en     km
en     km

អ្នករងគ្រោះដោយសារគ្រឿងស្រវឹងចង់ឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅកម្ពុជា

Share

ភ្នំ​ពេញ​៖ អ្នក​​​រង​គ្រោះ​ដោយ​សារ​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​ចង់​ឱ្យ​មាន​វត្ត​មាន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ អំពើ​ហិង្សា​ក្នុង​គ្រួសារ ទំនាស់​រវាង​បុគ្គល​ និង​បញ្ហា​អសន្តិ​សុខ​ផ្សេងៗ តែង​​កើត​មាន​នៅ​ក្នុង​សង្គម​​​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​។​ ពួក​គេ​គិតថា បញ្ហា​អសកម្ម​ក្នុង​សង្គម​ដែលបណ្តាលមកពីគ្រឿងស្រវឹង បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​គ្រួសារ​និង​ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​យ៉ាង​ខ្លាំង​។

law againt alcohol-cover
រូបភាពគ្រោះថ្នាក់ចរាចរណ៍ កើតឡើងកន្លងមកនៅក្នុងប្រទេសកម្ពុជា- រូបភាព៖ ហ្វេសប៊ុក

យុវតី​ម្នាក់​រស់​នៅ​ស្រុក​សេរី​សោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ​ កញ្ញា ហៃ ម៉ាឡៃ មាន​អាយុ ២០ បាន​ឱ្យ​ដឹង​ថា នាង​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ដោយ​សារ​ការ​អូស​ទាញ​ពី​មិត្ត​ភក្តិ​។ គ្រឿង​ស្រវឹង​ធ្លាប់​ពង្វក់​ស្មារតី​នាង​រហូត​ដល់​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន ព្រម​ទាំង​ឈាន​ដល់​ការ​ប្រើ​​ប្រាស់​ពាក្យ​ពុំ​គប្បី​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​ ដោយ​មិន​ខ្លាច​ញញើត​។ យុវតី​រូប​នេះ​យល់​ថា បើ​រដ្ឋាភិបាល​ចេញ​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង​នោះ​ នឹង​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ។ មិនតែប៉ុណ្ណោះ វា​ក៏​មិន​ផ្តល់ឱកាស​​​ឲ្យ​​ក្មេងៗ ហើយ​នឹង​យុវវ័យ​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ព្រោះ​គ្រឿង​ស្រវឹង​ធ្វើ​ឱ្យ​ពួក​គេ​ភ្លេច​កា​រ​សិក្សា និង​​ធ្វើ​ឲ្យ​មាន​ក្មេង​ទំនើង​​នៅ​ក្នុង​សង្គម​កម្ពុជា​។

លោក ផេង ចាន់ដារ៉ា មាន​អាយុ ២៤​ ឆ្នាំ​ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ធ្វើ​ឱ្យ​ពិការ​ជើង​ខាងឆ្វេង​​បន្ទាប់​ពី​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​​បាន​​រៀប​រាប់​ពី​វិប្បដិសារី​របស់​ខ្លួន​ថា «ខ្ញុំ​មានការ​​សោក​ស្តាយ​ជា​ខ្លំាង ដែល​បាន​សេព​គ្រឿង​ស្រវឹង​ដោយ​ពុំ​បាន​គិត​ពិចារណា។ ខ្ញុំ​ចង់​ឱ្យ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ពន្លឿន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹង​ឱ្យ​បាន​ឆាប់​បំផុត​ ដើម្បី​បិទ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ តាម​កញ្ចក់​ទូរទស្សន៍​និង​ទី​សាធារណៈ​ផ្សេងៗ​…។ ​រដ្ឋា​ភិបាល​គួរ​​តម្លើង​ពន្ធ​ឱ្យ​ខ្ពស់​ទៅ​លើ​ក្រុម​ហ៊ុន​ផលិត​គ្រឿង​ស្រវឹង​ ដែល​កំពុង​ពង្វក់​ និង​អូស​ទាញ​ស្មារតី​ប្រជា​ពលរដ្ឋ​កម្ពុជាយើង​»។

