ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជំហរថា នឹងស្ម័គ្រចិត្តជាមនុស្សធម៌ដើម្បីជួយមនុស្សចាស់ជរាចាប់ពីវ័យ៨៩ឆ្នាំ ដែលបាននិងកំពុងប្រកបរបរចិញ្ចឹមជីវិត ដោយកម្លាំងកាយផ្ទាល់ ជាអនិច្រៃ្តយ៍ (ធាក់ស៊ីក្លូ)។
ការប្រកាសនេះធ្វើឡើងក្នុងពេលដែលសម្តេច បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សា សេចក្តីព្រាងច្បាប់ និងព្រាងកម្មវិធីចំនួនពីរនៅព្រឹកថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០១៦។ នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
ថ្មីៗ នេះសម្តេចនាយករដ្ឋមន្ត្រី បានជួយចិញ្ចឹមបុរសចាស់ម្នាក់ជាអ្នកធាក់ស៊ីក្លូ មានអាយុ៨៩ ឆ្នាំអស់មួយជីវិត ក្រោយពីបុរសវ័យចំណាស់រូបនោះ អំពាវនាវសុំជួបសម្តេចដោយផ្ទាល់ ដើម្បីសុំប្រាក់១០០០ដុល្លារ សម្រាប់សង់ផ្ទះរស់នៅឯស្រុកកំណើត ខេត្តស្វាយរៀង។
ការជួយរបស់សម្តេចទទួលបានទាំងការសាទរ និងការរិះគន់។ បន្ទាប់ពីជួយឧបត្ថម្ភបុរសវ័យចំណាស់នេះ គឺនៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានគេយករូបមនុស្សជាច្រើនមកបង្ហោះ ដើម្បីសុំឲ្យសម្តេចជួយដូច បុរសវ័យ៨៩ឆ្នាំនោះដែរ។
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា លោកសាទរចំពោះការប្រកាសរបស់សម្តេច ជួយមនុស្សចាស់ជរាដូចជាអ្នកធាក់ស៊ីក្លូ។ លោកបន្តថានេះគឺជាទង្វើល្អមួយ ប៉ុន្តែមិនបានផ្តល់នូវយុត្តិធម៌សង្គម ដល់មនុស្សទូទៅនោះទេ។
លោក មាស នី៖ «ហេតុអីបានជាយើងគិតត្រឹមតែអ្នកធាក់ស៊ីក្លូ តែកាលណានិយាយពីមនុស្សចាស់ តែកាលពីគាត់អាយុ៨០ហើយ អ្នកណាក៏ជរា អ្នកណាក៏ពិបាកដែរ មិនមែនត្រឹមតែអ្នកធាក់ស៊ីក្លូទេ។ អញ្ចឹងបើសិនជាអាចធ្វើបាន បើគិតមនុស្សចាស់ គឺគិតឱ្យអស់ពីអាយុ៦០ប្លាយឡើងទៅ។ គិតទៅដូចកាលដែលបក្សប្រឆាំងប្រកាសហ្នង ក៏ជាគោលនយោបាយមួយសមស្របដែរ មិនគួរគ្រាន់តែឱ្យក្រុមនេះ ហើយក្រុមនេះឱ្យអត់អញ្ចឹង វាមិនបានផ្តល់សមធម៌សង្គមគ្រប់គ្រាន់»។
លោក មាស នី បន្ថែមថារដ្ឋាភិបាលគួរតែគិតជាប្រព័ន្ធ កុំគិតតែដុំៗអ្នកណាដែល ចេះត្អូញក៏ទទួលបានការជួយ រីឯអ្នកមិនចេះត្អូញក៏ស្ងាត់ មិនបានទទួលផល។
លោក មាស នី៖ «ក្នុងការទាញយកប្រជាប្រិយវាល្អហើយ ប៉ុន្តែការផ្តល់ឱ្យទៅមនុស្សមួយក្រុមវាធ្វើឱ្យមនុស្សភាគច្រើនទៀតមិនសប្បាយចិត្ត អាហ្នឹងក៏ជាគ្រោះថ្នាក់ធំដែរ» ៕