អាមេរីក៖ យ៉ាងហោចណាស់មន្ដ្រីប៉ូលីស ៣នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់និង៣នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារមួយ ក្នុងទីក្រុង Baton Rouge សហរដ្ឋអាមេរិក ដែលកើតឡើងកាលថ្ងៃម្សិលមិញ ។
តាមបណ្ដាញផ្សាយព័ត៌មាន ប៊ីប៊ីស៊ី ដែលស្រង់សម្ដីប៉ូលីសបាននិយាយថា ជនសង្ស័យដែលត្រូវបានប៉ូលីសបាញ់សម្លាប់នៅឯកន្លែងកើតហេតុ គឺជាបុរសម្នាក់គត់ ដែលពាក់ព័ន្ធនិងឃាតកម្មនេះ ប៉ុន្ដែរបាយការណ៍ដំបូងៗបញ្ជាក់ថា ជនសង្ស័យមិនមែនមានតែម្នាក់ទេ។
ជុំវិញបញ្ហានេះ ប្រធានាធិបតី បារាក់ អូបាម៉ា បានអំពាវនាវឲ្យមានការបង្រូបង្រួមជាតិផ្សះផ្សាជាតិជាបន្ទាន់។
កាលពី ២សប្ដាហ៍មុន ខ្មាន់កាំភ្លើងដែលគេថា ជាបុរសស្បែកខ្មៅក៏បានបាញ់រះទៅលើក្រុមប៉ូលីសស្បែក ស បណ្ដាលឲ្យប៉ូលីសស្លាប់ ៥នាក់នៅទីក្រុង ដាឡាស់។ ប៉ុន្ដែអ្វីដែលនាំឲ្យមានការបាញ់ប្រហារដោយបុរសស្បែកខ្មៅនេះ គឺបន្ទាប់ពីប៉ូលីសស្បែក ស បាញ់ទៅលើបុរសស្បែកខ្មៅម្នាក់ ដែលបណ្ដាលឲ្យស្លាប់លើជញ្ជើម ថ្នល់។
ករណីនេះត្រូវបានមើលឃើញថា ជាការទាញឲ្យមានកំហឹងរើសអើងជាតិសាសន៍ផ្ទុះឡើងវិញ។
សហរដ្ឋអាមេរិក កំពុងតែប្រទាញប្រទង់គ្នាអំពីការធ្វើច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលការមិនចុះសម្រុងគ្នានេះ កើតឡើងរវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋ។ គណបក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងអំណាច បានទទួចឲ្យមានច្បាប់គ្រប់គ្រងអាវុធ ប៉ុន្ដែគណបក្សសាធារណៈរដ្ឋដែលមានសម្លេងភាគច្រើនក្នុងរដ្ឋសភា បានបដិសេធមិនឲ្យមានច្បាប់នេះទេ។ សហរដ្ឋអាមេរិក ជាទម្លាប់ទៅហើយប្រទេសមហាអំណាចមួយនេះអនុញាតិឲ្យពលរដ្ឋប្រើប្រាស់អាវុធដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ប៉ុន្ដែអាវុធទាំងអស់ត្រូវទុកនៅក្នុងផ្ទះ៕