ជាប់។ លោក លៀ ស៊ីណា រាយការណ៍ពីព័ត៌មាននេះ៖
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានសំងំនៅក្នុងទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ ចាក់អង្រែលើ អស់រយះពេលជាង ១ខែមកនេះ បានចេញមកថ្លែងសារនៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជា សកម្មជន និងអ្នកគាំទ្ររបស់លោក នៅថ្ងៃខួប ៤ឆ្នាំ នៃការបង្កើតគណបក្សសង្គ្រោះជាតិនៅថ្ងៃនេះថា ប្រទេសកម្ពុជាសព្វថ្ងៃពិតជាមានវិបត្តិនយោបាយ។
វិបត្តិនយោបាយនេះបានធ្វើឱ្យមានការរីករាលដាលដល់អង្គការសង្គមស៊ីវិល មន្ត្រី គ.ជ.ប និងអ្នកវិភាគឯករាជ្យជាដើម។ បញ្ហានេះ លោក កឹម សុខា ថាដើម្បីដោះស្រាយវិបត្តិនយោបាយនេះបាន ត្រូវមានការដោះស្រាយរួមគ្នារវាងភាគីពាក់ព័ន្ធទាំងអស់ ដោយលោកបានបញ្ជាក់ថាការដោះស្រាយវិបត្តិនយោបាយនេះមិនអាចមានតែភាគីតែម្ខាងនោះទេ មានន័យថា ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិរូបនេះ បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ត្រូវចូលរួមប្រកួតជាមួយគ្នាដោយស្មោះត្រង់ ទើបអាចបញ្ជាក់ថា ការបោះឆ្នោតពិតជាត្រឹមត្រូវ សេរី នឹងយុត្តិធម៌ពិតប្រាកដមែន។
លោក កឹម សុខា៖«មានតែលទ្ធផលបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌នេះហើយដែលធ្វើឱ្យខ្មែរយើងអាចរួមសុខ រួមទុក្ខ ជាមួយគ្នាដើម្បីអភិវឌ្ឍន៍ពិតប្រាកដ អភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នាបាន ខ្ញុំសូមអំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងទ្បាយសូមឱ្យប្រកួតគ្នាដោយថ្លៃថ្នូរ ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ដើម្បីឆ្លុះបញ្ចាំងនៅឆន្ទះពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ»។
ស្របពេលនឹងការអំពាវនាវរបស់លោក កឹម សុខា នៅថ្ងៃនេះដែរ ឧបការីក្រសួងការបរទេសលោក Tom Malinowski ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) បានមកសួរសុខទុក្ខលោក កឹម សុខានៅទីស្នាក់ការបក្សសង្គ្រោះជាតិផងដែរ។
ក្នុងដំណើរទស្សនះកិច្ចនេះ ឧបការរីក្រសួងការបរទេស នឹងជួបមន្ត្រីរដ្ឋាភិបាល ក្រុមសង្គមស៊ីវិលក្នុងស្រុក ទីភ្នាក់ងារអន្តរជាតិ ក្នុងគោលបំណងដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលសេរីត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថា ការប្រកួតគ្នាដោយស្មោះត្រង់គេមិនអាចយកអ្វីមកវាស់បានទេ ប៉ុន្តែគេត្រូវទាមទារឱ្យមានលក្ខណៈវិនិច្ឆ័យត្រឹមត្រូវ មិនមែនគ្រាន់តែនិយាយឱ្យល្អសា្តប់នោះទេ។
