ឧបការរីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Tom Malinowski ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៨ និងទី១៩ ខែកក្កដា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្ស នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា នៅថ្ងៃទី ១៨ ខែកក្កដា លោក Tom Malinowski នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំង ក្រុមសង្គមស៊ីវិលក្នុងស្រុក តំណាងទីភ្នាក់ងារអន្តរជាតិ ក្នុងគោលបំណងដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោត ដែលមានភាពសេរី និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្តថា លោកក៏នឹងរំលឹកឱ្យកម្ពុជាលើកកំពស់បទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ ហើយធានាការពារអង្គការសិទ្ធិមនុស្ស។ លោក Malinowski នឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្ត្រនៃអតីតពន្ធនាគារ នៃរបបខ្មែរក្រហម។
ចំណែកនៅថ្ងៃទី ១៩ ខែកក្កដា លោក Malinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
សូមជម្រាបថាពិធីសំណេះសំណាលនេះនឹងប្រព្រឹត្តិទៅ នៅបណ្ណាល័យនៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងបរិវេណខាងត្បូង ហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជន ឯកអគ្គរដ្ឋទូតអាមេរិក សមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថា គំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALL) ៕