en     km
en     km

តុលាការ​នឹង​ជំនុំ​ជម្រះក្តី​លោក​ សម​ រ​ង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ប្រធានរដ្ឋសភា​នៅ​ចុងខែ​កក្កដា​🔊

Share

ភ្នំពេញ៖ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ដែល​ទទួល​រង​បទ​ចោទ​ក្នុង​សំណុំរឿង​បរិហា​កេរ្តិ៍​ចំនួន​ ៤​ករណី​មក​ហើយដោយ​មិន​គិត​ពី​ដីកា​ស្វែងរក​ចាប់ខ្លួន​លោក​នោះ​ ឥឡូវនេះ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​ ថ្ងៃ​ ២៨​ កក្កដា​ខាង​មុខ​នេះ​ គឺជា​ការ​បើក​សំណុំ​ជម្រះក្ដី​រូប​លោក​ តាម​បណ្ដឹង​របស់​លោក​ គី​ តិច​ ជា​មេធាវី​ការពារ​ក្តី​សម្ដេច​ ហេង​ សំ​រិ​ន​។​ សំណុំរឿង​ដែល​គេ​ចោទ​ថា​មេ​បក្ស​ប្រឆាំង​បាន​បរិហា​ក្ដេ​រិ៍​ប្រធានរដ្ឋសភា​ទាក់ទង​នឹង​ការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ ហើយ​ក្នុង​នោះ​លោក​ស​សេរ​ថា​ របប​ប្រជាមានិត​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​ហេង​សំ​រិ​ន​បាន​កាត់ទោស​ព្រះបាទ​នរោត្តម​សីហ​នុ​អស់​មួយ​ជីវិត​ហើយ​ជា​ទោស​ក្បត់ជាតិ​។​ តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​ គណបក្ស​សង្គ្រោះ​ជាតិ​ថា​ លោក​ សម​ រ​ង្ស៊ី​ មិន​ភ្ញាក់ផ្អើល​អ្វី​ឡើយ​ ។​

 

sam-rang-sey-thum
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅខាងឆ្វេង និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅខាងស្តាំ។

​សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​បើ​សវនាកា​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ប្រធាន​គណបក្សប្រឆាំង​ ពី​បទ​បរិហារកេរ្តិ៍​ប្រធាន រដ្ឋ សភា​សម្ដេច​ ហេង​ សំ​រិ​ន​ នៅ​ចុងខែ​កក្កដា​ ឆ្នាំ​ ២០១៦​ នេះ​ស្រប​ពេល​តុលាការ​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំនុំរឿង​ ក្លែង​ឯកសារ​រឿង​ព្រំដែន​ទាក់ទិន​សមាជិក​ព្រឹទ្ធសភា​លោក​ ហុង​ សុខ​ហួរ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី​ សុ​ផា​ណា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅ​រិ៍​ទី​៩​កក្កដា​នេះ​ថា​ថា​ តុលាការ​នឹង​បើក​សវនាការ​ជំនុំជម្រះ​ផ្ទាល់​លើ​ករណី​ លោក​ សម​ រ​ង្ស៊ី​ ពាក់ព័ន្ធ​នឹង​បណ្តឹង​បទ​បរិហារកេរ្តិ៍​ ប្តឹង​ដោយ​មេធាវី​ របស់​ សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​គឺ​លោក​មេធាវី​ គី​ តិច​ នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​។​

​លោក​ គី​ តិច​ បាន​ប្តឹង​លោក​ សម​ រ​ង្ស៊ី​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ធ្វើ​ឡើង​បន្ទាប់​ពី​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​ និង​បង្ហោះ​វី​ឌី​អូ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​កំឡុង​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៥​ កន្លង​មក​ដោយ​មេ​បក្ស​ប្រឆាំង​សរសេរ​នេះ​ថា​៖​ «​យើង​ចង​ចាំ​ថា​របប​កើត​ថ្ងៃ​ ៧​ មក​រា​ ១៩៧៩​ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារជីវិត​សម្តេចព្រះ​នរោត្តម​ សីហ​នុ​ ដោយ​ចោទ​ព្រះ​អង្គ​ថា​ជា​ជន​ក្បត់ជាតិ​»​។​

