en     km
en     km

ប្រជាពលរដ្ឋសាទរ ចំពោះការសំរេចតំកល់សពលោកបណ្ឌិត កែម ឡី

Share

​ភ្នំពេញ៖ សព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​មិន​បូជា​នោះ​ទេ​ គឺ​នឹង​តម្កល់​ទុក​ឱ្យ​បាន​យូ​ តាម​ដែល​អាច​ធ្វើ​បាន​។​ នេះ​បើ​តាម​ព្រះ​តេជគុណ​ បុត​ ប៊ុ​ន​តិ​ញ​ គណៈ​ក​ម្មា​ការ​រៀបចំ​បុណ្យសព​ លោក​ កែម​ ឡី​ ដែល​បាន​ធ្វើការ​ពិភាក្សា​គ្នា​ជាមួយ​គ្រួសារ​លោក​បណ្ឌិត​។​

kem-ley-11--07-thum
ការ​សម្រេច​នេះ​ ក៏​កើត​ជួន​ អ្នក​ស្រឡាញ់​ និង​គាំទ្រ​អ្នកវិភាគ​រូប​នេះ​ កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ ចង់ឱ្យ​តម្កល់សព​លោក​បណ្ឌិត​ ជា​រៀង​រហូត​គឺ​ដើម្បី​បានឃើញ​ និង​បន្ត​គោរព​វិ​រៈ​ភាព​របស់​អ្នកវិភាគ​ល្បីល្បាញ​រូប​នេះ​។​ ពិធី​បុណ្យសព​ លោក​ កែម​ ឡី​ កាន់តែ​មាន​មនុស្ស​ ចូលរួម​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​មាន​ទាំង​ តំណាង​ស្ថានទូត​ និង​អង្គការ​ជាតិ​ អន្តរជាតិ​បក្ស​ នយោបាយ​។​ ពួក​គាត់​ចាត់​ទុក​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ជា​ការ​បំបិទ​សំឡេង​អ្នក​រិះគន់​។​ សូម​ស្ដាប់​សេចក្ដីរាយការណ៍​លម្អិត​របស់​ កញ្ញា​ ឆេ​ង​ណា​ តា​ ៖

 

​ព្រះ​តេជគុណ​ បុត​ ប៊ុ​ន​តិ​ញ​ មាន​ថេរៈ​ដីការ​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​១៣​ កក្កដា​នេះ​ថា​ ការ​សម្រេច​រក្សា​សព​លោក​ កែម​ ឡី​ ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​ពី​សាធារណៈជន​ដែល​ឱ្យ​ក្រុម​គ្រួសារ​មិន​ឱ្យ​យក​ទៅ​បូជា​ ឬ​បញ្ចុះ​បាន​ភ្លាមៗ​។​

​ព្រះ​អង្គ​បាន​បញ្ជាក់​ថា​ ការ​តម្កល់​ទុក​សព​នឹង​មិន​មាន​កាលកំណត់​ឡើយ​ បើ​អាច​រក្សា​បាន​កាន់តែ​យូ​កាន់តែ​ល្អ​។​ ព្រះ​តេជគុណ​បន្ត​ថា​ ការ​រក្សា​ទុក​ឱ្យ​បាន​យូ​នេះ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សាធារណៈជន​មក​ធ្វើការ​គោរព​បូជា​ចំពោះ​អ្នកវិភាគ​ព្រឹត្តិការណ៍​ដ៏​ល្បី​រូប​នេះ​។​

​ព្រះ​តេជគុណ​ បុត​ ប៊ុ​ន​តិ​ញ​៖«​សព​លោក​បណ្ឌិត​ កែម​ ឡី​ បើ​ទោះ​ណា​យើង​មិន​បាន​រក្សា​បាន​រហូត​ក៏​ដោយ​ ក៏​យើង​មិន​បូជា​ដែរ​ គឺ​យើង​ចាប់ផ្តើម​រៀបចំ​ទីតាំង​មួយ​ដ៏​សមរម្យ​ យ៉ាង​ហោច​ក៏​បាន​ដី​កន្លះ​ហិច​តា​ដែរ​ នេះ​ជា​គោលបំណង​របស់​គណកម្មការ​។​ បាន​ដី​កន្លះ​ហិច​តា​ ហើយ​យើង​រៀបចំ​ធ្វើ​ទីតាំង​មួយ​ដែល​យើង​អាច​បញ្ចុះសព​គាត់​ទុក​ ហើយ​ទីតាំង​នោះ​គឺជា​ទីតាំង​មួយ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ អាច​ទៅ​ធ្វើការ​គោរព​ និង​ធ្វើការ​ស្រាវជ្រាវ​»​។​

