ភ្នំពេញ៖ សេតវិមានសហរដ្ឋអាមេរិកបានទទូចឲ្យអាជ្ញាធរកម្ពុជាធានាចំពោះជំនុំជម្រះក្តីឥតលម្អៀងទៅលើរឿងក្តីឃាតកម្មលើអ្នកវិភាគនយោបាយលិចធ្លោ លោកបណ្ឌិត កែម ឡី ខណៈដែលស្ថានទូតអាមេរិកនៃប្រទេសមហាអំណាចមួយនេះ សន្យាឈរជាមួយប្រជាជនកម្ពុជា ដើម្បីយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់សេតវិមានសហរដ្ឋអាមេរិកធ្វើឡើងតាមរយៈឧបការី និងជាអ្នកនាំពាក្យលោក John Kirby ។

នៅក្នុងសេចក្តីការណ៍សេតវិមានបានបញ្ជាក់ថា«យើងសូមសម្តែងការចូលរួមចំពោះមរណភាពលោក បណ្ឌិត កែម ឡី ហើយយើងសូមចូលរួមលំលែងទុក្ខយ៉ាងក្រៀមក្រំជូនក្រុមគ្រួសារ មិត្តភ័ក្រ និងសហការីរបស់លោកបណ្ឌិត»។ ជាមួយគ្នានេះ មេបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោក ចូលរួមរំលែងទុក្ខ និង គោរពវិញ្ញាណក្ខន្ធលោក កែម ឡីផងដែរ ។
លោក សម រង្ស៊ី បានថ្លែងថា លោក កែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ។ លោកបន្តថា លោកបណ្ឌិតកែម ឡី មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានទេពកោសល្យ និងសក្តានុពលនយោបាយ គួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះ ក្លឹមអ្នកកាសែតកម្ពុជានៅបរទេសក៏បានចេញថ្លែងការណ៍ ទាមទារឲ្យមានការស៊ើបអង្កេតមួយដោយឯករាជ្យ និងបានហៅឃាតកម្មនេះថា ជារឿងនយោបាយដែលជាគំរាមគំហែងមុនការបោះឆ្នោត។
នៅព្រឹកថ្ងៃទី ១១ កក្កដានេះ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៧០ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័ស ដើម្បីរកយុត្តិធម៌ ជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។
កាលពីម្សិលមិញ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្កែងការណ៍ដោយបានចូលរួមរំលែងទុក្ខ និងថ្កោលទោលការបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី។ សេចក្តីការណ៍នេះក៏បាន ទទូចឲ្យអាជ្ញាធរធ្វើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងយុត្តិធម៌ជូនគ្រួសារលោក បណ្ឌិត កែម ឡី។
ហើយជាមួយនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកចូលរួមរំលែងទុក្ខជាមួយ គ្រូសារសពលោក កែម ឡី ដែរ។
នៅព្រឹកថ្ងៃទី ១១ កក្កដានេះ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៧០ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័ស ដើម្បីរកយុត្តិធម៌ ជូនក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។
បុរសដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មានរហស្សនាមថា «ជួបសម្លាប់» បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា លោកបានបាញ់សម្លាប់ជនរងគ្រោះដោយសារតែលោកព្យាយាមទារប្រាក់ពីអ្នកវិភាគ រូបនេះមិនបាន ដែលបានជំពាក់លោកមួយឆ្នាំមកហើយ គឺទឹកប្រាក់ ៣០០០ដុល្លារ។
ទោះជាយ៉ាងណាលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញពុំទាន់ជឿថា ជនដៃដល់មានឈ្មោះ ទិត សំអុល ហៅ «ជួបសម្លាប់» ដូចការសារភាពរបស់គេឡើយ។ លោកថា សមត្ថកិច្ចកំពុងមានតម្រុយច្រើន ដែលមានប្រយោជន៍ដល់ការស៊ើបអង្កេតបន្តទៀត។
សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោង ៨និង ៤៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦នេះ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលដេញចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាព៕