ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា លោក កែម ឡី ដែលត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១០ កក្កដា កន្លងទៅនេះ ធ្លាប់មានគម្រោងជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែជាអកុសល អ្នកវិភាគព្រឹត្តិការសង្គមដ៏ល្បីរូបនេះ ត្រូវគេធ្វើឃាតមុនការណាត់មកដល់។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក គឹមសេង អនុរដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី១៦ កក្តដានេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងបែបនេះ ខណៈដែលលោករួមទាំងភរិយា និងសហការី បានទៅប្រគេន ទៀនវស្សា និងទ័យទាន ជូនព្រះសង្ឃចំនួន ២៧ វត្តនៅទូទាំងស្រុកកោះសូទិន។ ពិធីប្រគេននេះ ប្រារព្ធធ្វើនៅវត្តមហាលាភ ឃុំមហាលាភ នៅថ្ងៃនេះ ១៦ កក្កដា ២០១៦។
យ៉ាងណាលោក អ៊ុក គឹមសេង មិនទាន់អាចប្រាប់ពីមូលហេតុ និងបំណងដែលលោក កែម ឡី ចងជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននៅឡើយនោះទេ ព្រោះលោក ខៀវ កាញារីទ្ធ ដែលបានបង្ហើបរឿងនេះកំពុងជាប់រវល់ធ្វើបុណ្យ។
សូមជម្រាបថា លោក កែម ឡី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់បណ្តាលឱ្យស្លាប់ភ្លាមនៅនឹងកន្លែង នៅក្នុងស្តារម៉ាតស្ថាននីយឥន្ធនៈកាល់តិច ខណៈដែលលោកកំពុងអង្គុយទទួលទានកាហ្វេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក។ សពលោកកែម ឡី កំពុងតម្កល់នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បីឱ្យសាធារណៈជនបានមកគោរពវិញ្ញាណក្ខន្ធ។
នៅថ្ងៃទី១៦ កក្កដានេះ គឺជាថ្ងៃបុណ្យគម្រប់ខួប ៧ ថ្ងៃរបស់លោក កែម ឡី។ នៅថ្ងៃនេះដែរ នៅឯវត្តចាស់ មានរៀបចំកម្មវិធីរាប់បាតព្រះសង្ឃចំនួន ៥០០អង្គ។ ក្រៅពីក្រុមគ្រួសារ និងសាច់ញាតិសព ប្រជាពលរដ្ឋរាប់រយនាក់ បានទៅវត្តចាស់ដើម្បីរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនសពលោក កែម ឡី ផងដែរ៕