ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកក្កដាក្រសួងបរិស្ថាន និងក្រុមមេធាវីវិស្ណុ បានបើកឱ្យមានការពិគ្រោះយោបល់ទៅលើ ក្រម បរិស្ថានដែល ក្រម បរិស្ថាននេះធ្វើឡើងពង្រឹងការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
ទាំងមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល ក៏ដូចជាដៃគូអភិវឌ្ឍន៍ បានបង្ហាញមោទនៈភាពថា ក្រម បរិស្ថាន ដែលបានរៀបចំនេះនឹងបញ្ឈប់ការបំផ្លាញធនធានធម្មជាតិនៅកម្ពុជាបន្តទៀត។ កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
ថ្លែងក្នុងកម្មវិធី សិក្ខាសាលាថ្នាក់ជាតិលើកទី២ ស្តីពីសេចក្តីព្រាង ក្រម បរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៧ ខែ កក្កដានេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ថា ក្រម បរិស្ថាន ដែលក្រសួងបានបើកឱ្យមានការពិគ្រោះយោបល់នេះគឺមានអត្ថប្រយោជន៍។ លោកបន្តថា មិនត្រឹមតែជួយការពារបរិស្ថានប៉ុណ្ណោះទេ តែក្រមនេះ គឺឈរលើគោលការប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស រក្សានូវភាពសុខដុមរម្យនារបស់ប្រជាពលរដ្ឋ និងសុខភាពប្រជាជន ព្រមទាំងបង្ហាញពីឆន្ទៈរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសទំនើបមួយ។
លោកបានអំពាវនាវឱ្យភាគីដែលពាក់ព័ន្ធនានា ចំណាយកម្លាំងចិត្ត និងប្រាជ្ញា ក្នុងការចូលរួមពិគ្រោះយោបល់ និងបង្ហាញឱ្យចំៗ នូវចំណុច និងបញ្ហាប្រឈមនានា ធ្វើយ៉ាងណាឱ្យតាក់តែងច្បាប់នេះឱ្យបានល្អ ទទួលយកបានពីគ្រប់ភាគី និងដើម្បីធ្វើឱ្យក្រមបរិស្ថាននេះ ក្លាយជាមគ្គុទេស សម្រាប់ស្ថាបនាកម្ពុជាមួយដ៏ទំនើប និងស៊ីវិល័យនាពេលអនាគត។
ជាមួយគ្នានេះ លោកស្រី Claire Vander Varen អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងជាតំណាងរបស់ UNDP ប្រចាំនៅកម្ពុជា បានថ្លែងថា បញ្ហាប្រឈមសំខាន់មួយដែលកម្ពុជាកំពុងជួបប្រទះ នាពេលបច្ចុប្បន្នគឺការបម្រែបម្រួលអាកាសធាតុ។
លោកស្រីថា ការប្រែប្រួលអាកាសធាតុនាំឱ្យមានគ្រោះរាំងស្ងួត ទឹកជំនន់ ការរិចរិលធនធានព្រៃឈើ ដីធ្លី និងធនធានទឹក ដែលបានគម្រាមកំហែងដល់សត្វព្រៃ ជីវៈចម្រុះ ក៏ដូចជាជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋកំពុងរងផលប៉ះពាល់ កាន់តែរងគ្រោះបន្ថែមទៀត។
តំណាងអង្គការសហប្រជាជាតិរូបនេះថ្លែងបន្តថា ក្រមបរិស្ថាន មានប្រយោជន៍ណាស់ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា តាមរយៈការការពារបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ហើយច្បាប់នេះនឹងផ្តល់នូវការពង្រឹងសិទ្ធរបស់ប្រជាពលរដ្ឋ និងផ្តល់នូវព័ត៌មានសំខាន់ៗទាក់ទងនឹងបរិស្ថាន។
ជុំវិញបញ្ហានេះដែរ នាយកប្រចាំប្រទេសរបស់អង្គការមូលនិធិពិភពលោកសម្រាប់ការអភិរក្សធនធានធម្មជាតិ លោក ឈិត សំអាត យល់ថាក្រមបរិស្ថាននេះ គឺពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា។
លោកបញ្ជាក់ថា ក្រមនេះអាចជួយ ធានានូវការអភិវឌ្ឍមួយប្រកបដោយចីរភាព និងនិរន្តភាព ទាក់ទងនឹងវិស័យបរិស្ថាន។ លោកថាអ្វីដែលសំខាន់ មាត្រាមួយចំនួននៃច្បាប់នេះ បានបើកឱ្យមានការចូលរួមពីភាគីដែលពាក់ព័ន្ធ។
លោក ឈិត សំអាត មានប្រសាសន៍បន្តថា កន្លងមកលោកសង្កេតឃើញបញ្ហាបរិស្ថាននៅកម្ពុជា បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដូចជាការកាប់បំផ្លាញព្រៃឈើ ការបំពុលបរិស្ថាន និងការទន្ទ្រានយកដីជាដើម។ លោកថានេះ គឺជាឱកាសល្អមួយដែលរដ្ឋាភិបាលបានរៀបចំបង្កើតក្រមនេះឡើង ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជាឱ្យមាននិរន្តភាព។
លោករំពឹងថា ក្តីកង្វល់របស់លោកទាក់ទងនឹងការពារជីវចម្រុះ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងក្រមបរិស្ថានេះ។
នេះជាលើកទី២ហើយ ដែលក្រសួងបរិស្ថាន និងក្រុមមេធាវីវិស្ណុ បានបើកឱ្យមានការពិគ្រោះយោបល់លើ សេចក្តីព្រាងក្រមបរិស្ថាន។ សេចក្តីព្រាងក្រមបរិស្ថានបង្កើតឡើងក្នុងគោលដៅ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការការពារបរិស្ថាន និងការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានធម្មជាតិ។
បើតាម លោក ឯ វុឌ្ឍី ទីប្រឹក្សាអមក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសតាក់តែងក្រមបរិស្ថាន ក្រមបរិស្ថាននេះត្រូវបានផ្តួចផ្តើមបង្កើតឡើងតាំងពីចុងឆ្នាំ២០១៣ ក្រោយពេលលោករដ្ឋមន្ត្រី សាយ សំអាល់ ឡើងកាន់តំណែង និងចាប់ផ្តើមតាក់តែង នៅនៅចុងឆ្នាំ២០១៤ ហើយក្រមបរិស្ថាននេះ នឹងបញ្ចប់នៅចុងឆ្នាំ២០១៦នេះ។
លោកថាក្រមនេះ នឹងមានការដាក់ទោសទណ្ឌទៅលើអ្នកដែលបំផ្លាញបរិស្ថានផងដែរ ៕