ភ្នំពេញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនបង្ខំឱ្យអ្នកសារព័ត៌មានប្រើគោរមងារថ្នាក់ដឹកនាំ ដូច ដែលក្រសួងព័ត៌មានធ្លាប់បានបង្គាប់នោះទេ តែសម្ដេចថាធ្វើយ៉ាងណាឱ្យការសរសរព័ត៌មានត្រូវប្រកបដោយវិជ្ជា ជីវៈ។ នេះបើយោងតាមទំព័រហេ្វសប៊ុកសម្ដេច ហ៊ុន សែន និងការបញ្ជាក់បន្ថែមរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី។
អ្នកវិភាគសង្គមសាទរការបន្ទន់ជំហររបស់នាយករដ្ឋមន្ត្រី តែថាការដកវិញមួយជំហាននេះក៏មិនទាន់ហួសពេលដែរ។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានសរសេរលើទំព័រហេ្វសប៊ុកនៅព្រឹកថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៦នេះថា៖«ចំ ពោះការប្រើប្រាស់គោរមងាររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺគ្មានការចាំបាច់តម្រូវអោយត្រូវតែសរសេរដាក់អោយចំ ”គោ រមងារ”នោះទេ ប្រសិនបើអ្នកសារព័ត៌មានមិនចង់ប្រើ។ តែសូមសរសេរគោរពក្រមសីលធម៌ និងមានប្រភពព័ត៌មានច្បាស់ លាស់ចៀសវាងចែកចាយព័ត៌មានមិនពិត»។
សម្ដេចបានសម្រេចដូចនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី ៨ មិថុនា។
ដូចគ្នានេះដែរលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ជាមួយវិទ្យុស្ត្រីថា៖«សម្តេច ហ៊ុន សែន បានប្រកាសឲ្យនិរាសករសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារសម្តេច ដែលក្រសួងបានជូនដំណឹងកាលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦។ លោក ផៃ ស៊ីផាន៖«ពីព្រោះអ្វីដែលសម្តេចបញ្ជាក់លោកមិនគាំទ្រនូកការនែនាំដែលបង្ខំឲ្យប្រើប្រាស់ គោរមងារ អានិងជាគោលការណ៍ ប៉ុន្តែវិទ្យុខ្លះគេនៅតែប្រើគោរមងារដើម្បីជាការគោរពហើយនិងសីលធម៌ឆ្លើយតប និងវប្បធម៍កម្ពុជាហើយគេប្រើដោយស្ម័គ្រចិត្តរបស់គេបើគេមិនយកវប្បធម៍ខ្មែរជាធំគេមិនធ្វើតាម នោះជារឿងផ្សេងរបស់គេ»។
តាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាននេះ គឺក្រសួងបានបង្គាប់ជាថ្មីឱ្យស្ថាប័នប្រព័ន្ធផ្សព្សព្វផ្សាយទាំងអស់ ត្រូវប្រើគោរមងារថ្នាក់ដឹកនាំកម្ពុជាដោយបានព្រមានថា បើមិនអនុវត្តតាមគឺនៅអំឡុងខែកក្កដានេះ ក្រសួងនឹងមានវិធានការជាក់លាក់លើអង្គភាពដែលមិនបានអនុវត្តន៍។
ចំពោះការប្រកាសទាត់ចោលសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការប្រើប្រាស់គោរមងារសម្តេចនេះ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួរព័ត៌មានមានប្រសាសន៍ខ្លីថា បើប្រមុខរដ្ឋាភិបាលសម្រេចដូច្នេះមានតែអនុវត្តន៍តាម។ លោក អ៊ុក គឹមសេង៖«សម្តេចបានប្រសាសន៍ព្រឹកម៉ិញក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៅគណៈរដ្ឋមន្ត្រីហើយខ្ញុំចាំស្ដាប់រដ្ឋមន្ត្រីក្រសួងនែនាំដែរតែបើនាយករដ្ឋមន្ត្រីលោកមានប្រសាស៍ដល់ថ្នាក់នឹងហើយកិច្ចការវាមានទៅតាមនឹងហើយ។កិច្ចការនេះយើងមិនមែនធ្វើប៉ន្មានថ្ងៃនេះឯណា៎យើងធ្វើតាំងពីប៉ុន្មានខែមុនមកអញ្ចឹងខ្ញុំត្រូវបស្ដាប់ការនែនាំពីរដ្ឋមន្ត្រី»។
ក្រសួងព័ត៌មានបានចេញសេចក្ដីណែនាំម្ដងរួចមកហើយ កាលដើមខែមិថុនា បន្ទាប់មកគេសង្កេតឃើញ បណ្ដាញផ្សាយព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានស្រង់សម្តីអ្នកវិភាគសង្គមមករិះគន់ វាយប្រហារខ្លាំងៗលើមេដឹកនាំកម្ពុជា ហើយក្នុងនោះបណ្ដាញផ្សាយព័ត៌មាន CNN របស់អាមេរិក BBC របស់អង់គ្លេស និង Channel News Asia របស់សិង្ហបុរី បានហៅមេដឹកនាំកម្ពុជាថា យកលំនាំតាមមេដឹកនាំកូរ៉េខាងជើង ដែលជារដ្ឋកុំម្មយនិស្តឯកា។
លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គមមានប្រសាសន៍ថា ការមិនហៅគោរមងារប្រមុខដឹងនាំរដ្ឋាភិបាល និងថ្នាក់ដឹកនាំមិនមែនបានន័យថាប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានមិនគោរពថ្នាក់ដឹកនាំនោះទេ។
លោកបន្តថា ការបន្ទន់ជំហររបស់សម្តេចនៅពេលនេះ គឺជាឆ្លើយតបទៅនិងការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋក្នុងស្រុក។ លោក មាស នី៖«ប្រហែលជារដ្ឋាភិបាលក្រោយពីធ្វើការសម្រេចចិត្តមានការប្រតិកម្មអវិជ្ជមានជាច្រើនទាំងសង្គមហ្វេសប៊ុកសាធារណៈជនជាតិនិងតាមបណ្តាញការសែតអន្តរជាតិឃើញថាចំណាក់ការនេះមិនសូវមានការគាំទ្រពីសធារណជនប៉ុន្មាននោះទេ អញ្ចឹងខ្ញុំគិតថាការប្រកាសរបស់សម្តេចនេះគឺជាការឆ្លើយតបទៅនឹងការរិះគន់ពីសារធារណៈជនច្រើនជាង»។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជាបានព្រះរាជទានគោរមងារ«សម្តេច»ដល់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាចំនួន ៧រូបមានដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចក្រឡាហោម ស ខេង សម្តេចជហ្វាវាំងវរវៀងជ័យអធិបតិស្រឹង្គារ គង់ សំអុល សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ៕