លោក សុខ ឥសាន្ត បញ្ជាក់ថាលក្ខណៈវិនិច្ឆ័យការប្រកួតប្រជែងគ្នាដោយស្មោះត្រង់គឺត្រូវទាមទារឱ្យអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់បោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយ ក្រមសីលធម៌ និងនីតិវិធីនានាដែល គ.ជ.ប កំណត់ឱ្យគណបក្សនយោបាយ អនុវត្តន៍ ឱ្យបានត្រឹមត្រូវ។
លោកអះអាងថាបើធ្វើបានគឺជាការប្រកួតប្រជែងគ្នាប្រកបដោយភាពស្មោះត្រង់។ ទោះជាយ៉ាងនេះក្ដី លោកថាអ្វីគឺអាស្រ័យលើពលរដ្ឋចូលរួមវិនិច្ឆ័យផងដែរ។
លោក សុខ ឥសាន្ត ៖«ឥលូវសូមឱ្យប្រជាពលរដ្ឋលោកពិចារណា ហើយលោកកត់សម្គាល់តាមដានមើលសកម្មភាពរបស់គណបក្សនានាក្នុងការប្រកួតប្រជែង បើគណបក្សណាមិនធ្វើបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត ច្បាប់ស្តីពីគណបក្សនយោបាយនិងក្រមសីលធម៌នីតិវិធីរបស់ គ.ជ.ប ទេ អាចសន្និដ្ឋានបានថាគណបក្សនោះប្រកួតប្រជែងមិនប្រកបភាពស្មោះត្រង់ទេ»។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា ការមិនទុកចិត្តគ្នាចំពោះយុត្តិធម៌នៃការបោះឆ្នោត នៅតែជាឧបកសគ្គសំខាន់ក្នុងការផ្សះផ្សាជាតិ និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ លោក បន្តថាមានតែការរៀបចំយន្តការនៃការបោះឆ្នោតសុក្រឹត្យ ត្រឹមត្រូវនិងយុត្តិធម៌ទេ ទើបអាចលុបបំបាត់ការចោទប្រកាន់គ្នាទៅវិញទៅមកបាន។
លោក មាស នី មានជំនឿចិត្តថាការរៀបចំ គ.ជ.ប ថ្មីនាពេលកន្លងមកនេះនឹងអាចធ្វើឱ្យមានការកាត់បន្ថយចំពោះការចោទប្រកាន់គ្នាទៅវិញមក។ លោក ផ្តល់អនុសាសន៍ថា ដើម្បីឱ្យគណបក្សទាំងអស់អាចជឿទុកចិត្តគ្នាថា ការបោះឆ្នោតពិតជាត្រឹមត្រូវ សេរី និងយុត្តិធម៌មានដូចជា៖
លោក បណ្ឌិត មាស នី ៖«ទី០១ ទាក់ទងនឹងយន្តការនៃការបោះឆ្នោតសមត្ថភាពរបស់ គ.ជ.ប ប៉ុន្តែរឿងសំខាន់មួយទៀតដែលយើងព្រួយបារម្ភដែរ គឺយើងថាជាបរិស្ថាននយោបាយនៅក្នុងអំទ្បុងពេល ឬជុំវិញការបោះឆ្នោតប្រសិនបើជាបរិយាកាស នយោបាយមានការភ័យខ្លាចដូចជាមានការគំរាម វាជារឿងមួយដែរ ទី០២គឺអ្នកសង្កេតការណ៍ដាក់ឱ្យបានគ្រប់គណបក្សហើយចាំមើលទាំងអស់គ្នាតាមមូលដ្ឋានមួយៗ ទៅរាប់ទាំងអស់គ្នាកុំឱ្យមានការលាក់លៀមគ្នាខ្ញុំគិតថាបន្ថយការសង្ស័យគ្នាទៅថ្ងៃខាងមុខ»។
សូមជំរាបថា នាពេលខាងមុខនេះប្រទេសកម្ពុជានឹងមានការបោះឆ្នោតចំនួនពីរ គឺការបោះឆ្នោតថ្នាក់ក្រោមជាតិឆ្នាំ២០១៧ និងការបោះឆ្នោតថា្នក់ជាតិ ឆ្នាំ២០១៨។ ប៉ុន្តែអ្វីដែលនាំឱ្យមានចោទសួរករណី មេបក្សប្រឆាំង ជាប់បណ្ដឹង និងកំពុងនិរទេសខ្លួនៅក្រៅប្រទេស៕