ភ្នំពេញ៖ ក្រុមអ្នកវិភាគវ័យក្មេងដែលបានបណ្ដុះបណ្ដាលដោយលោកបណ្ឌិត កែម ទ្បី បានប្តេជ្ញាបន្តបេសកកម្មការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមពីគ្រូរបស់ពួកគេ បើទោះបីជាពួកគេយល់ថា ការវិភាគពីបញ្ហាសង្គម ឬបញ្ហានយោ បាយនៅកម្ពុជាមានបញ្ហាប្រឈមក៏ដោយ។ ការប្តេជ្ញានេះធ្វើទ្បើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ការប្តេជ្ញាចិត្តរបស់ក្រុមអ្នកវិភាគវ័យក្មេង ក្នុងការបន្តកិច្ចការនិងបេសកកម្មការស្រាវជ្រាវ និងវិភាគសង្គមពីលោកបណ្ឌិត កែម ទ្បី» នៅព្រឹកថ្ងៃសៅរិ៍ ទី ១៦ ខែកក្កដា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ (Meta House)។
នៅក្នុងកិច្ចពិភាក្សាលើប្រធានបទនេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេងដែលបានបញ្ចប់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយពីប្រទេសសិង្ហបុរី លោក ហង្ស វិទូ បាននិយាយថា មូលហេតុដែលបង្កើតឱ្យមានក្រុមអ្នកវិភាគវ័យក្មេងនេះទ្បើង ក្នុងគោល បំណងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពល្អប្រសើរទ្បើង។
លោក ហង្ស វិទូ ទទួលស្គាល់ថា ការវិភាគពីបញ្ហាសង្គម ជាពិសេសបញ្ហានយោបាយពិតជាមានគ្រោះថ្នាក់សំរាប់លោក ប៉ុន្តែលោកមិនបោះបង់ការវិភាគនោះទេ ព្រោះលោកយល់ថា ការវិភាគនឹងធ្វើឱ្យសង្គមមួយមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោក ហង្ស វិទូ ថាមានតែយុវជនទេដែលជាកម្លាំងចលករសំខាន់បំផុត ជម្រុញឱ្យមានការផ្លាស់ប្តូរសង្គមដោយវិជ្ជមាន ជាពិសេសជម្រុញឱ្យយុវជនចូលរួមក្នុងក្រុមអ្នកវិភាគវ័យក្មេងដើម្បីបម្រើផលប្រយោជន៍ជាតិរួមគ្នា។
លោក ហង្ស វិទូ ថាក្រុមអ្នកវិភាគវ័យក្មេង បានប្តេជ្ញាចិត្តបន្តការវិភាគដូចជា៖«ទី០១ យើងប្តេជ្ញាចិត្តថាយើងមិនធ្វើការដោយមិនលំអៀង មិនចូលគណបក្សនយោបាយណាទាំងអស់ ហើយយើងនឹងមិនប៉ះពាល់ដល់អ្នកណាទាំងអស់ប្រសិនបើអ្នកនោះមិនធ្វើខុស ទី០២យើងប្តេជ្ញាចិត្តនៅក្នុងការនិយាយរឿងពិតជូនដល់ប្រជាពលរដ្ឋទោះបីជាយើងដឹងថាមានគ្រោះថ្នាក់ឬឧប សគ្គកើតទ្បើងក៏ដោយ…»។
ចំណែកយុវតីដែលសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញធនាគារ និងហិរញ្ញវត្ថុ គឺយុវតី ម៉ុក សេដ្ឋវិទ្យា បាននិយាយថា ការបង្កើតឱ្យមានក្រុមអ្នកវិភាគវ័យក្មេងពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន។ យុវតី សេដ្ឋវិទ្យា បន្តថាការបង្កើតក្រុមអ្នកវិភាគវ័យក្មេងនេះទៀតសោតស្របតាមប្រទេសកម្ពុជាកាន់របបលទ្ធិប្រជាធិបតេយ្យ។ យុវតីរូបនេះស្នើឱ្យរដ្ឋាភិបាលគាំទ្រដល់យុវជនបញ្ចេញមតិឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយចំណែកក្រុមអ្នកវិភាគវិញត្រូវផ្តោតទៅលើការវិភាគដោយពិតប្រាកដមិនលំអៀងទៅបក្សនយោបាយណាមួយនោះទេ។
