អាជ្ញាធរនៃប្រទេសតួកគី បានចាប់ខ្លួនមនុស្ស ៦០០០នាក់ សង្ស័យពាក់ព័ន្ធរដ្ឋប្រហារមិនបានសម្រេច ដែលផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រទី ១៥កក្កដា ដែលជាមួយគ្នានេះ ប្រធានាធិបតី Erdogan ប្ដេជ្ញាបោសសំអាតក្រុមមនុស្សនៅពីក្រោយអំពើបះបោរនេះ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ជំនួយការម្នាក់របស់លោក Erdogan ទទួលបន្ទុក ផ្នែក កងទ័ព វរៈសេនីយ៍ Ali Yazici ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ក្រសួងការបរទេសតួកគី និយាយថាមនុស្សស្លាប់ បានកើនឡើង២៩០នាក់ ហើយភាគច្រើន ជាយោធា។
ប្រធានាធិបតី Erdogan និយាយថាគេមិនត្រូវទុកមេរោគ ឱ្យបន្តរីករាលដាលឡើយ។ ប្រធានាធិបតី Erdogan ៖«យើងនឹងបន្ត បោសសំអាត ពួកមេរោគ ដែលសម្ងំលាក់ខ្លួន នៅតាម ស្ថាប័នរដ្ឋបើពុំនោះទេ វានឹងបន្តរីករាលដាល គឺដូចដំបៅមហារីក ដែលវាបិទមុខ»។
ទោះជាយ៉ាងណាលោក បានសម្រក់ទឹកភ្នែក នៅពេលលោក ថ្លែងទៅកាន់ គ្រួសារជនរងគ្រោះក្នុងពិធីកាន់ទុក្ខជាផ្លូវការ។ តែ លោក បានបញ្ជាក់ថា លោកដឹកនាំប្រទេស ឆ្ពោះទៅរក ការ ឯកភាពជាតិ និងសាមគ្គីភាពខណៈលោកបានចោទ មេដឹកនាំសាសនា Fethullah Gulen ដែលរស់នៅអាមេរិកនៅពីក្រោយ រដ្ឋប្រហារនេះ៕ ប្រភព:BBC