ភ្នំពេញ៖ សពលោកបណ្ឌិត កែម ឡី នឹងមិនបូជានោះទេ គឺនឹងតម្កល់ទុកឱ្យបានយូ តាមដែលអាចធ្វើបាន។ នេះបើតាមព្រះតេជគុណ បុត ប៊ុនតិញ គណៈកម្មាការរៀបចំបុណ្យសព លោក កែម ឡី ដែលបានធ្វើការពិភាក្សាគ្នាជាមួយគ្រួសារលោកបណ្ឌិត។
ការសម្រេចនេះ ក៏កើតជួន អ្នកស្រឡាញ់ និងគាំទ្រអ្នកវិភាគរូបនេះ កាន់តែមានចំនួនច្រើនឡើងៗ ចង់ឱ្យតម្កល់សពលោកបណ្ឌិត ជារៀងរហូតគឺដើម្បីបានឃើញ និងបន្តគោរពវិរៈភាពរបស់អ្នកវិភាគល្បីល្បាញរូបនេះ។ ពិធីបុណ្យសព លោក កែម ឡី កាន់តែមានមនុស្ស ចូលរួមច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគឺមានទាំង តំណាងស្ថានទូត និងអង្គការជាតិ អន្តរជាតិបក្ស នយោបាយ។ ពួកគាត់ចាត់ទុកឃាតកម្មលើលោកបណ្ឌិត កែម ឡី ជាការបំបិទសំឡេងអ្នករិះគន់។ សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតរបស់ កញ្ញា ឆេងណា តា ៖
ព្រះតេជគុណ បុត ប៊ុនតិញ មានថេរៈដីការប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៣ កក្កដានេះថា ការសម្រេចរក្សាសពលោក កែម ឡី ធ្វើឡើងតាមការស្នើសុំពីសាធារណៈជនដែលឱ្យក្រុមគ្រួសារមិនឱ្យយកទៅបូជា ឬបញ្ចុះបានភ្លាមៗ។
ព្រះអង្គបានបញ្ជាក់ថា ការតម្កល់ទុកសពនឹងមិនមានកាលកំណត់ឡើយ បើអាចរក្សាបានកាន់តែយូកាន់តែល្អ។ ព្រះតេជគុណបន្តថា ការរក្សាទុកឱ្យបានយូនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណៈជនមកធ្វើការគោរពបូជាចំពោះអ្នកវិភាគព្រឹត្តិការណ៍ដ៏ល្បីរូបនេះ។
ព្រះតេជគុណ បុត ប៊ុនតិញ៖«សពលោកបណ្ឌិត កែម ឡី បើទោះណាយើងមិនបានរក្សាបានរហូតក៏ដោយ ក៏យើងមិនបូជាដែរ គឺយើងចាប់ផ្តើមរៀបចំទីតាំងមួយដ៏សមរម្យ យ៉ាងហោចក៏បានដីកន្លះហិចតាដែរ នេះជាគោលបំណងរបស់គណកម្មការ។ បានដីកន្លះហិចតា ហើយយើងរៀបចំធ្វើទីតាំងមួយដែលយើងអាចបញ្ចុះសពគាត់ទុក ហើយទីតាំងនោះគឺជាទីតាំងមួយដែលអាចឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទៅធ្វើការគោរព និងធ្វើការស្រាវជ្រាវ»។
ប្រជាពលរដ្ឋមួយរូបក្នុងចំណោមមនុស្ស រាប់រយនាក់ ដែលបានមកគោរពវិញ្ញាក្ខន្ធលោក កែម ឡី នៅថ្ងៃនេះ នៅវត្តចាស់ លោក នៅ ភារុណ បានប្រាប់ឱ្យដឹងថា រក្សាសពលោកបណ្ឌិត ឱ្យនៅបានយូកាន់តែល្អ ព្រោះធ្វើឱ្យមនុស្សគ្រប់រូប ដឹងពីអ្វីដែលកើតឡើងនៅក្នុងសង្គម។ ប៉ុន្តែលោកថាការរក្សាឱ្យនៅបានយូវាក៏អាស្រ័យលើលទ្ធភាពរបស់ គ្រួសារផងដែរ។
លោក នៅ ភារុណ ៖«បើសិនជាអាចគេធ្វើបាន រក្សាទុកបានគួរតែរក្សាទុក ប៉ុន្តែអានេះពិនិតទៅលើលទ្ធភាពគ្រួសារច្រើនជាងហើយជាមួយនឹងអតិថិជនដែលគេឧបត្ថម្ភ។ បើសិនគ្រួសារគាត់អត់លទ្ធភាពអាហ្នឹងក៏មិនដឹងនិយាយថាមិចដែរ»។