​វី​ដេ​អូ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​បង្ហោះ​នោះ​គឺ​សម្ដេច​ សីហ​នុ​ បាន​រៀបរាប់​ពី​កងទ័ព​វៀតណាម​ចូល​មក​កម្ពុជា​ និង​ពាក់ព័ន្ធ​នឹង​សម្ដេច​ ហេង​ សំ​រិ​ន​ ជា​ប្រធានរដ្ឋសភា​ពេល​បច្ចុប្បន្ន​នេះ​។​

ទ​ន្ទឺ​ម​នឹង​សំណុំរឿង​នេះ​ លោក​ សម​ រ​ង្ស៊ី​ រង​ការ​កោះហៅ​ ៣​ករណី​ទៀត​ ដែល​សុទ្ធ​សឹង​ជា​រឿង​បរិហារកេរ្តិ៍​ ។​ ចំពោះ​ករណី​រឿង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​ វៀតណាម​ ឆ្នាំ​១៩៧៩​ លោក​ សម​ រ​ង្ស៊ី​ ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​។​

​ក្នុង​សំនុំរឿង​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្រូវ​បាន​ចោទ​ពី​បទ​ សមគំនិត​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​ -​វៀតណាម​ដែល​សំនុំរឿង​នេះ​ ទាក់ទិន​ជាមួយ​សមាជិក​ព្រឹទ្ធសភា​ហុង​ សុខ​ ហួរ​។​ ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទប្រកាន់​មេ​បក្ស​ប្រឆាំង​ ពី​បទ​សមគំនិត​ក្លែង​ឯក​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ កាលពី​ខែ​ សីហា​ ឆ្នាំ​ ២០១៥​កន្លង​មក​។​

តាម​រយៈ​សេចក្តីជូនដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ កោ​ វ​ណ្ណី​ ចុះ​ផ្សាយ​ថ្ងៃ​ទី​៣០​ មិថុនា​ ឆ្នាំ​ ២០១៦​ បាន​សម្រេច​បិទ​ការ​ស៊ើបសួរ​សំនុំរឿង​នេះ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ មាន​ប្រសាសន៍​ថា​ ចៅក្រម​ស៊ើបសួរ​លោក​ កោ​ វ​ណ្ឌី​ បាន​ជូន ដំណឹង​ពី​ការ​បិទ​ការ​ស៊ើបសួរ​ចំពោះ​សំនុំរឿង​ជន​ត្រូវ​ចោទ​ឈ្មោះ​ សម​ រង្សី​ ទៅ​លើ​សំណុំរឿង​ដែល​បំបែក​ចេញពី​សំណុំរឿង​ទាក់ទង​នឹង​ជនជាប់ចោទ​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​។​ ប៉ុន្តែ​លោក​ លី​ សុ​ផា​ណា​ បញ្ជាក់​ថា​ ចៅក្រម​ស៊ើបសួរ​បាន​បំបែកសំណុំរឿង​លោក​ សម​    រ​ង្ស៊ី​ ចេញពី​សំណុំរឿង​ដែល​ចោទប្រកាន់​ និង​បញ្ជូន​ទៅ​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ឈ្មោះ​ ហុង​ សុខ​ហួរ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​រូប​នេះ​បន្ថែម​ថា​ តាម​នីតិវិធី​បន្ទាប់​ពី​ជូនដំណឹង​បិទ​ការ​ស៊ើបសួរ​ ២​ ថ្ងៃ​បន្ទាប់​ នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ព្រះរាជអាជ្ញា​សាលាដំបូង​ធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​។​

​ចំណែកឯ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ យឹ​ម​ សុវណ្ណ​ សុំ​មិន​ធ្វើ​អត្ថាធិបាយ​ទេ​។​ រីឯ​មេធាវី​ការពារ​ក្តីលោក​ សម​     រ​ង្ស៊ី​ គឺ​លោក​ សំ​ សុ​គង់​ វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ឡើយ​ ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។​

