en     km
en     km

លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​ដាក់​កំហិត​មិន​ឱ្យ​ចាកចេញ​ទៅ​ក្រៅប្រទេស​

Share

​ភ្នំពេញ៖ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​ហាម​ លោក​ កឹ​ម​ សុខា​ ទៅ​ក្រៅប្រទេស​ ដែល​ជា​ការ​ដាក់​កំហិត​មួយ​ មិន​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ចេញ​ទៅ​ក្រៅប្រទេស​ឡើយ​។​

Kem-Sokha-text11
លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ

ភ្លាមៗ​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​ដូចនេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដោយ​ចាត់​ទុក​ លិខិត​របស់​តុលាការ​ថា​ ជា​ច​រឹក​ទុ​ច​ច្ចរិត​នយោបាយ​ និង​ ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​មាត្រា​ ៨០​។​ អ្នកវិភាគ​យល់​ថា​ សេចក្ដីសម្រេច​របស់​ តុលាការ​នេះ​គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នកនយោបាយ​ ។​ ប៉ុន្ដែ​គណបក្សកាន់អំណាច​បក្ស​បដិសេធ​ការ​យល់​ឃើញ​នេះ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

​នៅ​ថ្ងៃនេះ​កងកម្លាំង​សមត្ថកិច្ច​បាន​នាំ​យក​ដីកា​មួយ​ច្បាប់​ របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​ បិទ​នៅ​ជញ្ជាំង​ របង​ផ្ទះ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​  នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​

​បើ​យោង​តាម​ដីកា​នេះ​ គឹ​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ តាម​ផ្លូវ​តុលាការ​ ដែល​ចេញ​ ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ថា​ន់​ ឡេ​ង​ កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​។​ តាម​ដីកា​នេះ​គឺ​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ហាម​ ធ្វើ​ដំណើរ​ចេញ​ក្រៅ​ព្រំ​ដែនដី​ប្រទេស​។​

​ចំពោះ​ការ​ចេញ​លិខិត​នេះ​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយ​តប​ភ្លាមៗ​ដោយ​ចាត់​ទុក​ ជា​ការ​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ ៨០​ ដែល​បក្ស​ប្រឆាំង​នេះ​អះអាង​ថា​ លោក​ កឹ​ម​ សុខា​ ជា​អ្នកតំណាង​រាស្ដ្រ​ដែល​មាន​អភ័យ​ឯក​សិទ្ធ​សភា​។​

​បន្ថែម​ពី​នេះ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ ទ​ង្វើ​របស់​តុលាការ​មក​លើ​លោក​ កឹ​ម​ សុខា​ ថា​អនុវត្ត​នីតិវិធី​ក្រោម​ឥទ្ធិពល​នយោបាយ​ ។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ឆ្លើយ​តប​តាម​សារ​អេ​ឡី​ច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​ថា​ តុលាការ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាម​ វិធាន​និង​នីតិ​វី​ធី​ ដោយ​មាន​មូលដ្ឋាន​គតិយុត្តិ​គ្រប់គ្រាន់​ នៅ​ក្នុង​ចំណាត់ការ​ រឿង​នេះ​ ។​

​តែ​បែប​នេះ​ក្ដី​ លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ វិធានការ​របស់​តុលាការ​គឺ​មិន​ត្រឹមត្រូវ​ ដោយ​មិន​ស្រប​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​ចែង​ពី​ការ​ការពារ​អ្នកតំណាង​រាស្ដ្រ​ដែល​មាន​អភ័យ​ឯក​សិទ្ធ​សភា​។​

​សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​បន្ដ​ថា​ ការ​អនុវត្ដន៍​ច្បាប់​ហាក់​មាន​ស្ដង់ដារ​ពីរ​ ហើយ​អំណាច​របស់​តុលាការ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ច្រើន​ទើប​ ធ្វើ​ឲ្យ​ដំណើ​ការ​នៃ​ការ​ដោះស្រាយ​បញ្ហា​លើ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​សាធារណៈជន​មើលឃើញ​ថា​ មិន​ត្រឹមត្រូវ​។​

