ភ្នំពេញ៖ ប្រធានសហភាពចលនាកម្មករកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបណ្តឹងឈ្មោះ គង់ សុភក្ត្រ័ ជាមេធាវីតំណាងឱ្យក្រុមហ៊ុនកាត់ដេរ សៅលីន ដែលប្តឹងលោកពីបទក្លែងលិខិត និងផ្តល់ព័ត៌មានមិនពិត។

លោក ប៉ាវ ស៊ីណា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីតាមរយៈខ្សែទូរស័ព្ទ បន្ទាប់ពីលោកបញ្ចប់ការសាកសួរពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថា លោកបានផ្តល់ចំលើយទៅនឹងការសាកសួររបស់តំណាងអយ្យការអមសាលាដំបូង ជុំវិញបណ្តឹងរបស់មេធាវីតំណាងដែលឱ្យក្រុមហ៊ុនសៅលីន។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថា សំនុំរឿងនៅបន្តស៊ើបអង្កេតនៅឡើយ។ លោក ជួនសារ៉េត មានសេចក្ដីរាយការណ៍៖
នៅក្នុងបទសម្ភាសន៍នេះ លោក ប៉ាវ ស៊ីណា បានប្រាប់ថាក្រោយពីលោកបង្ហាញភស្តុតាងមួយចំនួន ដល់តំណាងអយ្យការជុំវិញការប្តឹងនោះ ខាងតំណាងអយ្យការមិនទាន់សម្រេចការចោទប្រកាន់ទៅលោកនៅទ្បើយនោះទេ។ ប៉ុន្តែលោកថាអយ្យការនឹងកោះហៅក្រុមការងាររបស់លោកបន្ថែមទៀត រួមទាំងកោះហៅកម្មករ៣រូបដែលជាតំណាងសហជីពប្រចាំនៅរោងចក្រសៅលីនឱ្យចូលបំភ្លឺនៅពេលខាងមុខ។
លោក ប៉ាវ ស៊ីណា ពន្យល់ថាដើមចមបង្កឱ្យមានការប្តឹងរូបលោកនោះ ដោយសារតែកម្មករដែលជាសមាជិកសហជីពនៅក្នុងក្រុមហ៊ុនសៅលីន យល់ថាសហជីពក្នុងក្រុមហ៊ុនមួយនេះមិនបានការពារផលប្រយោជន៍កម្មករ ហើយសហជីពនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៅកែក្រុមហ៊ុន។ លោកបញ្ជាក់ថាករណីនេះ នាំឱ្យមានការប៉ះទង្គិច ហើយឈានដល់ការប្ដឹងប្ដល់គ្នា ប្ដឹងលោកពីសំណាក់ក្រុមហ៊ុន ពីបទក្លែងលិខិត និងផ្ដល់ព័ត៌មានមិនពិត។
លោក ប៉ាវ ស៊ីណា៖ «ខ្ញុំយល់ថាទាំងអស់នេះវាជាចេតនារបស់រោងចក្រដែលគាត់ រើសអើងសហជីព ហើយជាពិសេសជាការប្រឆាំងទៅនឹងសិទ្ធិរបស់កម្មករក្នុងការបង្កើត សហជីពរបស់ពួកគេដែលជាអ្នកធ្វើការនៅក្នុងរោងចក្ររបស់ពួកគេ ហ្នឹងក្នុងការបង្កើតសហជីពឯករាជ្យមួយដើម្បីការពារសិទ្ធិនិងលក្ខណ្ឌការងាររួមទាំងផលប្រយោជន៍របស់ពួកគេ ដូច្នេះទាំងអស់ជាគោលបំណងទបស្កាត់របស់ថៅកែ…»។
ពាក់ព័ន្ធនឹងករណីនេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការស្រាយបំភ្លឺបន្ថែមពីខាងតំណាងក្រុមហ៊ុនសៅលីន បាននៅទ្បើយនោះទេនៅថ្ងៃនេះ។
តែសម្រាប់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមរយៈការផ្ញើរសាអេទ្បិចត្រូនិច Telegram ថាព្រះរាជអាជ្ញារង លោក ខាំ សុផារី ទទួលចាត់ការរឿងរបស់លោក ប៉ាវ ស៊ីណា។ លោក លី សុផាណា បន្តថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងបន្តចំណាត់ការស៊ើបអង្កេតទៅលើរឿងក្តីនេះ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា អយ្យការនឹងកោះហៅដើមបណ្តឹងឱ្យចូលខ្លួនបំភ្លឺនៅពេលណានៅទ្បើយនោះទេ។
សូមរំលឹកថាប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា លោកធ្លាប់បានពន្យារពេលការចូលបំភ្លឺ លើបណ្តឹង ក្លែងលិខិត និងផ្ដល់ព័ត៌មានមិនពិតនេះ ចំនួនពីរលើករួចមកហើយ។
លើកទីមួយ គឺស្នើតុលាការឲ្យពន្យារពេលការកោះហៅ ក្រោមហេតុផលថា ដីកាកោះហៅនោះ ខុសនីតិវិធី។ លើកទីពីរ កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០១៦ ត្រូវចូលខ្លួនបំភ្លឺទៀត តែលោកជាប់រវល់ ទើបស្នើពន្យារពេលចូលបំភ្លឺមកក្រោយចូលឆ្នាំវិញ គឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ហើយលោកចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី០២ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ៕