ភ្នំពេញ៖ ព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ ដែលតំណាងឲ្យព្រះវិរមាតាជាតិខ្មែរ បានយាងមកចូលរួមគោរពវិញ្ញាណក្ខន្ធ របស់លោកបណ្ឌិត កែម ឡី នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះ ដោយមាននាំរាជបន្ទូលថាព្រះអង្គមានការសោកស្ដាយចំពោះអ្នកវិភាគរូបនេះដែលបានមរណកាលដោយអំពើឃាតកម្ម។
ព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ មានព្រះបន្ទូលដូចនេះនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធជូនចំពោះលោកបណ្ឌិត កែម ឡី និងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ដែលបានសាកសួរព្រះអង្គ។ព្រះអង្គ មានព្រះបន្ទូលទៀតថា ព្រះវិរមាតាជាតិខ្មែរជួយធានាចំពោះការខ្វះខាតទាំងឡាយរបស់គ្រួសារលោកបណ្ឌិត កែម ឡី។
ទន្ទឹមនិងនេះដែរព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ ក៏សម្ដែងការសោកស្ដាយដោយផ្ទាល់របស់ព្រះអង្គចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី។ ប៉ុន្ដែព្រះអង្គមានបន្ទូលថាក្រោយពេលចប់បុណ្យសពលោកបណ្ឌិត កែម ឡី លោកនឹងធ្វើអត្ថាធិប្បាយមួយចំនួនចំពោះអំពើឃាតកម្មនេះ។
តាមគណកម្មាការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី មានអង្គការជាតិ និងអន្ដរជាតិ ជាច្រើនបានចូលទៅគោរពវិញ្ញាក្ខន្ធហើយក្នុងនោះមានតំណាងទូតជិត ១០ស្ថានទូតបានមកចូលរួមពិធីនេះផងដែរ។ ពួកគាត់សម្ដែងការសោកស្ដាយចំពោះលោកបណ្ឌិត កែម ឡី ដែលបានបាត់បង់ជីវិតនិងថ្កោលទោសអំពើឃាតកម្ម។
លោកបណ្ឌិត កែម ឡី ត្រូវបានគេដាក់រហស្សនាមថា ជាអ្នកវិភាគឯករាជ្យនិងជាអ្នករិះគន់ឥតសំចៃត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី ១០ កក្កដា នៅកណ្ដាលរាជធានីភ្នំពេញ ម្ដុំស្ដុប បូគោ ។ បុរសដែលអះអាងថា បានបាញ់លោកបណ្ឌិត កែម ឡី ត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទ មនុស្សឃាតគិតទុកជាមុន៕