ភ្នំពេញ៖ ប្រធានក្រុមសមាជិកសភាសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការប្រទេសកម្ពុជាលោក អាឡេន ឡូវិនថាល់ (Alan Lowenthal) បានលើកទឹកចិត្ត លោក កឹម សុខា ឱ្យបន្តតស៊ូទៅមុខទៀត ក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស សម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ នេះបើតាម ហ្វេស ប៊ុក របស់លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី១៤ កក្កដា នេះ។
ហ្វេសប៊ុក របស់លោក មុត ចន្ថា បញ្ជាក់ថា កាលពីយប់មិញនេះ លោក កឹម សុខា និង លោក អាឡេន ឡូវិនថាល់ បានសន្ទនាគ្នាតាមទូរស័ព្ទជាមួយ លោក កឹម សុខា ហើយនៅក្នុងកិច្ចសន្ទនាគ្នានេះ លោក ឥស្សរជនទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាជំវិញស្ថានការណ៍នយោបាយ ដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបច្ចុប្បន្ន នៅប្រទេសកម្ពុជា។ នៅពេលជាមួយគ្នានេះលោក Alan Lowenthal បានលើកទឹកចិត្តដល់ លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់លោក ដើម្បីអនាគតប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងកិច្ចសន្ទនានេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិករូបនេះ បានសន្យាថា សហរដ្ឋអាមេរិក នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នយោបាយតានតឹងបច្ចុប្បន្ននៅប្រទេសកម្ពុជា ហើយនឹងបន្តទំនាក់ទំនង និងសហការជាមួយ លោក កឹម សុខា អំពីការវិវត្តនៃស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា។
សូម ជម្រាបថាសមាជិកសភាអាមេរិកលោក អាឡេន ឡូវិនថាល់ គឺជាអ្នកផ្ដូចផ្ដើមនិងអនុម័តឲ្យមានសេចក្ដីសម្រេចមួយរបស់សភាអាមេរិក លេខ ៧២៨ ដែលដាក់កម្ពុជាស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្ដទុកដាក់បំផុត ដើម្បីឆ្ពោះទៅរកការបោះឆ្នោត ហើយសេចក្ដីសម្រេចនេះក៏បានទាមទារឲ្យកម្ពុជាបញ្ឈប់ ការគាបសង្កត់លើសិទ្ធិមនុស្សនិងការបំបិទសម្លេងអ្នករិះគន់នៅកម្ពុជា៕