ចំណែកកញ្ញា ពេជ្រ ស្រីល័ក្ខ បានឱ្យដឹងផងដែរថាកញ្ញាគាំទ្រ សម្រាប់ការតម្កល់សពឱ្យនៅបានយូ។ កញ្ញាបន្តថា ប្រសិនបើតម្កល់សពលោក កែម ឡី បានយូ នោះអាចរម្លឹកនូវស្នាដៃរបស់គាត់ឱ្យប្រជាពលរដ្ឋកាន់ចងចាំ។
កញ្ញា ពេជ្រ ស្រីល័ក្ខ៖«បើសិនជា កន្លែងដីទីតាំងរបស់គាត់អាចតម្កល់គាត់ដូចជារូបសាកសពព្រះមួយចំនួនអញ្ចឹង អាចតម្កល់ដាក់ក្នុងទូកញ្ចក់ សម្រាប់អ្នកដែលចង់ទៅរម្លឹកគុណរបស់គាត់ ឬរម្លឹកស្នាដៃរបស់គាត់ ចង់ឃើញមុខគាត់ ខ្ញុំគិតថាល្អបើសិនអាចធ្វើបាន»។
រីឯអ្នកស្រី ញ៉ែម សោភ័ណ្ឌ ជាប្រជាពលរដ្ឋម្នាក់នៅខណ្ឌឬស្សីកែវ យល់ថាការតម្កល់ទុកសពលោកបណ្ឌិត កែម ឡី ឱ្យនៅបានយូ វាមានសារៈសំខាន់ខ្លាំងណាស់។ អ្នកស្រីប្រាប់ថា លោក កែម ឡី គឺជាមនុស្សម្នាក់ដែលមានគំនិតល្អៗ ក្នុងការបណ្តុះគំនិតឱ្យប្រជាពលរដ្ឋមួយចំនួន ដែលមិនបាន យល់ពីបញ្ហាសង្គមឱ្យងាក់មកចាប់អារម្មណ៍រឿងសង្គម។
អ្នកស្រីយល់ថា សព លោក កែម ឡី នឹងអាចរក្សាទុកបានយូ ដូចសពព្រះគុណសម ប៊ុនធឿន។
អ្នកស្រី ញ៉ែម សោភ័ណ្ឌបន្ថែមថា គួរតែបង្កើតមូលនិធិមួយ ឱ្យប្រជាពលរដ្ឋបរិច្ចាគ ក្នុងម្នាក់តែមួយដុល្លារ នោះនឹងអាចរក្សាឱ្យបានយូបាន។
អ្នកស្រី ញ៉ែម សោភ័ណ្ឌ៖«ហើយពេលណាដែលយើងចង់រំលាយសពគាត់ លះត្រាតែពេលណាមួយដែលសមរម្យទើបធ្វើបាន ហើយម្យ៉ាងទៀតខ្ញុំធ្លាប់ឃើញ លោក សម ប៊ុនធឿនមកដល់ឥលូវ១០ឆ្នាំហើយ » ។
ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀត យល់ថាមិនគួរតម្កល់ទុកសព អ្នកវិភាគល្បីល្បាញរូបនេះ នៅក្នុងវត្ត ឬនៅផ្ទះនោះទេ ព្រោះសពគាត់អាចនឹងត្រូវគេបំផ្លាញ។ លោកថា គួរតែរកទីតាំងសមរម្យមួយ ដើម្បីបញ្ចុះសពរបស់គាត់។
បច្ចុប្បន្ននេះ សពលោកបណ្ឌិត កែម ឡី បានដាក់តម្កល់នៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ ដើម្បីឱ្យសាធារណៈជននានា បានមកធ្វើការគោរពបូជា។ ជារៀងរាល់ថ្ងៃ ចាប់ពីលោកបណ្ឌិតត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី ១០កក្ដដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋកុះករទាំងនៅរាជធានីភ្នំពេញ មកពីតាមបណ្តាខេត្ត មន្ត្រីសង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ អគ្គរាជទូត ពីបណ្តាស្ថានទូតមួយចំនួនបានមក គោរពវិញ្ញាក្ខន្ធ។
ក្រៅពីនេះ នៅតាមបណ្តាខេត្តមួយចំនួន ក៏មានរៀបចំកម្មវិធីគោរពវិញ្ញាក្ខន្ធផងដែរ ដើម្បីកុំឱ្យប្រជាពលរដ្ឋដែលស្រលាញ់ចូលចិត្ត វីរៈភាពលោកបណ្ឌិត កែម ឡី ពិបាកឡើងមកគោរពបូជាដល់រាជធានីភ្នំពេញ៕