ភ្នំពេញ៖ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ថ្លែងប្រាប់ដល់ក្រុមអ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ ការកណ្ដាលកាលពីថ្ងៃចន្ទទី ៤ កក្កដា ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជា ស្នើមកគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើការងាររឿងព្រំដែន ឬក៏ចុះព្រំដែនដូចមុនគណបក្សសង្គ្រោះជាតិនឹងពិចារណាលើសំណើនេះ។
ការថ្លែងបែបនេះត្រូវបានអ្នកវិភាគយល់ថា បើទោះបីជាគណបក្សប្រឆាំងយល់ស្របតាមក៏ដោយ តែគណបក្សនេះអាចនឹងមិនបាត់បង់ប្រជាប្រិយភាពនោះទេ ព្រោះបញ្ហាព្រំដែនមិនមែនជាកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
លោក សូ ចន្ថា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបានបញ្ចេញទស្សនៈថា បើទោះបីជាគណបក្សប្រឆាំងយល់ព្រមបញ្ឈប់ការគិតគូពីបញ្ហាព្រំដែន គឺប្រជាប្រិយភាពរបស់គណបក្សនេះ មិនមានប៉ះពាល់អ្វីទេ ដោយសារតែបញ្ហាព្រំដែនមិនមែនជាកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ។
លោកមានប្រសាសន៍បន្តថា ការមិនខ្វល់ខ្វាយពីបញ្ហាព្រំដែន មិនលើកយកបញ្ហាព្រំដែនមកជជែក អាចនឹងធ្វើឱ្យប្រជាពល រដ្ឋអាក់អន់ចិត្ត ឬមិនសប្បាយចិត្ត ប៉ុន្តែគណបក្សនេះអាចលើកយកបញ្ហាសង្គម ឬបញ្ហាអយុត្តិធម៌ផ្សេងៗ និងកម្មវិធីនយោ បាយរបស់ខ្លួនមកធ្វើការឃោសនាដើម្បីបង្កើនប្រជាប្រិយភាព។ លោក សូ ចន្ថា៖«ទស្សនៈខ្ញុំ ខ្ញុំគិតថា ប្រជាប្រិយភាពអាចនឹងនៅទ្រឹង ប្រសិនបើគាត់បង្ហាញជំហរច្បាស់បែបនេះ ក៏ប៉ុន្តែគាត់អាចធ្វើការស្តារប្រជាប្រិយភាពឡើងវិញ នៅពេលដែលគាត់មានកម្មវិធីនយោបាយ ឬគោលនយោបាយជាក់លាក់ ដែលផ្តល់ផលប្រយោជន៍ដល់ជាតិពិតប្រាកដនោះ។
យ៉ាងណាក៏ដោយបក្សប្រឆាំងនេះ មានប្រជាប្រិយភាពខ្លាំង គឺគណបក្សនេះតែងតែវាយប្រហារបក្សកាន់អំណាចពីរឿងព្រំ ដែន និងករណីជនជាតិវៀតណាមរស់នៅប្រទេសកម្ពុជា។
ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម មានប្រសាសន៍ប្រាប់វិទ្យុស្ត្រីថា ប្រសិនបើគណបក្សប្រឆាំងឈប់ខ្វល់ខ្វាយពីបញ្ហាព្រំដែន គណបក្សសង្គ្រោះជាតិអាចនឹងធ្វើឱ្យប្រជាពលរដ្ឋអាក់អន់ចិត្ត ហើយគណបក្សកាន់អំណាចអាចយកមូលហេតុនេះ យកមកវាយប្រហារលើបក្សប្រឆាំងវិញផងដែរ។
លោកមានប្រសាសន៍បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋមិនយល់ និងយកមិនបញ្ហាជាតិជាធំ នោះគណបក្សនេះនឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។ លោក មាស នី៖«នៅក្នុងកាលៈទេសៈនេះ គណបក្សសង្គ្រោះជាតិហាក់ដូចជាមានជម្រើសតិចណាស់ ក៏ប៉ុន្តែការផ្សះផ្សារជាតិជារឿងសំខាន់។ ខ្ញុំមានជំនឿថា ឱ្យតែអ្នកនយោបាយខ្មែរអាចមានបង្ហាញនូវសុឆន្ទៈ នៃការឈានទៅរកការឯកភាពជាតិ ខ្ញុំមានជំនឿថ្ងៃខាងមុខរឿងព្រំដែនវាអាចជារឿងមួយដែលត្រូវធ្វើការបន្តទៀតបានតាមលក្ខណៈច្បាប់អន្តរជាតិ»។
កន្លងមកគណបក្សសង្គ្រោះជាតិតែងតែបង្ហាញជំហរមិនយល់ស្របនឹងការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម ហើយកាលពីឆ្នាំ ២០១៥ លោក អ៊ំ សំអាន និងលោក រៀល ខេមរិន្ទ្រ តែងតែដឹកនាំយុវជនទៅពិនិត្យព្រំដែន(ព្រំដែនជាមួយវៀតណាម)។
ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាអ្នកណាដែលនិយាយបញ្ហាផែនទីក្លែងក្លាយ នឹងត្រូវចាប់ខ្លួនតំណាង រាស្ត្រគណបក្សប្រឆាំងពីររូបត្រូវបានចាប់ខ្លួន និងកំពុងជាប់នៅពន្ធនាការព្រៃស។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសលោកជាច្រើនឆ្នាំ ដោយសារលោកទៅដកតម្រុយបង្គោលព្រំដែនមួយនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ តុលាការបានចោទលោកពីបទញុះញង់ និងរើសអើងជាតិសាសន៍ជា មួយប្រទេសជិតខាង។
កម្ពុជានឹងវៀតណាមមាន ព្រំដែនគោកជាមួយគ្នា ១២៧២គីឡូម៉ែត្រ ។ បច្ចុប្បន្នប្រទេសទាំង ២ នេះបានធ្វើការបោះបង្គោលព្រំដែនរួមជាមួយគ្នាឡើងវិញ ដោយមានបង្គោលជាង ៣០០ហើយ ជិតបោះរួចរាល់ហើយ។
គណបក្សប្រឆាំងធ្លាប់ប្រកាសថា នឹងមិនទទួលស្គាល់ការបោះបង្គោលព្រំដែននេះទេ៕