អ្នក​ស្រី ធូ ហ៊ាន អាយុ​ជាង ៤០ ឆ្នាំ ជា​ពលរដ្ឋ​រស់​នៅ​ ភូមិ​អូ​បា​​ក្រង​ សង្កាត់​បន្ទាយ​ដី​​ ​ក្រុង​ពោធិ​សាត់​ ខេត្ត​ពោធិ​សាត់​ បាន​​និយាយ​​ថា​​ គ្រឿង​ស្រវឹង​បាន​បង្ករ​បញ្ហា​ស្មុគ្រ​ស្មាញ​យ៉ាង​ច្រើន​ដល់​គ្រួសារ​រ​បស់​អ្នកស្រី​។ ជាង​១០ឆ្នាំ​ហើយ​ដែល​ប្តី​របស់​អ្នក​ស្រី​ពេល​ស្រវឹង​ម្តងៗ​ តែង​​រក​រឿង​ប្រពន្ធ​កូន ប្រើសម្តីត្រគោះបោះបោករហូតដល់ប្រើអំពើហិង្សាវាយដំមកលើរូបអ្នកស្រី។ ស្ត្រី​រូប​នេះ​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ប្រសិន​បើ​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង​​ពិត​មែន ​អំពើ​ហិង្សា​ នឹង​ត្រូវ​បាន​កាត់​បន្ថយ ហើយ​គ្រួសារ​របស់​អ្នកស្រី​ប្រហែល​អាច​មាន​ជីវភាព​ល្អ​ប្រ​សើរ​ជាង​ពេល​បច្ចុប្បន្ន ជា​ពិសេសេ​គ្រឿង​ស្រវឹង​នឹង​មិន​អូស​ទាញ​ចិត្តប្តី​របស់​គាត់​បាន តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មាន​រង្វាន់​ក្នុង​ដប​ស្រា​តាម​ទូរទស្សន៍ទៀត​​ឡើយ​។

រូបតំណាង៖ ឡានក្រុង បើកបុកផ្ទះអ្នកស្រុកនៅសៀមរាប- រូបភាព៖ ហ្វេសប៊ុក
រូបតំណាង៖ ឡានក្រុង បើកបុកផ្ទះអ្នកស្រុកនៅសៀមរាប- រូបភាព៖ ហ្វេសប៊ុក

លោក យ៉ង គឹមអេង ប្រធាន​មជ្ឈ​មណ្ឌល​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​គូសបញ្ជាក់​ថា «គ្រឿង​ស្រវឹង​ ជា​បញ្ហា​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ ដែល​រដ្ឋាភិបាល​ត្រូវ​មាន​វិធាន​ការ​ដោះ​ស្រាយ​ជា​បន្ទាន់ ព្រោះ​គ្រឿង​ស្រវឹង​កំពុង​ពង្វក់​ស្មារតី បង្ករ​បញ្ហា​​សុខ​ភាព និង​សេដ្ឋកិច្ច​របស់​ប្រជាជន​កាន់​តែ​ខ្លាំង»​។ លោក​បាន​បន្ត​ប្រាប់ថា ​«តាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​ជា​ច្រើន​បង្ហាញ​ថា អំពើ​ហិង្សា​ផ្សេងៗ​ក្នុង​គ្រួសារ​ផ្តើម​ចេញ​ពី​ឥទ្ធិពល​គ្រឿង​ស្រវឹង​​ មានពី ៧០​% ទៅ ៨០​%​​នៅ​កម្ពុជា​។ ច្បាប់​​នេះ នឹង​ជួយ​ពង្រឹង​សីល​ធម៌​សង្គម សុខុមាល​ភាព សណ្ដាប់​ធ្នាប់​សាធារណៈ​ ហើយ​ជួយឲ្យ​សង្គម​​មាន​​ការ​​រីក​​ចម្រើន​​»។

សូម​បញ្ជាក់​ថា តាម​ការ​ស្រាវ​ជ្រាវ​ស្ទង់​មតិ​​របស់​អង្គការ​ ចលនា​ដើម្បី​សុខភាព​កម្ពុជា និងអង្គការ​សុខភាព​ពិភពលោក​ ព្រម​ទាំង​ដៃ​គូ​ពាក់​ព័ន្ធ បាន​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​កម្ពុជា ៩៣% ​គាំ​ទ្រ​ឱ្យ​មាន​ការ​ហាម​ឃាត់​ការ​ផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​រូប​ភាព​។ ៩៥% ​ហាម​ឃាត់​កុំ​ឱ្យ​កុមារ​ក្រោម​អាយុ ១៨ ឆ្នាំ​ទិញ​និង​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​។ ក្នុងចំណោមនោះមាន ៧៥ %​ គាំ​ទ្រ​ឱ្យ​រដ្ឋា​ភិបាល​តម្លើង​ពន្ធ​លើ​ផលិត​ផល​គ្រឿង​ស្រវឹង​។

គួរ​រម្លឹក​ផង​ដែរ​ថា គ្រឿង​ស្រវឹង​បាន​បង្ក​ឱ្យ​មនុស្ស​មាន​ជំងឺ​ ២០០ មុខ ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៤ កន្លង​ទៅ គ្រឿង​ស្រវឹង​បាន​បង្ករ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ១៥% នៃ​គ្រោះ​ថ្នាក់​ផ្សេងៗ​ទូ​ទាំង​ប្រទេស​ ហើយ​មាន​មនុស្ស ៣០០ នាក់​បានស្លាប់​​បាត់​បង់​ជីវិត​ដោយ​សារ​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ ទន្ទឹម​គ្នា​នេះ ក្នុង​ឆ្នាំ ២០១៤ កម្ពុជា​បាន​ខាត់​បង់​ថវិកា​ក្នុង​សេដ្ឋកិច្ច​ជាតិ ៥០ លាន​ដុល្លារ​អាមេរិច​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​៕

Share

ព័ត៌មានទាក់ទង

Image