ភ្នំពេញ៖ លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបាន ជូនដំណឹងទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា សំនុំរឿងបរិហារកេរ្តិ៍ ដែលដើមបណ្ដឹងលោក សោម សឿន បានប្ដឹង នឹងត្រូវបើកសវនាការនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ៩ នាទីព្រឹកនៅសាលសវនាការជាន់ទី៤ នៃសាលាដំបូងរាជធានីភ្នំពេញ។ ដីការបស់លោក សៀង សុខ ធ្វើឡើងតាំងពីថ្ងៃទី៨ កក្កដា ហើយត្រូវផ្សព្វផ្សាយដោយគេហទ័ពមួយនៅថ្ងៃនេះ។
ដីកានេះបានលម្អិតថា កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៦ ដើមបណ្តឹងឈ្មោះ សោម សឿន បានឃើញលោក សម រង្ស៊ី បង្ហោះអត្ថបទដែលមានខ្លឹមសារមូលបង្កាច់ខុសពីការពិត ដែលថាដើមបណ្តឹងបានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ រួមបញ្ចូលទាំងមន្ត្រីរាជការស៊ីវិល ប៉ូលីស និងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយក្នុងគោលបំណងផ្តល់ការ Like សិប្បនិម្មិតដល់ទំព័រហ្វេសបុករបស់សម្តេចតេជោ ហ៊ុន សែន។
ដីការបស់ព្រះរាជអាជ្ញាបញ្ជាក់ទៀតថា «Like» មួយចំនួនធំ ដែលបង្ហោះលើកទំព័រហ្វេសបុករបស់សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រដែលអត់ការងារធ្វើឲ្យបង្កើត Account Facebook ក្លែងក្លាយ ដើម្បីផ្តល់ Like សប្បនិម្មិតក្លែងបន្លំជូនសម្តេច។
លោក សៀង សុខ បានបញ្ជាក់ថា បទល្មើសនេះជាបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាធានីភ្នំពេញ កាលពីថ្ងៃទី ០៩ មីនា ២០១៦ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។
លោក សោម សឿន ជាដើមបណ្ដឹងបានចោទលោក សម រង្ស៊ី ថា បានបង្ហោះអត្តបទដែលមានខ្លឹមសារមួលបង្កាច់ខុសពីការពិត។
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានរងបណ្តឹងថ្មីៗជាច្រើន គឺមានចំនួន ៤ បណ្ដឹងចាប់តាំងពីលោកចាកចេញពីប្រទេសកាលពីឆ្នាំ ២០១៥ ហើយនៅពេលជាមួយគ្នានេះ លោកបានគេចខ្លួនពីការតាមចាប់ខ្លួនពាក់ព័ន្ធនឹងបណ្ដឹងរបស់អតីតរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ដែលបានប្ដឹងមេបក្សប្រឆាំងនេះករណីបរិហារកេរ្តិ៍ផងដែរ៕