​លោក​ សូ​ ច​ន្ថា​«​សម្រាប់​ខ្ញុំ​ នៅ​តែ​គិត​ថា​ នយោបាយ​នៅ​កម្ពុជា​គួរតែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​រវាង​ខ្មែរ​និង​ខ្មែរ​ បើសិនជា​ជម្លោះ​នៅ​តែ​មាន​ ហើយ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​នៅ​តែ​មាន​វា​នឹង​នាំ​ឲ្យ​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ​»​។​

​ប៉ុន្ដែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ដ​ ថ្លែង​ថា​តុលាការ​គឺជា​អំណាច​ឯករាជ្យ​ហើយ​ចំពោះ​ការ​ចេញ​លិខិត​មិន​អនុញាត្ដិ​ឲ្យ​លោក​ កឹ​ម​ សុខា​ ចាក​ចេញពី​ប្រទេស​កម្ពុជា​គឺជា​រឿង​ត្រឹមត្រូវ​ព្រោះ​សំណុំរឿង​របស់​លោក​ កឹ​ម​ សុខា​ មិន​ទាន់​បញ្ចា​ប់​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បន្ដ​ថា​ ក្នុង​សំណុំរឿង​លើ​លោក​ កឹ​ម​ សុខា​ នេះ​គឺជា​ចេតនា​របស់​បក្ស​ប្រឆាំង​ដែល​មាន​បំណង​មិន​ចង់​សហការ​ជាមួយ​តុលាការ​ ទើប​បង្ក​ឲ្យ​មានរឿង​រ៉ាវ​រហូត​មក​ទល់​ពេល​នេះ​ ។​ លោក​បន្ថែម​ថា​ មេ​បក្ស​ប្រឆាំង​រូប​នេះ​គួរតែ​ចេញ​មុខ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ មិន​គួរ​សំងំ​លាក់ខ្លួន​ហើយ​ស្រែក​ចោទ​ ប្រកាន់បក្ស​ប្រជាជន​ថា​ រំលោភច្បាប់​នោះ​ទេ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​ បញ្ជាក់​ថា​ មុន​ពេល​ចោទប្រកាន់​តុលាការ​ថា​ រំលោភ​រដ្ឋធម្មនុញ្ញ​ លោក​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ និង​ អ្នកគាំទ្រ​គណបក្សប្រឆាំង​ទាំងអស់​ត្រូវ​តែ​ពិនិត្យ​មើល​ច្បាប់រដ្ឋធម្មនុញ្ញ​ជា​ថ្មី​ឲ្យ​បាន​ច្បាស់​ មុន​ពេល​ចោទប្រកាន់​ទៅ​ខាង​ណាមួយ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​«​ ខ្ញុំ​យល់​ឃើញ​ថា​ តុលាការ​គេ​មាន​ឆន្ទា​នុ​សិទ្ធ​ដើម្បី​ចេញ​សេចក្ដីសម្រេច​នេះ​ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ទៅ​តាម​និ​តិ​វិធី​របស់​តុលាការ​ ដូច្នេះ​ហើយ​បើសិនជា​សមី​ខ្លួន​មិន​នៅ​ក្នុង​ប្រទេស​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ​ »​។​

​លោក​ កឹ​ម​ សុខា​ បាន​សំងំ​ជ្រកកោន​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​មួយ​ខែ​មក​ហើយ​ ដោយសារ​តែ​លោក​ មិន​ចូលខ្លួន​ទៅ​កាន់​តុលាការ​ចំនួន​ ប្រាំមួយ​លើក​ ទាក់ទិន​នឹង​សំណុំរឿង​ជាមួយ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ ស្រី​មុំ​ និង​ កញ្ញា​ ធី​ សុវណ្ណ​ថា​ ព្រមទាំង​ករណី​ដីការ​កោះហៅ​លោក​ដែល​មិន​ចូលខ្លួន​ទៅ​កាន់​តុលាការ​ ។​ ទាំង​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្ដរជាតិ​មួយ​ចំនួន​បាន​ហៅ​ករណី​របស់​លោក​ កឹ​ម​ សុខា​ ថា​ជា​រឿង​នយោបាយ​ ដោយ​ពួក​គេ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ភាព​ងាយ​គ្រោះថ្នាក់​នៃ​សេរីភាព​ពហុបក្ស​នៅ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត​ ៕

Share

Image
Image
Image