ភ្នំពេញ៖ អ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គ្រោះជាតិ កំពុងជាប់ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស បានថ្លែងប្រាប់អ្នកតំណាងរាស្ត្រចូលសួរសុខទុក្ខ នៅថ្ងៃសុក្រនេះថា អនុរក្សពន្ធនាគារបានដាក់ លោកនៅក្នុងបន្ទប់ជាមួយអ្នកទោសរួមគ្នាច្រើននាក់ ដែលប៉ះពាល់សិទ្ធិរបស់លោកជាអ្នកនយោបាយ។ មន្ត្រីពន្ធនាគារបញ្ជាក់ថា មូលហេតុឃុំខ្លួនអ្នកតំណាងរាស្ត្រ និងមាជិកព្រឹទ្ធសភារួមគ្នា ដោយសារពន្ធនាគារមានលក្ខណៈតូចចង្អ្រៀង។
បន្ទាប់ដើរចេញពីពន្ធនាគារព្រៃស អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក អ៊ុំ សំអាន និង លោក ហុង សុខហួរ ត្រូវបានអនុរក្សពន្ធនាគារឃុំខ្លួននៅក្នុងបន្ទប់រួមគ្នាជាមួយអ្នកទោសប្រមាណ ២០ ទៅ ៣០នាក់។ លោក សុន ឆ័យ បន្តថា អនុរក្សពន្ធនាគារមិនគួរឃុំក្នុងបន្ទប់រួមគ្នាទេ។
លោក សុន ឆ័យ បន្ថែមថាលោក អ៊ុំសំអាន និងលោក ហុង សុខហួរ ត្រូវបានអនុរក្សពន្ធនាគារមិនឲ្យជួបពិភាក្សាគ្នាឡើយ។ លោក សុន ឆ័យ៖«ការឃុំខ្លួនរងចាំការកាត់សេចក្តីមិនត្រូវមានលក្ខណៈដូចមានទោសទេ….ហើយជាប់គុកនៅក្នុងបន្ទប់ពី ២០ ទៅ ៣០ នាក់ ហើយឲ្យចេញ១ថ្ងៃបាន១ម៉ោង នេះជាការរំលោភលើសិទ្ធិជនរងគ្រោះ ឬជនជាប់ចោទ»។
ការបញ្ជាក់របស់លោក សុន ឆ័យ ដូចនេះ គឺបន្ទាប់ពីលោកបានចូលជួបលោក អ៊ុំ អាន និងលោក ហុង សុខ ហួរ កាលពីព្រឹកថ្ងៃសុក្រទី ៨កក្កដានេះ។ ពួកគាត់ទាំង ២នាក់នេះ កំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស។
ជុំវិញបញ្ហានេះលោក នុត សាវនា អ្នកនាំពាក្យពន្ធនាគារព្រៃសបានបញ្ជាក់ថា ការឃុំខ្លួនអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធ សភារួមគ្នាជាមួយអ្នកទោសដទៃទៀត គឺដោយសារពន្ធនាគារលក្ខណៈតូចចង្អៀត។
លោកបន្តថា អនុរក្សពន្ធនាគារមិនបានឲ្យលោក អ៊ុំ សំអាន និង លោក ហុង សុខហួរ ជួបជជែកគ្នា គឺដោយសារពង្រឹងសុវត្ថិភាពអ្នកជាប់ឃុំទាំង ២រូប។ លោក នុត សាវនា៖«បញ្ហារាលថ្ងៃដែលយើងជួបប្រទះគឺ ភាពចង្អៀតណែន ត្រូវយល់បញ្ហានិង។ ពន្ធនាគារគ្មានគោលការណ៍ឃុំគាត់ខុសពីគេពីឯកទេ អ្នកដទៃគឺដូចគ្នា»។
បើតាមអ្នកនាំពាក្យពន្ធនាគារព្រៃស អ្នកទោសអាចចេញពីបន្ទប់ឃុំឃាំងដើម្បីលំហែរកាយចំនួនពីរដងក្នុងមួយថ្ងៃគឺ ពេលព្រឹក និង ពេលរសៀល។ លោកបន្តថា អ្នកទោសនៅមណ្ឌលកែប្រែ ម២ មានចំនួនប្រមាណ ៥ពាន់នាក់ នាពេលបច្ចុប្បន្ននេះ។
យោងតាមរបាយការណ៍របស់អង្គការលីកាដូ ឆ្នាំ២០១៥ ចំនួនអ្នកទោស នៅទូទាំងប្រទេសកម្ពុជា ១៥១៨២ នាក់ ដែលចំនួននេះ ធ្វើឱ្យអ្នកទោសរស់នៅក្នុងបន្ទប់មានភាពចង្អៀតយ៉ាងខ្លាំង។
កម្ពុជាមានពន្ធនាគារថ្នាក់ជាតិចំនួន ៤ និងពន្ធនាគារតាមខេត្តចំនួន ២៣ ហើយពន្ធនាគារយោធាមាន ចំនួនមួយ៕