en     km
en     km

ក្រសួង​កិច្ចការ​នារី​បង្ហាញ​ពី​វិធីសាស្ដ្រ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ តែ​ NGO​ ថា​ប៉ូលិស​យុត្តិធម៌​មាន​ភាព​ធូររលុង🔊​

Share

​នៅ​ថ្ងៃនេះ​ មន្ត្រី​ច្បាប់​ក្រសួង​កិច្ចការ​នារី​បាន​ ផ្ដល់​គំនិត​ និង​វិធីសាស្ត្រ​ជា​ច្រើន​ដល់​ អង្គការ​ធ្វើការ​ងារ​លើ​ស្ត្រី​ អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ ហើយ​តាម​រយៈ​ការ​ឡើង​ធ្វើ​បទ​បង្ហាញ​របស់​អ្នក​ច្បាប់​ក្រសួង​នេះ​ គឺ​អង្គការ​ស្ត្រី​មួយ​ចំនួន​ និង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ ដែល​បាន​ចូលរួម​ បាន​យល់​ដឹង​ថែម​ទៀត​ ប៉ុន្តែ​ ពួក​គាត់​នៅ​តែ​ទទូច​ថា​ អំពើ​ហិង្សា​នៅ​តែ​បន្ត​កើត​មាន​ ដោយសារ​មន្ត្រី​យុត្តិធម៌​មាន​ភាព​ធូររលុង​ ។​ សូម​ស្ដាប់​ សេចក្ដី​រាយ​ការ​ណ៌​បន្ថែម​ពី​កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

 

ministry-woman
​កិច្ចប្រជុំ​ពិភាក្សា ​ស្ដី​ពីការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ដោយ​ផ្ដោត​លើ​យុទ្ធសាស្ដ្រ​ទប់ស្កាត់​បឋម​ នៅ​ថ្ងៃ​ ច័ន្ទ​ ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៦

​នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ដោយ​ផ្ដោត​លើ​យុទ្ធសាស្ដ្រ​ទប់ស្កាត់​បឋម​ នៅ​ថ្ងៃ​ ច័ន្ទ​ ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី​ លោក​ ស្រី​ ស​ ស៊ី​ណែ​ត​  បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា​ នៅ​ក្នុង​ផែនការ​សកម្មភាព​ជាតិ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​ ២០១៤-​ ២០១៨​ ក្រសួង​កិច្ចការ​នារី​ ដែល​បាន​អនុវត្ត​ គឺ​ខាង​ក្រសួង​ បាន​សម្រេច​បណ្ដុះ​ និង​ពង្រឹង​មន្ដ្រី​អ្នក​ផ្ដល់​សេវា​ ដល់​មន្ដ្រី​ប៉ូ​លី​ស​ស្រុក​ ខេត្ត​ចំនួន​ពីរ​ គឺ​ ខេត្តសៀមរាប​ និង​ខេត្តកំពង់ធំ​ ។​

​លោកស្រី​ ស​ ស៊ី​ណែ​ត​ បានឱ្យ​ដឹង​បន្ថែម​ថា​ ៖​ «​អ្វី​ដែល​យើង​ធ្វើ​ជាមួយ​និង​ប៉ូ​លី​ស​ស្រុក​ គឺ​ យើង​ផ្ដល់​ វគ្គ​បណ្ដុះបណ្ដាល​ដល់​ក្រុមការងារ​ទៅ​ឱ្យ​ក្រុមការងារ​របស់​យើង​ ហើយ​ឱ្យ​ក្រុមការងារ​របស់​យើង​ គាត់​យក​ទៅ​បន្ដ​បន្ថែម​ទៀត​ ទាក់ទង​នឹង​ការ​ពង្រឹងសមត្ថភាព​ផ្នែក​ច្បាប់​…››​។​

​​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ ស្រី​ ស​ ស៊ី​ណែ​ត​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ដើម្បី​ធានា​និរន្ដ​ភាព​ ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​នេះ​ គឺ​ថ្ងៃ​ខាង​មុខ​នេះ​ ក្រសួង​កិច្ចការ​នារី​  នៅ​មានការ​បង្កើត​បណ្ដាញ​អ្នក​ផ្ដល់​សេវា​ ដូច​ជា​ ភ្នាក់ងារនគរបាល​យុ​ត្ថិ​ធម៌​ មន្ទីរ​កិច្ចការ​នារី​ ជន​បង្គោល ក្រសួង​សង្គមកិច្ច​ និងក្រសួងសុខាភិបាល​ ជាដើម។​

sor-Sineat
​ ​ អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី​ លោក​ ស្រី​ ស​ ស៊ី​ណែ​ត

លោក​ ស្រី​ ស​ ស៊ី​ណែ​ត ៖«​ទាក់ទង​និង​និរន្ដ​ភាព​តទៅ​ យើង​មានការ​បង្កើត​បណ្ដាញ​អ្នក​ផ្ដល់​សេវា​។​ បណ្ដាញ​អ្នក​ផ្ដល់​សេវា​ហ្នឹង​ គឺ​យើង​កំពុង​ដំណើរការ​ មាន​ន័យ​ថា​ គឺ​យើង​ យក​បណ្ដាញ​ដែល​មាន​ស្រាប់​ គណៈ​ក​ម្មា​ការពិគ្រោះ​យោបល់​ កិច្ចការ​នារី​ ស្ដ្រី​ និង​កុមារ​ នៅ​ថ្នាក់​ស្រុក​ ឬ​ក៏​នៅ​ថ្នាក់​ឃុំ​ …»​ ។​

