រហូតមកដល់ថ្ងៃនេះ តំណាងស្ថានទូតធំៗ មិនតិចជាង៧ទេ ដែលបានមកគោរពវិញ្ញាក្ខន្ធ សពលោកបណ្ឌិត កែម ឡី ដែលកំពុងតម្កល់នៅវត្តចាស់។ ស្ថានទូតទាំងនោះរួមមាន ស្ថានទូតបារាំង អង់គ្លេស អូស្ត្រាលី ជប៉ុន ស៊ុយអ៊ែត ស្វីស និងសហរដ្ឋអាមេរិក ដែលសុទ្ធសឹងជាស្ថានទូតដែលជំរុញឱ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងបង្ហាញពីក្តីបារម្ភរបស់ខ្លួនចំពោះបញ្ហានយោបាយនៅកម្ពុជា។

ជាមួយគ្នាក៏មានតំណាង អង្គការអន្តរជាតិ ជាច្រើន បានមកគោរពវិញ្ញាណក្ខន្ធ អ្នកវិភាគរូបនេះដែរ ក្នុងនោះមានតំណាង ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិផងដែរ។ ពួកគេបានចាត់ទុកលោក កែម ឡី ជាអ្នកបញ្ចេញ ទស្សនៈដោយសេរី និងមិនមានការភ័យខ្លាច។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
លោក សរ សុខៈពង្ស ដានីញែល នាយករងអង្គការស្ពានសន្តិភាព ជាគណៈកម្មការជួយរៀបចំបុណ្យសពលោក កែម ឡី បានឱ្យដឹងថាក្រៅពីស្ថានទូតទាំងនោះ ក៏មានអង្គការអន្តរជាតិមួយចំនួនទៀតមកគោរពវិញ្ញាណក្ខន្ធផងដែរ។ ជាមួយគ្នានេះ ក្នុងមួយថ្ងៃៗមានប្រជាជនពលរដ្ឋជាច្រើនម៉ឺននាក់បានគោរពវិញ្ញាណក្ខន្ធ និងជួយរំលែកទុក្ខក្រុមគ្រួសារ។
ការចូលរួមមកគោរពវិញ្ញាណក្ខន្ធរបស់ស្ថានទូតទាំងនេះ ត្រូវបានអ្នកវិភាគបញ្ហាសង្គមលោក មាស នី យល់ថានេះគឺជាសញ្ញាមួយ បង្ហាញថាអន្តរជាតិចាប់ផ្តើមបង្ហាញនូវសាមគ្គី ភាពហើយធ្វើឡើង ដើម្បីឱ្យស្របទៅនឹងការព្រួយរម្ភណ៍របស់រដ្ឋាភិបាលនៃប្រទេសរបស់ពួកគាត់។
លោក មាស នី៖« ទោះបីមកម្តងមួយៗ ប៉ុន្តែវាជាកាតព្វកិច្ចមួយក្នុងនាមជា គេហៅថាបេសកកម្មរបស់គេនៅបរទេស ដែលត្រូវតែធ្វើដើម្បីឱ្យសមស្របទៅនឹងស្អីដែលជាការព្រួយបារម្ភរបស់រដ្ឋាភិបាល ក្នុងប្រទេសគេរៀងៗខ្លួន តែរឿងសំខាន់ បើកាលណាគេមកទាំងអស់គ្នាគឺបានន័យថាគេបានជជែក គេបានបង្ហាញនូវជំហរួមគ្នា»។
លោកបណ្ឌិត មាស នី ទទូចឱ្យរដ្ឋាភិបាល ទទួលយកការព្រួយបារម្ភរបស់ សហគមន៍អន្តរជាតិ មកពិចារណាឡើងវិញ។
ជុំវិញបញ្ហានេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៦នេះថា ការទៅចូលរួមរបស់ស្ថានទូតទាំងនោះ គឺជាការជួយចូលរួមបុណ្យសព និងដើម្បីរំលែកទុក្ខចំពោះក្រុមគ្រួសារ មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយដូចគណបក្សនយោបាយមួយចំនួន កាឡៃវត្តមានរបស់ពួកគេ ដើម្បីកេងចំណេញនយោបាយនោះទេ។
