ភ្នំពេញ៖ សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រ នៃគណបក្សសង្គ្រោះជាតិ បានដឹកនាំ តំណាងរាស្ដ្ររបស់លោកមួយចំនួនទៅ សួរសុខទុក្ខ លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំ នៅពន្ឋនាគារព្រៃសរ រយៈពេល៣ខែ។ តាមសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ព័ត៌មានវិទ្យុស្ដ្រី អ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ នឹងទៅដល់ពន្ឋនាគារព្រៃសរ នៅម៉ោង៩ព្រឹកនេះ។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចាប់ខ្លួន ទាំងកណ្ដាលយប់ កាលពីថ្ងៃទី ១០ មេសា ឆ្នាំ២០១៤ ភ្លាមៗ បន្ទាប់ពីលោកចុះពីលើយន្ដហោះ ពីសហរដ្ឋអាមេរិក ពេលនោះ លោក ដកប្រាក់ពី ទូរអេធីអ៊ឹម ដើម្បីយកមកប្រើប្រាស់ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន លោកនៅពេលនោះ។
អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបង្កអស្ថេរភាព សង្គម ហើយពីបទបង្ហោះផែនទីក្លែងក្លាយ។
នៅពេលលោក នៅ សហរដ្ឋអាមេរិក អ្នកតំណាងរាស្ដ្រគណបក្សប្រឆាំងដែលសកម្ម រឿងព្រំដែនរូបនេះ ប្រកាសថាលោក សម្រេចវិលចូលប្រទេសវិញ ដើម្បីមកតតាំងក្ដីនូវអ្វីដែល រដ្ឋាភិបាលបានចោទលោកដូចនេះ។
នៅពេលនាំខ្លួនមកកាន់សាលាឧទ្ធរណ៍ ករណី លោកប្ដឹងសុំនៅក្រៅឃុំ លោក អ៊ុំ សំអាន បានប្រាប់អ្នកសារព័ត៌មានថា រឿងរបស់លោក ជារឿងនយោបាយ ហើយត្រូវតែដោះស្រាយ ឱ្យលោកបាននៅក្រៅឃុំ តាមរយៈនយោបាយ៕