ភ្នំពេញ៖ តំណាងរាស្ត្រគណបក្សង្គ្រោះជាតិលោក សុន ឆៃ បានថ្លែងថា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់គោលជំហរបន្តវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្ថយកំដៅនយោបាយដែលកំពុងតែតានតឹងនៅសព្វថ្ងៃនេះ ឱ្យមានភាពធូរស្បើយទ្បើងវិញ។
ជាមួយគ្នានេះ លោកបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ បានទំនាក់ទំនងតាមទូរស័ព្ទទៅ សម្តេច ស ខេង អំពីយន្តការបន្តវប្បធម៌សន្ទនារួចហើយ ប៉ុន្តែមិនទាន់ទទួលបានចម្លើយជាវិជ្ជាមាននៅទ្បើយ។
ការថ្លែងបែបនេះធ្វើទ្បើងនៅខាងមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិចាក់អង្រែលើ ព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦នេះ។ យ៉ាងណាក៏ដោយមន្ត្រីម្នាក់នៃបក្សកាន់អំណាចថា គ្មានចរចាអ្វីទេ លុះត្រាតុលាការបញ្ចប់នីតិវិធីរូច រាល់សិន។ ចំណែកអ្នកវិភាគថា ពេលវេលានេះសមនឹងមានការចរចាដើម្បីបញ្ចប់ជំលោះ ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆៃ បានថ្លែងនៅខាងមុខទីស្នាក់ការបក្ស ដែលមានអ្នកគាំទ្ររបស់ខ្លួនជាច្រើនរយនាក់ថា គោលជំហររបស់គណបក្សលោកនៅតែបន្តរក្សាវប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជាដដែល។
តំណាងរាស្ត្ររូបនេះបានបង្ហើបឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានបោះដៃទំនាក់ទំនងទៅថ្នាក់ដឹកកំពូលរបស់គណបក្សប្រជាជនកម្ពុជា គឺសម្តេច ស ខេង ដែលជាប្រធានក្រុមសភាសំឡេងភាគច្រើន ជុំវិញយន្តការបន្តវប្បធម៌សន្ទនា ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិមិនទាន់ទទួលបានចម្លើយវិជ្ជមានណាមួយពីគណបក្សប្រជាជននៅទ្បើយនោះទេ។ លោក សុន ឆៃ៖«ថ្មីៗនេះទៀតថ្នាក់ដឹកនាំរបស់យើងក៏បានទាក់ទងទៅថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនដែរដើម្បីឱ្យក្រុមភាគតិចដែលដឹកនាំក្រុមភាគតិច ក្រុមភាគច្រើនហ្នឹងជួបគ្នាដើម្បីសិក្សាមើលអំពីករណីផ្សេងៗដើម្បីឈានទៅដល់ស្ថានភាពដោះស្រាយឬបន្ធូបន្ថយភាពតានតឹងសព្វថ្ងៃនេះឱ្យបានប្រសើរទ្បើងដើម្បីយើងអាចនឹងត្រទ្បប់ទៅបំពេញការងារសហការគ្នាក្នុងការគិតគូរប្រទេសជាតិយើងទ្បើងវិញ…»។
ប៉ុន្តែលោក សុន ឆ័យ សង្ឃឹមថា គណបក្សប្រជាជននឹង ផ្តល់ចម្លើយជាវិជ្ជមាននៅពេលខាងមុខនេះ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុស្ត្រីនៅថ្ងៃនេះថា វប្បធម៌សន្ទនាអាចបន្តទៅបានលុះត្រាតែដំណើរក្តីរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចប់សព្វគ្រប់នៅតុលាការជាមុនសិន។