​ប្រជាពលរដ្ឋ​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​ រាប់រយ​នាក់​ ដែល​បាន​មក​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​លោក​ កែម​ ឡី​ នៅ​ថ្ងៃនេះ​ នៅ​វត្ត​ចាស់​ លោក​ នៅ​ ភា​រុណ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ រក្សា​សព​លោក​បណ្ឌិត​ ឱ្យ​នៅ​បាន​យូ​កាន់តែ​ល្អ​ ព្រោះ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​ ដឹង​ពី​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​សង្គម​។​ ប៉ុន្តែ​លោក​ថា​ការ​រក្សា​ឱ្យ​នៅ​បាន​យូ​វា​ក៏​អាស្រ័យ​លើ​លទ្ធភាព​របស់​ គ្រួសារ​ផង​ដែរ​។

​លោក​ នៅ​ ភា​រុណ​ ៖«​បើសិនជា​អាច​គេ​ធ្វើ​បាន​ រក្សា​ទុក​បាន​គួរតែ​រក្សា​ទុក​ ប៉ុន្តែ​អានេះ​ពិ​និ​តទៅ​លើ​លទ្ធភាព​គ្រួសារ​ច្រើន​ជាង​ហើយ​ជាមួយនឹង​អតិថិជន​ដែល​គេ​ឧបត្ថម្ភ​។​ បើសិន​គ្រួសារ​គាត់​អត់​លទ្ធភាព​អាហ្នឹង​ក៏​មិនដឹង​និយាយ​ថា​មិច​ដែរ​»​។​

​ចំណែក​កញ្ញា​ ពេជ្រ​ ស្រី​ល័​ក្ខ​ បានឱ្យ​ដឹងផង​ដែរ​ថា​កញ្ញា​គាំទ្រ​ សម្រាប់​ការ​តម្កល់សព​ឱ្យ​នៅ​បាន​យូ​។​ កញ្ញា​បន្ត​ថា​ ប្រសិនបើ​តម្កល់សព​លោក​ កែម​ ឡី​ បាន​យូ​ នោះ​អាច​រម្លឹក​នូវ​ស្នាដៃ​របស់​គាត់​ឱ្យ​ប្រជាពលរដ្ឋ​កាន់​ចង​ចាំ​។​

​កញ្ញា​ ពេជ្រ​ ស្រី​ល័​ក្ខ​៖«​បើសិនជា​ កន្លែង​ដី​ទីតាំង​របស់​គាត់​អាច​តម្កល់​គាត់​ដូច​ជា​រូប​សាកសព​ព្រះ​មួយ​ចំនួន​អ​ញ្ចឹ​ង​ អាច​តម្កល់​ដាក់​ក្នុង​ទូកញ្ចក់​ សម្រាប់​អ្នក​ដែល​ចង់ទៅ​រម្លឹក​គុណ​របស់​គាត់​ ឬ​រម្លឹក​ស្នាដៃ​របស់​គាត់​ ចង់​ឃើញ​មុខ​គាត់​ ខ្ញុំ​គិត​ថា​ល្អ​បើសិន​អាច​ធ្វើ​បាន​»​។​