លោក អំពាវនាវកុំឱ្យយកសព លោកបណ្ឌិត កែម ឡី ដើម្បីធ្វើជាប្រយោជន៍អ្វីមួយ។
លោក ផៃ ស៊ីផាន៖«ឥឡូវហ្នឹងសពលោក កែម ឡី ក្លាយទៅជាស្អុយរលួយ អាហ្នឹងហើយជាចំណាប់ខ្មាំងយកសពមនុស្ស យកទៅធ្វើនយោបាយ។ ហើយជាពិសេសអ្នកព័ត៌មានហ្នឹងសូមចូលរួមមរណៈទុក្ខផង កុំហែកហួរពេក ទុកពេលចាំដល់ផុតថ្ងៃវិលឬក៏១០០ថ្ងៃទៅ ចាំធ្វើអីធ្វើទៅ អានេះខ្ញុំអង្វរក្នុងនាមជាខ្មែរ»។
ដោយឡែកក្នុងរយៈពេល៤ថ្ងៃនេះ គេមិនទាន់ឃើញវត្តមានមន្ត្រីរដ្ឋាភិបាល មកចូលរួមក្នុងក្នុងពិធីបុណ្យសពនេះនោះទេ។
ពាក់ព័ន្ធបញ្ហានេះ លោក ផៃ ស៊ីផាន បានឱ្យដឹងដែរថា ដោយសារលោក កែម ឡី មិនមែនជាមន្ត្រីរបស់រដ្ឋ គឺពិធីបុណ្យនេះមិនមែនជារបស់រដ្ឋ ដែលមិនមានការកំណត់ថាឱ្យអ្នកណាទៅនោះទេគឺ តាមឆន្ទៈរៀងៗខ្លួន។
ចំពោះខ្លួនលោកផ្ទាល់ លោក ផៃ ស៊ីផាន មានប្រសាន៍ថា លោកក៏មានបំណងទៅគោរពវិញ្ញាណក្ខន្ធដែរ ប៉ុន្តែនៅពេលដែលលោកឃើញយកសពទៅជាចំណាប់ខ្មាំងនយោបាយ ឃើញការចំអកឡកឡើយទៅកាន់អ្នកដទៃដែលទៅចូលរួម ធ្វើឱ្យបែកអារម្មណ៍ ពិបាកទៅចូលរួម។
លោក ផៃ ស៊ីផាន៖«ខ្ញុំប្រាប់គាត់ថាខ្លួនគាត់ហ្នឹងជាមរតកចំពោះខ្មែរហើយ អាហ្នឹងខ្ញុំនិយាយនៅមុខប្រពន្ធ។ ពេលលឺគាត់ស្លាប់ ខ្ញុំស្រក់ទឹកភ្នែក មិនគួរមានរឿងអញ្ចឹងកើតឡើង។ គាត់គ្មានអំណាចគ្មានចង់បានអ្វីផង គ្រាន់តែមាត់គាត់រៀងលឿនបន្តិច»។
តែយ៉ាងណា ក្រៅពីតំណាងស្ថានទូតទៅគោរពវិញ្ញាណក្ខន្ធ គឺប្រទេសទាំងនោះ ក៏បានចេញ សេចក្ដីថ្លែងការណ៍បន្តបន្ទាប់ ជុំរុញឱ្យអាជ្ញាធរកម្ពុជា បើកស៊ើបអង្កេត ដោយឯករាជ្យឥតលម្អៀង ហើយត្រូវកាត់ទោស អ្នកនៅពីក្រោយ។ ជាមួយគ្នានេះ អគ្គលេខាធិការ អង្គការសហប្រជាតិ ក៏បានជំរុញឱ្យមានការស៊ើបអង្កេត ត្រឹមត្រូវ និងសង្ឃឹមថាគ្រួសារជនរងគ្រោះបានទទួលយុត្តិធម៌ពិតប្រាកដ។
សូមជម្រាបថា លោក កែម ឡី ត្រូវបានគេបាញ់ បណ្តាលឱ្យស្លាប់ភ្លាមៗកាលពីថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៦ នៅស្តារម៉ាត ក្បែរស្តុបបូកគោ ខណ្ឌចំការមន វេលាម៉ោង៩ព្រឹក។សពរបស់លោកត្រូវបានដង្ហែរចេញពីកន្លែងកើតហេតុ ប្រមាណម៉ោង៣រសៀលថ្ងៃដដែល ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនពាន់នាក់៕