ភ្នំពេញ៖ សហភាពអ៊ឺរ៉ុបនឹងផ្ដល់កុំព្យូទ័រចំនួន ២៤០០ គ្រឿងដល់កម្ពុជា ដើម្បីជាការសម្រួលដល់ការរៀបចំការចុះឈ្មោះបោះឆ្នោតទាំង ការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ សម្រាប់ឆ្នាំ ២០១៧ ឆ្នាំ ២០១៨ ខាងមុខនេះ។
អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុស្ដ្រីឲ្យដឹងកាលពីថ្ងៃ អង្គារិ៍ ទី ១២ កក្កដាថា ការផ្ដល់កុំព្យូទ័ររបស់សហភាពអ៊ឺរ៉ុបនាពេលនេះ គឺក្នុងគោលបំណងដើម្បីសម្រួលដល់ការចុះឈ្មោះបោះឆ្នោត។
លោកបញ្ជាក់ថា ការបោះឆ្នោតទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតថា្នក់ជាតិ គឺត្រូវធ្វើឡើងតាមរយៈប្រព័ន្ធកុំព្យូទ័រ ដែលប្រព័ន្ធថ្មីនេះត្រូវបានស្ថាប័ន គ.ជ.ប បង្ហាញជំនឿ និងធានាយ៉ាងមុតមាំថា ការបោះឆ្នោត ចូលមកដល់ពេលខាងមុខ នឹងមានភាពសុក្រឹត្យ យុត្ដិធម៍ និង ត្រឹមត្រូវ។
លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមថា កុំព្យូទ័រជាង ២៤០០ គ្រឿងនោះ នឹងត្រូវនាំចូលមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ចុងសប្ដាហ៍នេះ ។
សូមជម្រាបថាក្រៅ ពីសហភាពអឺរ៉ុប ក៏មានប្រទេសជប៉ុន បានផ្ដល់ជំនួយ កុំព្យូទ័រ ជាច្រើន រយគ្រឿង សហរដ្ឋអាមេរិក មូលនីធីកូហ្វីអាណាន់ របស់អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏បាន សន្យាជួយ បច្ចេកទេស ការបោះឆ្នោតនៅកម្ពុជាផងដែរ ដើម្បីសម្រួលដល់សុក្រឹត្យភាព តម្លាភាពនៃការបោះឆ្នោតពេលខាងមុខ។
ចំណែកក្រុមអង្គការសង្គមស៊ីវិលជាតិមួយចំនួន បានប្ដេជ្ញាថាពួកគេនឹងតាមដានការបោះឆ្នោតលើកនេះ ដោយយកចិត្ដទុកដាក់បំផុត ៕