​រីឯ​អ្នកស្រី​ ញ៉ែ​ម​ សោ​ភ័​ណ្ឌ​ ជា​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​ យល់​ថា​ការ​តម្កល់​ទុក​សព​លោក​បណ្ឌិត​ កែម​ ឡី​ ឱ្យ​នៅ​បាន​យូ​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​។​ អ្នកស្រី​ប្រាប់​ថា​ លោក​ កែម​ ឡី​ គឺជា​មនុស្ស​ម្នាក់​ដែល​មានគំនិត​ល្អៗ​ ក្នុង​ការ​បណ្តុះ​គំនិត​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​មិន​បាន​ យល់​ពី​បញ្ហា​សង្គម​ឱ្យ​ងាក់​មក​ចាប់អារម្មណ៍​រឿង​សង្គម​។​

​អ្នកស្រី​យល់​ថា​ សព​ លោក​ កែម​ ឡី​ នឹង​អាច​រក្សា​ទុក​បាន​យូ​ ដូច​សព​ព្រះ​គុណ​សម​ ប៊ុ​ន​ធឿ​ន​។​

​អ្នកស្រី​ ញ៉ែ​ម​ សោ​ភ័​ណ្ឌ​បន្ថែម​ថា​ គួរតែ​បង្កើត​មូលនិធិ​មួយ​ ឱ្យ​ប្រជាពលរដ្ឋ​បរិច្ចាគ​ ក្នុង​ម្នាក់​តែ​មួយ​ដុល្លារ​ នោះ​នឹង​អាច​រក្សា​ឱ្យ​បាន​យូ​បាន​។​

​អ្នកស្រី​ ញ៉ែ​ម​ សោ​ភ័​ណ្ឌ​៖«​ហើយ​ពេល​ណា​ដែល​យើង​ចង់​រំលាយសព​គាត់​ លះ​ត្រាតែ​ពេល​ណាមួយ​ដែល​សមរម្យ​ទើប​ធ្វើ​បាន​ ហើយ​ម្យ៉ាងទៀត​ខ្ញុំ​ធ្លាប់​ឃើញ​ លោក​ សម​ ប៊ុ​ន​ធឿ​ន​មក​ដល់​ឥលូវ​១០​ឆ្នាំ​ហើយ​ »​ ។​

​ដោយឡែក​ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ យល់​ថា​មិន​គួរ​តម្កល់​ទុក​សព​ អ្នកវិភាគ​ល្បីល្បាញ​រូប​នេះ​ នៅ​ក្នុង​វត្ត​ ឬ​នៅផ្ទះ​នោះ​ទេ​ ព្រោះ​សព​គាត់​អាច​នឹង​ត្រូវ​គេ​បំផ្លាញ​។​ លោក​ថា​ គួរតែ​រក​ទីតាំង​សមរម្យ​មួយ​ ដើម្បី​បញ្ចុះសព​របស់​គាត់​។

​បច្ចុប្បន្ន​នេះ​ សព​លោក​បណ្ឌិត​ កែម​ ឡី​ បាន​ដាក់​តម្កល់​នៅ​វត្ត​ចាស់​ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​ឱ្យ​សាធារណៈជន​នានា​ បាន​មក​ធ្វើការ​គោរព​បូជា​។​ ជា​រៀងរាល់ថ្ងៃ​ ចាប់ពី​លោក​បណ្ឌិត​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​ ១០​ក​ក្ដ​ដា​ ឆ្នាំ​២០១៦​ មាន​ប្រជាពលរដ្ឋ​កុះករ​ទាំង​នៅ​រាជធានី​ភ្នំពេញ​ មក​ពី​តាម​បណ្តា​ខេត្ត​ មន្ត្រី​សង្គម​ស៊ី​វិល​ អង្គការ​ជាតិ​ អន្តរជាតិ​ អគ្គរាជទូត​ ពី​បណ្តា​ស្ថានទូត​មួយ​ចំនួន​បាន​មក​ គោរព​វិ​ញ្ញា​ក្ខ​ន្ធ​។​

​ក្រៅពី​នេះ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ក៏​មាន​រៀបចំ​កម្មវិធី​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​ផង​ដែរ​ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ដែល​ស្រលាញ់​ចូល​ចិត្ត​ វីរៈភាព​លោក​បណ្ឌិត​ កែម​ ឡី​ ពិបាក​ឡើង​មក​គោរព​បូជា​ដល់​រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image