ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានមានប្រសាសន៍ថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការរួមចំណែកពង្រឹងនីតិរដ្ឋ ប៉ុន្តែដើម្បីចូលរួមនីតិរដ្ឋឱ្យបានល្អប្រសើរនោះអ្នកសារព័ត៌ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ នឹងត្រួវស្វែងយល់ពីច្បាប់ផងដែរ។
ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងវគ្គស្វែងយល់អំពី «ក្រមព្រហទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា» ដល់អ្នកសារព័ត៌មាន ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះនៅទីស្តីការក្រសួងយុត្តិធម៌។ លោក ជួន សារ៉េត រាយការណ៍ព័ត៌មាននេះ!
អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការពាំនាំព័ត៌មានទាំងទ្បាយដែលបានកើតទ្បើង នៅក្នុងសង្គមកម្ពុជា ចែកជូនទៅដល់សាធារណជនឱ្យបានយល់ដឹង តែចំណុចនេះអ្នកសារព័ត៌មានត្រូវតែប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនផងដែរ ដើម្បីឱ្យព័ត៌មាននោះមានភាពពិតប្រាកដ និងមិនលំអៀង។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងថាអ្នកសារព័ត៌មានពិតជាមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋទូទៅ ឱ្យបានយល់ដឹងនូវរឿងមួយចំនួន។
លោក កើត រិទ្ធ បន្តថាអ្នកសារព័ត៌មានក៏ត្រូវគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ជាអ្នកសារព័ត៌មានផងដែរ គឺមានន័យថាអ្នកសារព័ត៌មានមិនត្រូវមាននិន្នាការលំអៀងទៅខាងភាគីណាមួយនោះទេ ព្រោះអ្នកសារព័ត៌មានត្រូវដើរផ្លូវកណ្តាលជាពិសេស ត្រូវជៀសវាងការសរសេរព័ត៌មានមិនពិតជាដើមដែលធ្វើឱ្យប៉ះដល់តម្លៃជាអ្នកព័ត៌មាន។
លោក កើត រិទ្ធ៖«អ្នកសារព័ត៌មាននឹងពាំនាំនៅចំណេះដឹងជូនដល់សាធារណៈជន អញ្ចឹងបើជាសាធារណៈជនគាត់ចេះ គាត់យល់តាមរយៈអត្ថបទសារព័ត៌មាន គឺធ្វើឱ្យការយល់ដឹងមានគ្រប់សពទាំងអស់ អញ្ចឹងតួនាទីអ្នកសារព័ត៌មានគឺមានសារៈសំខាន់ណាស់សម្រាប់ជួយចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
ចំណែកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ថាវិស័យព័ត៌មានពិតជាមានតួនាទីសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ។ លោក បន្តថា ដើម្បីឱ្យសង្គមកាន់តែមានប្រជាធិបតេយ្យ គឺអ្នកសារព័ត៌មានត្រូវសរសេរព័ត៌មាន ស្របតាមច្បាប់ផងដែរ ប៉ុន្តែបើអ្នកសារព័ត៌មាន សរសេរព័ត៌មានមិនពិតនោះនឹងធ្វើឱ្យសង្គមប្រជាធិបតេយ្យខ្សោយទៅៗ។
លោក ផុស សុវណ្ណ៖ «វិស័យព័ត៌មានគឺជាផ្នែកមួយសំខាន់ណាស់នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ អញ្ចឹងបើជាសេចក្តីដំណឹងពិត បូកជាមួយនឹងមានការអប់រំទៀត ស្របច្បាប់ទៀត មានវិជ្ជាជីវៈទៀត យើងគិតថានោះពិតជាមានប្រជាធិបតេយ្យ ប៉ុន្តែផ្ទុយទៅវិញបើយើងសរសេរដំណឹងយើងបំភ័ន្តបន្លំ យើងនឹងធ្វើឱ្យសង្គមប្រជាធិបតេយ្យយើងកាន់តែខ្សោយទៅៗ ពីព្រោះយើងបំភ័ន្តរហូត គេគ្រប់គ្រងយើងរហូតយើងមានអី បើយើងសរសេរបំភ័ន្តគេមិនគ្រប់គ្រងយើង»។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា អ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារជនឱ្យបានយល់ដឹងពីហេតុការណ៍ដែលបានកើតទ្បើងនៅក្នុងសង្គម។
លោក ប៉ែន បូណា បន្តថាដើម្បីឱ្យការផ្សព្វផ្សាយព័ត៌មានមានភាពត្រឹមត្រូវ និងមានក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈនោះ អ្នកសារព័ត៌មាន ត្រូវចេះ ត្រួវដឹង នឹងត្រូវយល់។
លោក ប៉ែន បូណា៖«យើងចេះ យើងដឹង យើងយល់ មានន័យថាយើងអាចសរសេរព័ត៌មានមួយហ្នឹងមានភាពច្បាស់លាស់ការពិត ហើយយើងអាចឈានទៅរកការវិភាគមួយដែលត្រឹមត្រូវ ដូច្នេះការស្វែងយល់នេះជារឿងសំខាន់គ្រប់ជំនាញទាំងអស់វាមិនមែនជាច្បាប់ យើងមិនបាច់ទៅរៀនច្បាប់ ៤-៥ឆ្នាំនោះទេ យកបរិញ្ញាបត្រនោះទេ តែយើងគ្រាន់តែយកវាមកធ្វើជាមូលដ្ឋានគ្រឹះ » ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មានស្តីពីការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ នៅទីស្តីក្រសួងយុត្តិធម៌ កាលពីព្រឹកមិញនេះរៀបចំដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងព័ត៌មាន និង ក្លិបអ្នកកាសែតកម្ពុជាដែលមានអ្នកសារព័ត៌មានជាច្រើនរូបចូលរួម៕