លោក សុខ ឥសាន្ត បន្តថាចំពោះស្ថានការណ៍នយោបាយដែលគណបក្សប្រឆាំងថា កំពុងទ្បើងកំដៅនោះ គណបក្សប្រជាជនគ្មានចំណែកដែលត្រូវទៅចចារជាមួយគណបក្សសង្គ្រោះជាតិនោះទេ ព្រោះបញ្ហានេះជារឿងបុគ្គលដែលប្រព្រឹត្តិខុសតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តីលោក សុខ ឥសាន្ត លើកទ្បើងថា គណបក្សប្រជាជនកម្ពុជានៅតែបន្តវប្បធម៌សន្ទនាដដែល គឺគ្រាន់តែរង់ចាំឱ្យដំណើរក្តីរបស់តំណាងរាស្ត្ររបស់បក្សប្រឆាំងចប់សព្វគ្រប់ជាមុនសិន បន្ទាប់មកគណបក្សប្រជាជនកម្ពុជានឹងពិនិត្យមើលលទ្ធភាពបន្តវប្បធម៌សន្ទានបន្តទៀត។ លោក សុខ ឥសាន្ត៖«បច្ចុប្បន្ននេះតុលាការកំពុងតែដំណើរការនីតិវិធីរបស់តុលា ការហើយ អញ្ចឹងយើងមិនមានហេតុផលអីដើម្បីទៅជជែកជាមួយគាត់ដើម្បីឱ្យមានឥទ្ធិពលទៅដល់ដំណើការនីតិវិធីរបស់តុលាការទេ ពិនិត្យលទ្ធភាពក្នុងការបន្តវប្បធម៌សន្ទនាបានន័យថាវប្បធម៌សន្ទនាមិនទាន់ងាប់ទេ គ្រាន់តែវាសន្លប់មួយរយៈទេ សន្លប់មួយរយៈដោយទុក ឱ្យតុលាការនឹងគេដំណើរការនីតិវិធីឱ្យវាស្របទៅតាមស្ថាប័នតុលាការជាស្ថាប័នឯករាជ្យ ដោយចប់នីតវិធីអស់ជាមួយនឹងបុគ្គលប៉ុន្មាននាក់រួចហើយ អាហ្នឹងចាំយើងមើលលទ្ធភាពបន្តទៀតបាទ»។
ជុំវិញការលើកទ្បើងខាងលើនេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ការវិលត្រទ្បប់ទៅរកតុចាចាររវាងគណបក្សនយោបាយធំៗទាំងពីរនៅក្នុងរដ្ឋសភា គឺជារឿងចំបាច់ដែលជាដំណើរឈានទៅការចាប់ផ្តើមឱ្យស្ថានភាពនយោបាយធូរស្បើយទ្បើងវិញ។ លោក សូ ចន្ថា បន្ថែមថា វប្បធម៌សន្ទនាបន្តទៅបានលុះត្រាតែអ្នកនយោបាយតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយបើមិនដូច្នោះទេវប្បធម៌សន្ទានានឹងមិនអាចបន្តទៅបាននោះទេ។
លោក សូ ចន្ថា គិតថាបើគ្មានការចរចាទេ គឺមានហានិភ័យចំពោះការអភិវឌ្ឍន៍ប្រទេសជាតិ និងការឯកភាពជាតិ។ លោកបានផ្តល់អនុសាសន៍ថា ដើម្បីអាចឱ្យគណបក្សទាំងពីរអាចបន្តវប្បធម៌សន្ទនាបាននោះមានដូចជា៖ «ខ្ញុំគិតថាបក្សទាំងពីរអាចធ្វើការបោះដៃគ្នាចចារគ្នាពិភាក្សាគ្នាដោយឈរលើឧត្តមផលប្រយោជន៍ជាតិ នោះទើបអាចជម្រុញឱ្យស្ថានការណ៍នយោបាយប្រសើរជាមុនរឿងទី០១ ចំនុចទី០២ កម្ពុជាយើងជាប្រទេសប្រជាធិបតេយ្យ ប្រទេសនីតិរដ្ឋដូច្នេះត្រូវយកច្បាប់មកអនុវត្តជាចាំបាច់ ច្បាប់នោះត្រូវតែរឹងមាំង ត្រូវតែខ្លាំង ហើយច្បាប់នោះជាច្បាប់ដែលស្តង់ដាតែមួយ សូមអ្នកនយោបាយមិនត្រូវយកច្បាប់មកធ្វើជាឧបករណ៍នយោបាយដើម្បីដាក់សម្ពាធ ឬដាក់បន្ទុកទៅលើគណបក្សណាមួយនោះទេ»។
ចំពោះសហគមន៍អន្តរជាតិ ក៏បានទទូចឱ្យគណបក្សទាំងនេះជួបគ្នាឡើងវិញ។ សហគមន៍ជាតិ គឺសហភាពអឺរ៉ុប និងអាមេរិកគំរាមផ្ដាច់ជំនួយ បើស្ថានភាពនយោបាយនៅតែបន្តឡើងកំដៅទៀតនោះ។
សូមជំរាបថា វប្បធម៌សន្ទនាដែលបង្កើតទ្បើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានបង្កើតទ្បើងកាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៥ ប៉ុន្តែវប្បធម៌សន្ទនានេះ បានផ្អាកទៅវិញនៅពេលលោក សម រង្ស៊ី និរទេសខ្លួនចេញទៅស្នាក់នៅក្រៅប្រទេស ដោយសារមានដីការចាប់ខ្លួនលោក ករណី បណ្ដឹងរបស់អតីតរដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង និងបន្ទាប់ពីលោកមានជំលោះជាមួយ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