ភ្នំពេញ៖ សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចទាត់ចោលបណ្ដឹងទាស់ របស់ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ចំពោះការសុំឱ្យតុលាការជាន់ខ្ពស់នេះ បដិសេធការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ឱ្យមេបក្សប្រឆាំងចូលខ្លួនបំភ្លឺរឿងនាង ខុម ចាន់តារា ហៅស្រីមុំ។ ការបដិសេធនេះ ក៏ជួនពេលលោក កឹម សុខា មិនបានបង្ហាញខ្លួនទៅកាន់សាលាក្ដីនៅថ្ងៃនេះដែរ។ ករណីនេះ នាំឱ្យលោក កឹម សុខា មិនចូលខ្លួនចំនួន ៦ លើកមកហើយ។
សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ គឺជាការបើកផ្លូវឱ្យសាលាដំបូងរាជធានីភ្នំពេញ បន្តចាត់ការលើលោក កឹម សុខា បន្ថែមទៀត។ គណបក្សសង្គ្រោះជាតិបានហៅសេចក្ដីសម្រេចនេះថា មានចរឹតនយោបាយ ។ ក្រុមមេធាវីរបស់លោក កឹម សុខា និយាយថា នឹងប្ដឹងសារទុក្ខទៅតុលាការកំពូលទៀត។
សភាស៊ើបសួរសាលាឧទ្ធរណ៍បានសម្រេចច្រានចោលបណ្ដឹងទាស់ របស់ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ដែលសុំឲ្យសភាស៊ើបសួរសាលាឧរណ៍ ទម្លាក់ចោលនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ លើប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ។
លោក សំ សុគង់ មេធាវីការពារក្ដីឲ្យលោក កឹម សុខា មួយរូបក្នុងចំណោមមេធាវីទាំងប្រាំរូប បានឲ្យវិទ្យុស្ដ្រីដឹងនៅថ្ងៃច័ន្ទ ទី០៤ កក្កដានេះថា សភាស៊ើបសួរសាលាឧទ្ធរណ៍បានប្រកាសទាត់ចោលដោយចាត់ទុកបណ្ដឹងទាស់របស់ក្រុមមេធាវីការពារក្ដីលោក កឹម សុខា ថាមិនមានលក្ខណៈត្រឹមត្រូវ។
លោក សំ សុគង់ បញ្ជាក់ថា ការដែលសភាស៊ើបសួរសាលាឧទ្ធរណ៍បដិសេធដូចនេះ គឺក្រុមមេធាវីមានតែបន្ដប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលប៉ុណ្ណោះ។
លោកមេធាវីបន្ថែមថា មុនពេលដែលក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ទាំងប្រាំរូបសម្រេចដាក់បណ្ដឹងទាស់ នីតិវិធីរបស់តុលាការរាជធានីភ្នំពេញ គឺក្រុមមេធាវីបានជួបពិភាក្សាគ្នា សិក្សាលើនីតិវិធីលើលោក កឹម សុខា ដែលធ្វើឡើងដោយសាលាដំបូងរាជធានីភ្នំពេញ គឺមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ទើបក្រុមលោកសម្រេចដាក់បណ្ដឹងទាស់នេះ ។
ជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ដោយបានហៅសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ថា មានចរឹតនយោបាយ មានភាពលម្អៀង ដែលបក្សប្រឆាំងនេះថា ប្រកបដោយ អគតិទាំង៤ គឺ ឆន្ទាគតិ ទោសាគតិ មហោគតិ ភយាគតិ។ គណបក្សនេះថា អគតិទាំង ៤យ៉ាងនេះ នាំឱ្យ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ ធ្វើការអនុវត្ត សន្និដ្ឋាន និងធ្វើសេចក្ដីសម្រេចដោយរំលោភលើនីតិវិធី និងច្បាប់ជាធរមានរហូតដល់ហ៊ាន រំលោភលើរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលទៀតផង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបាននិយាយថា មូលហេតុដែលលោក កឹម សុខា មិនចូលខ្លួន ទៅតាមដីកាកោះរបស់សាលាឧទ្ធរណ៍ គឺដោយសារតែ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ប្រកាន់ជំហរថា លោកមិនមានកំហុស ហើយលោកមិនអាចទៅបង្ហាញខ្លួនដោយរំលោភលើរដ្ឋធម្មនុញ្ញនោះដែរ ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថាលោក កឹម សុខា ក៏មិនបារម្ភពីការចាប់ខ្លួននោះដែរព្រោះលោកមិនបានប្រព្រឹត្ដអ្វីទេ។ លោក យឹម សុវណ្ណ៖«លោក កឹម សុខា គាត់នៅតែរក្សាជំហរគឺគាត់មិនទៅទេ គឺប្រគល់ឲ្យមេធាវីទៅ យើងមិនបានធ្វើអ្វីខុសហើយក៏មិនមានការបារម្ភអីទេ ជាធម្មតារឿងកើតឡើងអញ្ចឹងហើយគឺត្រូវតែមានដំណោះហើយដំណោះស្រាយពេលអង្កាល់យើងចាំមើលសិន»។
យ៉ាងណាក៏ដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន បានថ្លែងព្រមានដោយមិនបញ្ចេញឈ្មោះថា បើអ្នក ឯងមិនទៅដើររកគុក គឺគុកនឹងមករកអ្នកឯង ។ សម្តេច ហ៊ុន សែន៖«លោកឯង ជាប់គុកគ្មានថ្ងៃចេញរួចទេ ប្រាប់ឱ្យហើយ «អាគុក» កុំព្រហើនហ្នាស់។ និយាយឱ្យច្បាស់ ហើយសូមឱ្យលោកអស់ទូតនានា ប្រាប់ឱ្យហើយណាស់ រឿងបុគ្គលជាមួយ នឹងច្បាប់អត់មានមកញ៉េញ៉ុមទេ ខ្ញុំអត់មានធ្វើបក្សនយោបាយ ហើយរឿងនេះកំពុងតែដំណើការតុលាការនៅពេលក្រោយបើ សិនជាតុលាការបញ្ជា គឺប្រហែលជាកម្លាំងប៉ុន្មានក៏ទប់វាមិនជាប់ដែរបើគេចង់ចាប់នោះ លោកឯងស៊ីបាយនឹងចានស្រាក់គេមើលឃើញតើ នែកុំអាលព្រហើន គេមិនទាន់ដល់ម៉ោងដែលគេធ្វើទេ តែគេដល់ម៉ោងធ្វើគេធ្វើហើយកុំឆ្ងល់ពេកទប់អត់ជាប់ទេ កុំព្រហើន អាហ្នឹងនិយាយឱ្យច្បាស់ខ្លួនឯងកំពុងខ្លួនងកំពុងឃុំខ្លួនសោះហ្នឹង។ ឃុំខ្លួនឯងគុកខ្លួនហើយ ហើយលោកមិនទៅរកគុក ក៏គុកមករកលោកដែរអាហ្នឹងខ្ញុំប្រាប់ឱ្យហើយទៅ»។
គួររំលឹកថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅឲ្យចូលខ្លួនចំនួន ៥លើក ករណីនាង ខុម ចាន់តារា ទីហៅស្រីមុំ។ ប៉ុន្តែលោក កឹម សុខា មិនបានចូលទៅតាមការកោះហៅទាំងនោះទេ បើគិតទាំងពេលនេះផងលោកបដិសេធដីកាកោះនោះចំនួន ៦លើកមកហើយ ក្រោមហេតុផលថា លោកមានអភ័យឯកសិទ្ធិសភា៕