​ទាក់ទង​នឹង​ការ​ពង្រឹង​ និង​ការ​បណ្ដុះបណ្ដាល​មន្ដ្រី​អ្នក​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ ទប់ស្កាត់​និង​អំពើ​ហិង្សា​លើ​ស្ដ្រី​នេះ​ដែរ​ លោក​ ស្រី​  រស់​ សុភាព​ នាយិការ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ បាន​លើក​ឡើង​ដែរ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​កុមារ​ នៅ​តែ​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ទោះជា​ក្រសួង​កិច្ចការ​នារី​ បាន​ដាក់​ចេញ​នូវ​ផែនការ​ទប់ស្កាត់​ ជា​ហូរហែរ​ក៏​ដោយ​ ។​

​លោក​ ស្រី​  រស់​ សុភាព​ ៖​ «​ខ្ញុំ​ឃើញ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​កុមារី​ ហាក់ដូចជា​នៅ​តែ​មាន​បន្ដ​ ឃើញ​នៅ​លើ​ផ្សាយ​ព័ត៌មាន​ ឬ​ នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម​ យើង​ឃើញ​មាន​ច្រើន​…»​ ។​

ros-sopheap
លោក​ ស្រី​ រស់​ សុភាព​ នាយិការ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​

លោក​ ស្រី​ រស់​ សុភាព​ បន្ដ​លើក​ឡើង​អំពី​មូលហេតុ​ ដែល​នៅ​តែ​មានការ​កើនឡើង​នេះ​ថា​ ដោយសារ​តែ​ ការ​អនុវត្ដ​ច្បាប់​នៅ​មាន​កម្រិត​ ។​

​លោក​ ស្រី​  រស់​ សុភាព​ ៖​ «​ខ្ញុំ​មើលឃើញ​បញ្ហា​ដែល​នៅ​តែ​កើតឡើង​ហ្នឹង​ គឺ​វា​អាច​ដោយ​ពាក់ព័ន្ធ​ទៅ​លើ​ ការ​អនុវត្ត​ច្បាប់​របស់​យើង​ដូច​ថា​ការ​ផ្សព្វផ្សាយ​បាន​ត្រឹមតែ​ផ្សព្វផ្សាយ​នៅ​ពេល​ដែល​មាន​ហេតុការណ៍​ហ្នឹង​កើតឡើង​…»​ ។​

​នាយិការ​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ដដែល​ បាន​លើក​ឡើង​បញ្ជាក់​បន្ថែម​ថា​ អំពើ​ហិង្សា​អាច​លុប​បំបាត់​បាន​ ទាល់តែ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​ដោះស្រាយ​ និង​អនុវត្ត​ ពិសេស​ក៏​ត្រូវ​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ី​វិល​ផង​ដែរ​ ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​ និង​ពិភាក្សា​រក​វិធីសាស្ដ្រ​ដោះស្រាយ​អំពើ​ហិង្សា​លើ​ស្ដ្រី​ ដែល​កំពុង​តែ​កើត​មាន​នេះ​។

​គួរ​បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​ ក្រៅពី​ការ​បង្ហាញ​ពី​នីតិវិធី​សាស្ដ្រ​របស់​ក្រសួង​កិច្ចការ​នារី​ ក៏​មាន​ក្រសួង​ចំនួន​៣​ទៀត​សំខាន់​ គឺ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​:​ រួម​ទាំង​ក្រសួង​ព័ត៌មាន​ផង​ដែរ​ ដែល​ពន្យល់​អំពី​វឌ្ឍនៈភាព​ និង​បញ្ហា​ប្រឈម​ទាំងឡាយ​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ ក្នុង​ការ​លើកកម្ពស់​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ទប់ស្កាត់​អំពើ​ ហិង្សា​លើ​ស្ដ្រី​ មុន​ពេល​អំពើ​ហិង្សា​នេះ​ កើតឡើង​ ។​

​នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​តំណាង​ មន្ទីរ​កិច្ចការ​នារី​ ខេត្តសៀមរាប​ និង​ខេត្តកំពង់ធំ​ និង​តំណាង​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំង​៤​ ដែល​ធ្វើការ​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ដ្រី​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការ​អនុវត្ត​ និង​មេរៀន​ដែល​បាន​រៀនសូត្រ​ អំពី​ការ​ឆ្លើយ​តប​ របស់​ពួក​គេ​ចំពោះ​អំពើ​ហិង្សា​លើ​ស្ដ្រី​ និង​ក្មេង​ស្រី​ដែល​ស្ថិត​នៅ​ក្រោម​ផែនការ​ថ្នាក់​ ជាតិ​ផង​ដែរ​ ៕

Share

ព័ត៌មានទាក់ទង

Image