ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ជាប្រិយមិត្តស្តាប់ព័ត៌មានតាមវិទ្យុ បានសម្តែងការគាំទ្រចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសឲ្យសារព័ត៌មានពុំចាំបាច់ប្រើគោរមងារ«សម្តេច»នៅក្នុងអត្តបទសារព័ត៌មាន។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានសរសេរលើទំព័រហេ្វសប៊ុក កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៦ថា៖«ចំពោះការប្រើប្រាស់គោរមងាររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺគ្មានការចាំបាច់តម្រូវអោយត្រូវតែសរសេរដាក់អោយចំ”គោរមងារ” នោះទេ ប្រសិនបើអ្នកសារព័ត៌មានមិនចង់ប្រើ។ តែសូមសរសេរគោរពក្រមសីលធម៌ និងមានប្រភពព័ត៌មានច្បាស់លាស់ចៀសវាងចែកចាយព័ត៌មានមិនពិត»។
ការច្រានចោលវិញ គឺបន្ទាប់ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំបង្គាប់ឱ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវប្រើគោ រមងារថ្នាក់ដឹកនាំកម្ពុជា ដោយបានព្រមានថា បើមិនអនុវត្តតាមគឺនៅអំឡុង ខែកក្កដានេះទេ ក្រសួងនឹងមានវិធានការជាក់ លាក់លើអង្គភាពដែលមិនបានអនុវត្តន៍។
អ្នកតាមដានស្តាប់ព័ត៌មានតាមវិទ្យុក្តី តាមទូរទស្សន៍ក្តី តាមការសែតក្តី បានគាំទ្រប្រសាសន៍សម្តេច ដូចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនបង្ខំឱ្យអ្នកសារព័ត៌មានប្រើគោរមងារថ្នាក់ដឹកនាំដូច ដែលក្រសួងព័ត៌មានធ្លាប់បានបង្គាប់នោះទេ។
លោក ឡាន ប៊ុនធី អាយុ៥១ ឆ្នាំ ប្រជាពលរដ្ឋរាជធានីភ្នំពេញ យល់ឃើញថា អ្នកសារព័ត៌មានមិនចាំបាច់ប្រើគោរមងារទេ ព្រោះដើម្បីងាយស្រួសដល់អ្នកស្តាប់ និងងាយស្រួលដល់អ្នកអានព័ត៌មានតាមការសែត។ លោក ឡាន ប៊ុនធី៖«តាមមតិ យោបល់យើងជាប្រជាពលរដ្ឋយើងអត់មានអ្វីជំទាស់កើតទេ គាំទ្រទាំងស្រុង ព្រោះវាងាយស្រួល សូម្បីតែខ្ញុំប្រជាពលរដ្ឋច្រើនហៅ ហ៊ុន សែន សម្តេច ហ៊ុន សែន»។
ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញម្នាក់ទៀតគឺលោក សំ សុភាព អាយុ ៤៣ ឆ្នាំ និយាយថា លោកមិនជំនាស់និងប្រើប្រាស់គោរមងារនៅក្នុងអត្តបទសារព័ត៌មានឡើយ តែលោកយល់ថា ការប្រើគោរមងារគឺពាក្យវែងពេក ធ្វើឲ្យប្រជាពលរដ្ឋពិបាកហៅ និងពេលខ្លះហៅគោរងារមិនត្រូវថែមទៀតផង។ លោក សំ សុភាព៖«ខ្ញុំយល់ថាប្រើយ៉ាងណាក៏បាន គ្រាន់តែសំខាន់ប្រើពាក្យណាដែលស្រួលប្រើទៅ ដើម្បីឲ្យប្រជាជនគេស្រួលនិយាយ ព្រោះប្រជាជនខ្លះអត់ចេះអក្សរទេ គ្រាន់តែពេលខ្លះពិបាកអាន ជួនកាលអានវាច្រឡំ ហើយជួនកាលនិយាយអត់ត្រូវ ត្រឹមសម្តេច ហ៊ុន សែន វាអស្ចារ្យប៉ុណ្ណឹងរកអីទៀត»។
ពលរដ្ឋម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះយល់ថា អ្នកសារព័ត៌មានគួរប្រើគោរមងារត្រឹមពាក្យថា «សម្តេច» គឺងាយស្រួលស្តាប់ និងអាន។ លោកនិយាយថា៖«ខ្ញុំអត់ដឹងថា មានន័យថាដូចមម្ត៉េចទេ បើស្រណុងហៅ សម្តេច ហ៊ុន សែន ស្រណុកហៅវាខ្លី ដល់ពេលសម្តេចតេជោ វែងឆ្ងាយពេកវាពិបាក់ហៅ»។
លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គមមានប្រសាសន៍ថា ការមិនហៅគោរមងារប្រមុខដឹកនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំមិនមែនបានន័យថា ប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានមិនគោរពថ្នាក់ដឹកនាំនោះទេ។ លោកបន្តថា ការបន្ទន់ជំហររបស់សម្តេចនៅពេលនេះ គឺជាឆ្លើយតបទៅនឹងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋក្នុងស្រុក។ លោក មាស នី៖«ប្រ ហែលជារដ្ឋាភិបាលក្រោយពីធ្វើការសម្រេចចិត្តមានការប្រតិកម្មអវិជ្ជមានជាច្រើនទាំងសង្គមហ្វេសប៊ុកសាធារណៈជនជាតិនិងតាមបណ្តាញការសែតអន្តរជាតិឃើញថាចំណាក់ការនេះមិនសូវមានការគាំទ្រពីសធារណជនប៉ុន្មាននោះទេ អញ្ចឹងខ្ញុំគិតថាការប្រកាសរបស់សម្តេចនេះគឺជាការឆ្លើយតបទៅនឹងការរិះគន់ពីសារធារណៈជនច្រើនជាង»។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជាបានព្រះរាជទានគោរមងារ«សម្តេច»ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាចំនួន ៧ រូបមានដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចក្រឡាហោម ស ខេង សម្តេចជហ្វាវាំងវរវៀងជ័យអធិបតិស្រឹង្គារ គង់ សំអុល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ។
ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំម្ដងរួចមកហើយ កាលដើមខែមិថុនា បន្ទាប់មកគេសង្កេតឃើញ បណ្ដាញផ្សាយព័ត៌ មានជាតិ និងអន្តរជាតិជាច្រើនបានស្រង់សម្តីអ្នកវិភាគសង្គមមករិះគន់ វាយប្រហារខ្លាំងៗ លើមេដឹកនាំកម្ពុជា ហើយក្នុងនោះបណ្ដាញផ្សាយព័ត៌មាន CNN របស់អាមេរិក BBC របស់អង់គ្លេស និង Channel News Asia របស់សិង្ហបុរី បានហៅមេ ដឹកនាំកម្ពុជាថា យកលំនាំតាមមេដឹកនាំកូរ៉េខាងជើង ដែលជារដ្ឋកុំម្មយនិស្តឯកា៕