ភ្នំពេញ៖ គណបក្សប្រឆាំងធំមួយនៅកម្ពុជា ស្នើទៅគ.ជ.ប ជួយរៀបចំចុះឈ្មោះបោះឆ្នោតពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលគណបក្សនេះថាបើធ្វើបានគឺស្របឆន្ទៈរបស់ប្រជាជន។ តែអ្នកនាំពាក្យគ.ជ.ប ថាមិន អាចទៅរួចទេព្រោះគ្មានច្បាប់ចែង។ កញ្ញា ជុំ ជោគជាតា ជូនព័ត៌មានលំអិត ៖
គណបក្សសង្គ្រោះជាតិបានស្នើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សុំឲ្យ រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតជូនដល់ពលរដ្ឋខ្មែរ ដែលកំពុងបំពេញការងារ និងកំពុងរស់នៅក្រៅប្រទេស។
លិខិតស្នើសុំរបស់ក្រុមតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ផ្ញើជូនលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្វើនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។
នៅក្នុងលិខិតដាក់ជូនទៅ គ.ជ.ប នោះ គណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីមានការសំណូមពររបស់ពលករខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅបរទេស ហើយក៏ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលត្រូវរៀបចំ ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ការគាំពារប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅឯបរទេស ដូចមានចែងក្នុងមាត្រា៣៣ និងមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ។
តាមលិខិតស្នើរបស់គណបក្សសង្គ្រោះជាតិនេះក៏បានស្នើសុំឲ្យ គ.ជ.ប ជួយរៀបចំការិយាល័យបោះឆ្នោត នៅតាមព្រំដែនខ្មែរ-ថៃ ផងដែរ ដើម្បីងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរជាច្រើនសែននាក់ដែលបានរស់នៅ និងកំពុងធ្វើការនៅក្នុងប្រទេសថៃ ឱ្យបានចុះឈ្មោះបោះឆ្នោត និងអាចមកបោះឆ្នោតបាន។
ក្រៅពីការស្នើសុំនេះ គណបក្សសង្គ្រោះជាតិ ក៏បានស្នើសុំ គ.ជ.ប ឲ្យប្រជាពលរដ្ឋ ដែលមានដូចជាមន្ដ្រីបុគ្គលិកស្ថានទូតខ្មែរផងនោះអាចបានចុះឈ្មោះបោះឆ្នោត ហើយយ៉ាងហោចឲ្យបាននៅតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ប្រចាំប្រទេស និមួយៗផងដែរ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប បានប្រាប់វិទ្យុស្ដ្រីFM102នៅថ្ងៃនេះដែរថា អ្វីដែលគណបក្សសង្គ្រោះជាតិ ធ្វើការស្នើសុំគឺខាង គ.ជ.ប មិនមានសិទ្ធិក្នុងការរៀបចំនោះទេ ព្រោះថា ច្បាប់មិនបានបើកឲ្យរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស។ ចំនុចនេះ លោក បញ្ជាក់ថា បើគ.ជ.ប អនុវត្តនោះ គឺ គ.ជ.ប ធ្វើខុសនិងច្បាប់ហើយ។
លោក ហង្ស ពុទ្ធា ៖«ទីមួយ ខ្ញុំសុំបញ្ជាក់ថា បើគិតជាច្បាប់ ដែលចង់ចង្អុលបង្ហាញថា ត្រូវតែរៀបចំការរិយាល័យចុះឈ្មោះការបោះឆ្នោតនៅក្រៅប្រទេសបាននោះ គ.ជ.ប និងអនុវត្តហើយ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថា ច្បាប់អត់បានបើក ឲ្យរៀបចំការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសទេ។ ចឹងបើចង់អោយច្បាប់ចែងក៏ទាល់តែធ្វើវិសោធនកម្ម»។
ទាក់ទងនឹងរឿងស្នើសុំនេះដែរ លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក មានប្រសាសន៍ថាការ ស្នើសុំរបស់គណបក្សសង្គ្រោះជាតិ គឺ មិនអាចទៅរួចទេព្រោះពុំមានច្បាប់ចែង។
លោក បញ្ជាក់ថា ខាងសង្គមស៊ីវិល ក៏ធ្លាប់បានស្នើសុំឲ្យមានការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែរ តែរឿងនេះ គ.ជ.ប គេថាមិនអាចទៅរួចទេ។
តែបែបនេះក្ដីលោក សំ គន្ធាមី គាំទ្រឱ្យមានយន្តការពិសេសបែបនេះ។
លោក សំ គន្ធាមី៖ «បើសិនបានធ្វើដូច្នេះមែន គឺ ខ្ញុំសប្បាយរីករាយណាស់ អ្នកនៅក្រៅប្រទេសគាត់មានឱកាសចូលរួម ក្នុងវិស័យនយោបាយ ជាពិសេសក្នុងការបោះឆ្នោតជ្រើសរើសតំណាងនៅក្នុងប្រទេសរបស់ខ្លួន ថ្វីត្បិតតែគាត់ធ្វើការនៅក្រៅប្រទេសក៏ដោយ ហើយវាសម្រួលច្រើនដល់ពលករនៅក្រៅប្រទេស…»។
ពលរដ្ឋកម្ពុជា ដែលនៅក្រៅប្រទេសមានដូចជាប្រទេស ថៃជិត៦០ម៉ឺននាក់ នៅម៉ាឡេស៊ី ជាង៣ម៉ឺននាក់ និងនៅកូរ៉េខាងត្បូង៣៥០០០នាក់។ ពលរដ្ឋខ្មែរក៏រស់នៅប្រទេសអាមេរិក អូស្ត្រាលី បារាំង និងបណ្ដាប្រទេសជាច្រើន ទៀតរាប់សែននាក់។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសរៀបចំចុះឈ្មោះបោះឆ្នោត រយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ កញ្ញា ដោយការចុះលើ ប្រព័ន្ធកុំព្យូទ័រ និងផ្ដិតស្នាមេដៃ ៕