យុវតី ម៉ុក សេដ្ឋវិទ្យា ៖«ខ្ញុំចង់ឱ្យរដ្ឋាភិបាលហ្នឹងជួយគាំទ្រដល់ពួកយើងជាយុវជនចឹងឱ្យបានចេញមតិឱ្យបានច្រើនដើម្បីយើងអាចយកគំនិតទាំងអស់ហ្នឹងយកមក combineឱ្យទៅជាគំនិតរួមមួយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើងកាន់តែរីកចំរើនទៅមុខទៀតយើងចង់ឱ្យវិភាគទៅលើអ្វីដែលពិតប្រាកដ យើងមិនមែនយកតែតាមទ្រឹស្តី តាមតែពីគេលើកយកពីបុគ្គលណាម្នាក់នោះទេ យើងវិភាគចេញពីក្រមសីលធម៌វិជ្ជាជីវៈព្រោះមនុស្សម្នាក់ៗចង់បានព័ត៌មានអីដែលពិតៗ»។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសន៍សង្គមលោកបណ្ឌិត មាស នី ដែលសន្យាជួយបណ្ដុះបណ្ដាលជំនួសលោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា ការបង្កើតឱ្យក្រុមអ្នកវិភាគវ័យក្មេងគឺជាសកម្មភាពសមស្របមួយដូច សុភាសិតខ្មែរថា«ទំពាំងស្នងឬស្សី»។
លោក មាស នី បន្តការបង្កើតក្រុមអ្នកវិភាគវ័យក្មេងនេះគឺជាថ្នាលបណ្តុះធនធានមនុស្សឱ្យចេះវិភាគពីបញ្ហាសង្គមប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។ លោក មាស នី គូសបញ្ជាក់ថានៅពេលមានក្រុមអ្នកវិភាគវ័យក្មេងកាន់តែច្រើននោះ នឹងផ្តល់ប្រយោជន៍ជាច្រើនទៅដល់សង្គមកម្ពុជា។ លោក មាស នី៖«នៅក្នុងពេលយុវជនដែលយុវជនចាប់ផ្តើមបង្កើននូវសមត្ថភាពមួយដែលអាចទ្បើងមកធ្វើអាជីពជាអ្នកវិភាគវានឹងអាចផ្តល់ជាសារមួយទៅដល់យុវជនដទៃថាពេលនេះយុវជនយើងកំពុងកាន់កាប់វាសនាដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកទៅលើចាស់ៗជំនាន់មុន ឬក៏បងជំនាន់មុនៗនោះទេ បើសិនជាយុវជនចាប់ផ្តើមមានសមត្ថភាពក្នុងការវិភាគហើយអាការកុហក់ អាសង្គ្រាមចិត្តសាស្ត្រនៃការកុហក់អីផ្សេងៗក៏កាន់តែពិបាកធ្វើទៅៗហើយថ្ងៃណាមួយយើងនឹងអាចទទួលបាននូវសង្គមមួយដែលមានការទទួលបានព័ត៌មានមួយត្រឹមត្រូវ សុក្រឹត្យ»។
សូមជំរាបថា សន្និសីទសារព័ត៌មាននេះ ធ្វើទ្បើងក្នុងគោលបំណងដើម្បីបញ្ជាក់ពីគោលជំហររបស់ក្រុមអ្នកវិភាគវ័យក្មេងក្នុងការបន្តបេសកកម្មស្រាវជ្រាវ និងវិភាគបញ្ហានយបាយ និងសង្គមប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យដែលមានលក្ខណៈស៊ី ជម្រៅ និងបន្តការងារពីអ្នកវិភាគរៀមច្បងដើម្បីបង្ហាញទិន្នន័យពិតប្រាកដដល់សាធារណៈជនដែលពួកគេម្នាក់ទទួលស្គាល់លោកបណ្ឌិត កែម ឡី ជាគ្រូរបស់ពួកគេ ដែលមានភាពប៉ិនប្រសព្វ និង ក្លាហានដើម្បីជួយសង្គម និងក្រុមបញ្ញាជនជំនាន់ក្រោយ៕