ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកជនដៃដល់ និងស្វែងរកជន ដែលឃុបឃិតទាំងទ្បាយដែលបានសម្លាប់លោកបណ្ឌិត កែម ទ្បី មកផ្តន្ទាទោសតាមផ្លូវច្បាប់។ ការថ្លែងបែបនេះធ្វើទ្បើងនៅក្នុងពិធីសម្ពោធអាគារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៦នេះ។ ប៉ុន្តែអ្នកវិភាគ ២រូបថា ការចាប់បាន ឬមិនបាន អាស្រ័យលើឆន្ទះរបស់រាជរដ្ឋាភិបាល។
បន្ទាប់ពីមានការបាញ់សម្លាប់លោកបណ្ឌិត កែម ទ្បី កាលពីម្សិលមិញ សម្តេច ហ៊ុន សែន នៅថ្ងៃទី១១កក្តដានេះ បានចេញវិធានការដោយរឹតបន្តឹងសន្តិសុខ ហើយត្រូវផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្តែងនៅមរណៈទុក្ខ ចំពោះគ្រួសារសពក៏ដូចជាការសោកស្តាយ និងថ្កោល ទោសយ៉ាងម៉ឹងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះ ហើយសូមចេញបទបញ្ជា ហើយអាជ្ញារធរមានសមត្ថកិច្ចស្វែងរកនៅជនដៃដុល និងជនឃុំឃិតទាំងទ្បាយដើម្បីផ្តន្ទាទោសតាមច្បាប់»។
សម្តេច ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយចំពោះការស្លាប់របស់លោកបណ្ឌិត កែម ទ្បី ដែលសម្ដេចនាយករដ្ឋមន្ត្រីបន្តថា នេះជាលើកទី ០២ហើយ ដែលមានករណីបាញ់ប្រហារ។ សម្ដេចថា គឺលើកទី០១ ទៅលើឱកញ៉ា អ៊ឹង ម៉េងជឺ និងលើកទី ០២ ទៅលើបណ្ឌិត កែម ទ្បី ដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូប។ សម្តេច ហ៊ុន សែន បានចេញបទបញ្ជាឱ្យអាជ្ញាធរមានសម្ថកិច្ចតាមវែកមុខរកជនដែលឃុបឃិតទាំងទ្បាយមកផ្តន្ទាទោសតាមច្បាប់។
ប្រធានលេខាធិការដ្ឋាននៃគណកម្មាធិការអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជាលោក សួន ប៊ុនស័ក្តិ អបអរសាទរចំពោះចំណាត់ការសម្តេច ហ៊ុន សែន ដែលបានចេញបញ្ជាឱ្យអាជ្ញាធរតាមស្វែងរកជនដែលបានឃុបឃិតមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែលោកថា កន្លងមកនេះរាជរដ្ឋាភិបាលក៏ធ្លាប់ចេញបទបញ្ជានេះដែរ ប៉ុន្តែតែងតែបរាជ័យ។
ទាក់ទងនឹងបទបញ្ជានេះដែរលោក សួន ប៊ុនស័ក្តិ មានការព្រួយបារម្ភចំនួន ២ ចំនុច៖«ខ្ញុំមានការព្រួយបារម្ភ២មែនទែនទៅ ទី០១គ្រាន់យើងជាក្តីសង្ឃឹមថានឹងអាចរកឃើញ ប៉ុន្តែអាជ្ញាធររដ្ឋគាត់មានយន្តការ មានកម្លាំងប្រដាប់អាវុធរបស់គាត់ ខ្ញុំគិតថារឿងប៉ុណ្ណឹងមិនអាចរកឃើញមិនបាននោះទេ បញ្ហាមួយទៀតយើងតែងតែមានការខកចិត្តត្រង់ថាពេលមានបញ្ហាចឹងៗ រឿងសំខាន់ជាទូទៅយើងមិនដែលឃើញបានអនុវត្តចំណាត់ការដោយជោគជ័យ បានយកផ្តន្ទាទោសទៅជាសាធារណៈ…»។
ចំណែកសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា លោកមានជំនឿចិត្តទៅលើនាយករដ្ឋមន្ត្រី ថានឹងអាចចាប់ជនដែលបានឃុបឃិតសម្លាប់ លោកបណ្ឌិត កែម ទ្បី បាន។ លោក ឯម សុវណ្ណរ៉ា សង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់នោះ នោះជនដែលនៅពីក្រោយខ្នងពីការសម្លាប់លោក កែម ឡី នោះមិនអាចគេចខ្លួនបាននោះទេ។
លោក ឯម សុវណ្ណរ៉ា បន្ថែមទៀតថា បញ្ហានេះជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ព្រោះបើរាជរដ្ឋាភិបាលមិនចេញវិធាន ការស៊ើបអង្កេតនោះទេ នោះនឹងធ្វើឱ្យខាតបង់ជំនឿចិត្តពីប្រជាពលរដ្ឋដោយលោកយន្តការនេះហាក់បីដូចជាយឺតបន្តិចផងដែរ។លោក ឯម សុវណ្ណរ៉ា៖«ខ្ញុំជឿជាក់ថាការចេញវិធានការណ៍របស់នាយករដ្ឋមន្ត្រីពីករណីឃាតកម្មលោក កែម ទ្បី មានប្រសិទ្ធភាព ព្រោះនៅក្នុងរចនាសម្ព័ន្ធអំណាចបច្ចុប្បន្ននេះគឺរដ្ឋាភិបាលគេក្តាប់បានរឹងមាំណាស់អញ្ចឹងបើរដ្ឋាភិបាលបើកការស៊ើបអង្កេត ហើយយកចិត្តទុកដាក់គេហៅថាអ្នកនៅពីក្រោយឃាតកម្មនេះមិនអាចគេចខ្លួនបាននោះទេ»។
គេនៅចាំបានថា រយៈពេលជាងមួយទសវត្សចុងក្រោយនេះ មានឃាតកម្មកើតទ្បើងជាច្រើនកើតទ្បើងទៅលើអ្នកល្បីៗជាច្រើនរូប ក្នុងនោះរួមមានអ្នកកាសែតជើងចាស់លោក ធន់ ប៊ុនលី អ្នកសារព័ត៌មានជាច្រើនរូបទៀត និងអ្នកសិល្បៈជាច្រើនរូបរួមមាន អ្នកនាង ពិសិដ្ឋ ពីលីកា កញ្ញាទូច ស្រីនិច ជាដើម និងសកម្មជនមួយចំនួនផងដែរដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី ដែលអ្នកទាំងនោះមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅទ្បើយនោះទេ៕