ព្រះរាជាណាចក្រកម្ពុជាមានអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជាច្រើនរូប ដែលមានដូចជាម្តេចសង្ឃរាជ ជួន ណាត លោកបណ្ឌិត កេង វ៉ាន់សាក់ជាដើម។ អ្នកប្រាជ្ញទាំងនោះបានបន្សល់នូវកេរទុកយ៉ាងសន្ធឹកសន្ធាប់ណាស់ ឲ្យកូនចៅខ្មែរសិក្សាពីស្នាដៃរបស់លោករហូតមកពេលបច្ចុប្បន្ន។
តទៅនេះសូមលើកពាក្យសូរដូច «កា កាណ៌ ការ ការណ៍» នៅក្នុងសៀវភៅវចនានុក្រមខ្មែរដែលជាឯកសារគោលក្នុងការនិយាយ និង សរសេរ ដូចតទៅ៖
កា ( ន. ) បំពង់សម្រាប់ដាក់ទឹក ធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌ : កាទឹក ។
កា ( កិ. ) សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ : កាស្រោមសំបុត្រ; សរសេរថែមសេចក្ដីផ្សេងៗ លើខ្នងសំបុត្រជាសញ្ញា : កាខ្នងសំបុត្រ ។
កាណ៌ ការ សំ. ( ន. ) (កណ៌ “ត្រចៀក”) សព្វថ្ងៃប្រើជារាជសព្ទ : ព្រះកាណ៌ “ត្រចៀកស្ដេច” ។
ការ ( កិ. ) មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ : ការសូត្រ, ការអំបោះ…។
ការ ( កិ. ) បិទបាំង, រាំងរា, ឃាត់ខាំង, ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន…។
ការ ( កិ. ) រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា : ការកូន, ការក្មួយ, ស៊ីការ…។
ការ បា.; សំ. ( ន. ) (កាយ៌ ឬ ការ្យ) កិច្ច ឬ អំពើដែលត្រូវធ្វើ : ធ្វើការ, មានការ, ការអ្វីខ្លះ ?
ការ ( ន. ) ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា : សំពះ (កិ.) ការសំពះ (ន.) ជាដើម ។
ការណ៍ កា សំ. បា. ( ន. ) (ការណ) ហេតុ, ដំណើរ : ទាស់ការណ៍ហើយឯង, សេចក្ដីរាយ-ការណ៍ ៕
សម្គាល់៖ ន. គឺ នាម។ កិ. គឺ កិរិយាសព្ទ។ សំ. បា. គឺ បាលីនិងសំស្រ្តឹតលាយគ្នា