ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី១៣កក្កដានេះបានចោទ បុរសម្នាក់ដែលមានរហស្សនាមថា ជួប សំលាប់ ហើយបានអះអាងថា បាញ់សម្លាប់លោកបណ្ឌិត កែម ឡី ចំនួន២បទចោទ គឺឃាតកម្មគិតទុកជាមុន និងការប្រើប្រាស់អាវុធខុសច្បាប់។
ក្រោយពីការសួរចម្លើយ ការពិនិត្យឯកសារ និងភស្តុតាងនៃសំណុំរឿងឃាតកម្មទៅលើលោកបណ្ឌិត កែម ឡី តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនល្មើសនេះពីបទឃាតកម្មគិតទុកជាមុន និងពីបទកាន់កាប់អាវុធគ្មានការអនុញ្ញាត តាមមាត្រា២០០និង៤៩០នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីនេះតុលាការក៏បានចោទប្រកាន់ លើបុគ្គលម្នាក់ដែលបានលក់អាវុធអោយជនល្មើសពីបទ លក់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមថា ការឆ្លើយសារភាពរបស់ជនល្មើសបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦កន្លងទៅគឺជាប្រយោជន៍ និងតម្រុយសម្រាប់ធ្វើការស៊ើបអង្កេតក្នុងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ។
លោក លី សុផាណា ៖«អយ្យការសួរចម្លើយនេះបានផ្តល់ប្រយោជន៍និងតម្រុយជាច្រើនសម្រាប់ការសើបអង្កេតនិងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ»។
លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងស្តាម៉ាត ជាប់ស្ថានីយ៍ប្រេងឥន្ទនៈកាលតិច ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦។
មរណភាព លោក បណ្ឌិត កែម ឡី ធ្វើឱ្យរំជួលចិត្ត ដល់មជ្ឈដ្ឋាន អ្នកយោបាយ សកម្មជន សង្គម ពលរដ្ឋខែ្មរជាច្រើន ទាំងក្នុងប្រទេសនិង ក្រៅប្រទេស រួមនឹងសហគមន៍អន្តរជាតិផងដែរ៕