គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានបោះពាក្យថា នឹងចូលប្រជុំសភាវិញ បើ បក្សកាន់អំណាច យល់ព្រមឲ្យសភា បកស្រាយ ពាក្យថាអភ័យឯកសិទ្ធិសភា ហើយហេតុដូចម្ដេចបានជាអ្នកតំណាងរាស្ត្រ មិនអាចប្រើអភ័យឯកសិទ្ធិសភារបស់ខ្លួនបាននោះ។
អ្នកនាំពាក្យបក្សនេះថា បើបកស្រាយមួយត្រឹមត្រូវគឺបក្សសង្គ្រោះជាតិ នឹងបញ្ចប់បើការធ្វើពហិការ ប្រជុំសភា។ ប៉ុន្ដែគណបក្សកាន់អំណាចថា រដ្ឋសភាមិនមានភាពចាំបាច់អ្វីដើម្បីបកស្រាយនោះទេ។ លោក លៀ ស៊ីណា លម្អិតព័ត៌មាន៖
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ នៅថ្ងៃអង្គារនេះបានថ្លែងនៅចំពោះមុខអ្នកគាំទ្រ នៅខាងមុខទីស្នាក់ការគណបក្សនេះ ដែលស្ថិតនៅសង្កាត់ ចក្រអង្រែលើថា គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហររបស់ខ្លួនគឺមិនចូលប្រជុំសភានោះទេ។
លោកបានបញ្ជាក់ថា គណបក្សត្រូវការបកស្រាយបានច្បាស់លាស់ពីអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ដ្រ និងដោះលែងទាំង អ្នកតំណាងរាស្ដ្របក្សប្រឆាំង សកម្មជននយោបាយ មន្ដ្រីសិទ្ធិមនុស្ស និង មន្ដ្រីនៃគណកម្មាធិការរៀបចំការបោះឆ្នោតជាមុនសិន ទើបបក្សប្រឆាំងនេះសម្រេចចូលប្រជុំសភា។
លោក យឹម សុវណ្ណ បញ្ជាក់ថាប្រសិនជាគណបក្សប្រឆាំងនៅតែទទួលរងការគាបសង្កត់ ហើយមិនមានដំណោះស្រាយ គណបក្សសង្គ្រោះជាតិនឹងនៅតែបន្ដការតវ៉ាមិនបញ្ឈប់នោះទេ។
លោក យឹម សុវណ្ណ៖«មុននឹងដំណើរការចូលប្រជុំសភា យើងត្រូវមានដំណោះស្រាយរួម បញ្ឈប់ការប្រើអំពើហិង្សា បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដែលគេមើលឃើញថាប្រព័ន្ធតុលាការនោះ មិនឯករាជ្យក្រោមឥទ្ធិពលអ្នកមានអំណាច»។
ប៉ុន្ដែលោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍មកកាន់វិទ្យុស្ដ្រីនៅថ្ងៃទី ០៥ កក្កដា នេះថា ទោះជាគណបក្សសង្គ្រោះជាតិ ចូលប្រជុំសភាឬមិនចូលគឺជារឿងរបស់ក្រុមបក្សប្រឆាំងនេះ។ តែលោកព្រមានថា ប្រយ័ត្នប្រឈមនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
អ្នកនាំពាក្យរូបនេះថ្លែងចំអកគណបក្សប្រឆាំងថា ទោះជាយកតុលាការមកប៉ុន្មានទៀតក៏គណបក្សនេះនៅតែបដិសេធថាមិនឯករាជ្យដែរ ព្រោះអ្នកធ្វើខុសមិនដែលទទួលថាខ្លួនខុសនោះទេ។ លោកបន្ដថា អ្នកធ្វើខុសត្រូវតែទទួលទោសមិនអាចយកមកដាក់លក្ខណជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ៖«បើតាមតែគាត់ច្បាស់មិនឯករាជ្យហើយ ទោះឯករាជ្យប៉ុន្មានក៏មិនឯករាជ្យដែរ ព្រោះគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះទង្វើដែលគាត់ប្រព្រឹត្ដិល្មើសច្បាប់ហ្នឹង អញ្ចឹងធ្វើម៉េចឲ្យគាត់ពេញចិត្ដ »។
ក្រុមអ្នកវិភាគនិង សហគមន៍អន្តរជាតិ ជាច្រើន បានសម្ដែងការព្រួយបារម្ភ ពីស្ថានភាពនយោបាយនៅកម្ពុជា ដែលពួកគេថា នឹងកាន់តែធ្ងន់ធ្ងរប្រសិនភាគីគណបក្សធំទាំង២ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ មិនអាចវិលមករកតុចរចានិងមានដំណោះស្រាយទាន់សភាពការណ៍ ៕