ភ្នំពេញ៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងតាមរយៈសារ តេឡេក្រាម នៅល្ងាចថ្ងៃទី ១១ កក្កដានេះថា សំណុំរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយ បានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញហើយ បន្ទាប់ពីមានការសាកសួរ នៅស្នងការដ្ឋានគរបាលរួចមក ។
សារអេឡិចត្រូនិចនៅលើតេឡេក្រាម នៅថ្ងៃនេះ លោក លី សុផាណា បានប្រាប់ថា នៅថ្ងៃច័ន្ទទី១១ កក្កដា អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានទទួលសំណុំរឿងបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ហើយកំពុងពិនិត្យឯកសារ និងភស្ដុតាងនៅក្នុងសំណុំរឿងនេះ នឹងសួរចម្លើយជនល្មើសនៅថ្ងៃស្អែកបន្ដទៀត។
តែទោះយ៉ាងណា បើតាមការបញ្ជាក់ពី លោក លី សុផាណា ដដែល គឺតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំជនល្មើសជាខ្មាន់កាំភ្លើងបាញ់លោកបណ្ឌិត កែម ឡី ឱ្យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។
កាលពីព្រឹកថ្ងៃចន្ទនេះ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យសមត្ថកិច្ចពង្រឹងសន្តិសុខ ខណៈសម្ដេច សម្ដែងការចូលរួមកាន់ទុក្ខគ្រួសារលោក កែម ឡី ។
ទាក់ទងករណីនេះ អង្គការក្នុងប្រទេស ៧០អង្គការបានចេញសេចក្ដីថ្លែងការណ៍ ដោយ ថ្កោលទោស យ៉ាងខ្លាំង ចំពោះអំពើឃាតកម្មលើ លោក កែម ឡី ។ អង្គការទាំងនោះបានទាមទារ ឱ្យ ស្វែងរកយុត្តិធម៌ពិតៗជូនជនរងគ្រោះ ។
សូមជំរាបថា លោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ ត្រូវបានគេឃាតករបាញ់សម្លាប់នៅក្នុង Star Mart ខណ្ឌចំការមន ក្បែរស្តុបបូកគោ នៅវេលាម៉ោង ៨និង៤៥នាទីព្រឹក ដែលត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