​លោក​ សម​ រ​ង្ស៊ី​ ដែល​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ទទួល​រង​ការ​ចោទប្រកាន់​ទៅ​តុលាការ​ចំនួន​ ៤​ករណី​ ដែល​ជា​បណ្ដឹង​របស់​មេធាវី​រដ្ឋាភិបាល​ ប្ដឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​ ប៉ុន្តែ​អ្វី​ដែល​នាំ​ឱ្យ​លោក​និរទេស​ខ្លួន​គឺ​ករណី​ដីការ​ស្វែងរក​ចាប់ខ្លួន​លោក​ទាក់ ទង​សំនុំរឿង​ចាស់​របស់​អតីត​រដ្ឋការ​បរទេស​លោក​ ហោ​ ណាំ​ហុង​ប្ដឹង​លោក​ពី​បទ​បរិហា​កេ​រ្តី៍​រឿង​ថា​អតីតរដ្ឋមន្ត្រី​រូប​នេះ​ ធ្លាប់​ជា​មេ​គុក​បឹង​ត្របែក​។​

​ទាំង​ករណី​លោក​ សម​ រ​ង្ស៊ី​ ករណី​លោក​ ហុង​ សុខ​ហួរ​ ករណី​លោក​ អ៊ុំ​ សំ​អាន​ក្ដី​ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​ចាត់ទុកជា​រឿង​នយោបាយ​ ។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​មើលឃើញ​ថា​ អ្នកនយោបាយ​ខ្មែរ​តែង​យក​រឿង​បុគ្គល​ភ្ជាប់​ទៅ​ជា​រឿង​នយោបាយ​ដើម្បី​ផ្តួល​គូរ​ប្រកួត​។​ លោក​ សូ​ ស​ន្ថា​ ចង់​ឃើញ​អ្នកនយោបាយ​ប្រកួតប្រជែង​គ្នា​តាម​របៀប​ដាក់​ចេញ​គោល នយោបាយ​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​។​ លោក​ សូ​ច​ន្ថា​៖«​ចំណុច​នេះ​ចង់​ឃើញ​អ្នកនយោបាយ​ទាំង​ បក្ស​ប្រឆាំង​ បក្ស​កាន់​អំណាច​ ប្រកួតប្រជែង​គ្នា​ដោយ​ស្មោះត្រង់​ ប្រកួត​ប្រ​ជែក​គ្នា​ដោយ​ប្រើ​គោលនយោបាយ​ ដោយ​ប្រើ​កម្មវិធី​នយោបាយ​ល្អ​ ដែល​ផ្តល់​ប្រយោជន៍​ពិតប្រាកដ​ ជា​ជាង​អ្នកនយោបាយ​ប្តឹងផ្តល់​គ្នា​នៅ​តុលាការ​ ហើយ​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ​ ដើម្បី​ផ្តល់​រលំ​ដៃគូរ​ នេះ​ជា​របៀប​ប្រកួតប្រជែង​ មិនជា​ប្រជាធិបតេយ្យ​ទេ​»​។​

កាលពី​ស​ប្ដា​ហ៍​មុន​លោក​ សម​ រ​ង្ស៊ី​ បាន​ផ្ដល់​បទ​ម្ភា​សន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពិន​ថា​ ទោះជា​លោក​មានរឿង​ក្ដី​ច្រើន​យ៉ាងណា​ក៏​ដោយ​ ក៏​លោក​នឹង​វិល​ចូល​ប្រទេស​ញ​ គឺ​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៤​មិថុនា​ ឆ្នាំ​២០១៧​។​

​សហភាព​អឺរ៉ុប​ អា​មេ​រិ​ក​ និង​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ថ្មីៗ​នេះ​ បាន​ទាមទារ​ឱ្យ​បក្ស​កាន់​អំណាច​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ និង​ដីកា​ស្វែងរក​ចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ នេះ​ដែល​ពូក​គេ​ថា​ ដើម្បី​ឱ្យ​មេ​បក្ស​ប្រឆាំង​នេះ​វិល​ចូល​កម្ពុជា​ទើប​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​ ប្រកបដោយ​ ភាព​ត្រឹមត្រូវ​ នឹង​មាន​ភាព​ស្មើមុខ​គ្នា​ ។​តែ​បែប​នេះ​ក្ដី​ បក្ស​កាន់​អំណាច​ចាត់​ទុក​រឿង​របស់​លោក​ សម​ រ​ង្ស៊ី​ ជា​កិច្ចការ​របស់​តុលាការ​៕​

Share

Image
Image
Image